វេទិកា​សង្គម​ស៊ីវិល-ពលរដ្ឋ​អាស៊ាន​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សិទ្ធិមនុស្ស

ដោយ មាន ឫទ្ធិ
2017-11-13
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់​អាវ​ស] ចាប់​ដៃ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​គណៈប្រតិភូ ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ នា​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់​អាវ​ស] ចាប់​ដៃ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​គណៈប្រតិភូ ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ នា​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧។ AFP


សម្ភាស​អ្នកស្រី ស្រី សុធាវី អំពី​ការ​អំពាវ​នាវ​របស់​អង្គការ​សង្គម​ស៊ីវិល ទៅ​ថ្នាក់ដឹកនាំ​អាស៊ាន


ស្រប​ពេល​ដែល​ក្រុម​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​នានា ក្នុង​សមាគម​អាស៊ាន កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មកពី​ប្រទេស​អាស៊ាន​ទាំង​១០​នេះ បូករួម​ទាំង​ប្រទេស​ទីម័រខាងកើត ផង ក៏​បាន​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​វេទិកា​សង្គម​ស៊ីវិល​អាស៊ាន និង​ពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧។ វេទិកា​នេះ កំពុង​រៀបចំ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដែល​បញ្ជាក់​អំពី​សំណូមពរ និង​ក្តី​បារម្ភ​នានា របស់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អាស៊ាន រួម​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ផង ដើម្បី​ដាក់​ជូន​ទៅ​ក្រុម​មេដឹកនាំ​អាស៊ាន ធ្វើ​ការ​ពិចារណា និង​លើក​យក​មក​អនុវត្ត។

ក្រុម​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល ចលនា​សង្គម អង្គការ​មិន​មែន​រដ្ឋាភិបាល​តំណាង​ឲ្យ​ក្រុម​យុវជន កុមារ ស្ត្រី ពលករ មនុស្ស​វ័យ​ចំណាស់ ជនជាតិ​ដើម​ភាគតិច ជន​ពិការ ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​ក្រុម​មនុស្ស​មក​ពី​វិស័យ​ផ្សេង​ទៀត រួម​ទាំង​ក្រុម​អ្នក​សិក្សា​មក​ពី​បណ្ដា​ប្រទេស​ចំនួន​១០ ក្នុង​តំបន់​អាស៊ាន បូករួម​ទាំង​ប្រទេស​ទីម័រខាងកើត បាន​ជួប​ប្រជុំ​គ្នា​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​លើក​ទី​១២ របស់​ខ្លួន ហៅ​ថា វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧។ ពួកគេ​រៀបចំ​ឲ្យ​មាន​វេទិកា​នេះ​ឡើង ដើម្បី​បង្ហាញ​អំពី​កម្លាំង​សាមគ្គីភាព​របស់​ពួកគេ​នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​នានា​ដែល​សមាគម​អាស៊ាន​កំពុង​ជួបប្រទះ ហើយ​ដាក់​ចេញ​នូវ​ជម្រើស​ដែល​អាច​សម្រេច​បាន​ដទៃ​ទៀត​ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​នេះ​នៅ​ពេល​អនាគត​យ៉ាង​ពិត​ប្រាកដ។

​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​វេទិកា​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧​នេះ លើក​យក​មក​ពិភាក្សា និង​ស្វែង​រក​ដំណោះស្រាយ​រួម​មាន បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​អំពើ​កេងប្រវ័ញ្ច​របស់​សាជីវកម្ម និង​ក្រុម​អ្នក​មាន​អំណាច​បំឡាស់​ទី​ការងារ និង​ទេសន្តរប្រវេសក៍​ចម្រុះ ការងារ​សមស្រប បម្រែបម្រួល​ការ​ការពារ​សង្គម និង​ជីវិត ដើម្បី​ភាព​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​ទាំង​អស់​គ្នា សន្តិភាព និង​សន្តិសុខ​មនុស្ស ដែល​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​កំពុង​ជួប​ប្រទះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា របស់​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧​នេះ ឲ្យ​ដឹង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន បាន​គូស​បញ្ជាក់​អំពី​អាកប្បកិរិយា​របស់​សមាគម​អាស៊ាន ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​រាប់​បញ្ចូល​នូវ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ និង​ក្រុម​មនុស្ស​ដែល​បម្រើ​ឲ្យ​វិស័យ​ទន់ខ្សោយ​មួយ​ចំនួន ចាប់​តាំង​ពី​ការ​បង្កើត​ឲ្យ​មាន​សមាគម​អាស៊ាន​នេះ​ឡើង​អស់​រយៈពេល ៥០​ឆ្នាំ​មក​នេះ។ ពួកគេ​បាន​អំពាវនាវ​ឲ្យ​មាន​យន្តការ​ថ្នាក់​តំបន់​មួយ ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សិទ្ធិ និង​ក្តី​បារម្ភ​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន​នេះ ទៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍ និង​សមាហរណកម្ម​ថ្នាក់​តំបន់​របស់​អាស៊ាន។

​នាយិកា​គណៈកម្មាធិការ​កណ្ដាល​ប្រចាំ​តំបន់​របស់​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន លោកស្រី ហេឡែន ប៉ាក្លារិន (Jelen Paclarin) សម្ដែង​នូវ​សេចក្ដី​សោកស្ដាយ​ចំពោះ​ការ​រួម​ចុះ​នៃ​លំហ​នៃ​ការ​ចូលរួម​របស់​ពលរដ្ឋ សង្គម​ស៊ីវិល និង​អង្គការ​តំណាង​ប្រជាពលរដ្ឋ​នានា​នៅ​ក្នុង​ដំណើរការ និង​យន្តការ​របស់​សមាគម​អាស៊ាន។ អ្នកស្រី​ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន រៀបចំ​ឲ្យ​មាន​សន្និសីទ​នេះ​ឡើង ដោយ​សង្ឃឹម​ថា ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​នេះ នឹង​ទទួលយក​នូវ​សំណូមពរ​របស់​ពួកគេ ហើយ​ទទួល​ស្តាប់​នូវ​សំឡេង និង​ក្តី​បារម្ភ​នានា​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ។

អ្នកស្រី ស្រី សុធាវី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​នេះ បាន​គូស​បញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​ពិនិត្យ​មើល​ឡើងវិញ​នូវ​គោលនយោបាយ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សមាគម​អាស៊ាន ដែល​អ្នកស្រី​យល់​ថា បាន​ក្លាយ​ជា​លេស​មួយ​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​នានា ក្នុង​តំបន់​អាស៊ាន នៅ​បន្ត​សម្ងំ​ស្ងៀម​មិន​សូវ​អើពើ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ផ្ដាច់ការ​នានា​ក្នុង​តំបន់​អាស៊ាន​នេះ។ អ្នកស្រី ស្រី សុធាវី បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ទីក្រុង​ម៉ានីល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នេះ វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន នឹង​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ជុំវិញ​ការ​អនុម័ត​សេចក្ដី​ថ្លែងការណ៍​រួម​របស់​វេទិកា​នេះ ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​ការបរទេស​ហ្វីលីពីន ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ ធ្វើការ​ដើម្បី​ចែក​រំលែក​ឯកសារ​នេះ​ជូន​បណ្ដា​ក្រុម​មេដឹកនាំ​អាស៊ាន ស្ថាប័ន​អាស៊ាន និង​អង្គទូត​របស់​ប្រទេស​ពាក់ព័ន្ធ​នានា យក​មក​ធ្វើការ​ពិចារណា។ អ្នកស្រី​ថា បញ្ហា​វិបត្តិ​សិទ្ធិមនុស្ស និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ដែរ៖ «»។

ដោយ​ឡែក​សម្រាប់​លោក ប៉ែន សុមុន្នី នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (ហៅ​កាត់​ថា CVS) ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ លោក​បាន​ថ្លែងប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពី​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ថា បច្ចុប្បន្ន​វេទិកា​នេះ​កំពុង​ប្រមូល​ធាតុ​ផ្សំ និង​អនុសាសន៍​នានា ដែល​បាន​ប្រមូល​ពី​កិច្ចប្រជុំ​ពិភាក្សា​គ្នា​កន្លង​មក​ក្នុង​រយៈពេល ៤​ថ្ងៃ​នេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​វេទិកា​នេះ ដែល​ក្នុង​នោះ​ក៏​រួម​មាន​បញ្ហា​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា ផង​ដែរ៖ «»។

​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ​លើក​ទី​៣១ គេ​សង្កេត​ឃើញ​មាន​ក្រុម​មនុស្សម្នា​រាប់​រយ​នាក់ តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ចលនា​សង្គម​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន​ឆ្នាំ​២០១៧​នេះ បាន​នាំ​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន​នៅ​វិមាន​អនុស្សាវរីយ៍​អំណាច​ពលរដ្ឋ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​នីតិរដ្ឋ និង​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​ខ្វះ​យុត្តិធម៌ និង​អសមភាព​នៅ​ក្នុង​តំបន់។ ពួកគេ​ក៏​បាន​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​សមាគម​អាស៊ាន និង​ឲ្យ​មាន​ការ​ផ្ដោត​លើ​ទិដ្ឋភាព​សង្គម​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

​វេទិកា​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អាស៊ាន នឹង​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ តាម​រយៈ​ការ​ប្រកាស​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ជាមួយ​នឹង​ការ​សន្យា​ពី​សំណាក់​ក្រុម​អ្នក​ចូល​រួម​ថា នឹង​ពង្រឹង​នូវ​សម្ពន្ធភាព​របស់​ពួកគេ​ឲ្យ​មាន​ភាព​កាន់តែ​ខ្លាំងក្លា​ជាង​នេះ ហើយ​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ជាមួយ​សមាគម​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​សេចក្ដី​ប្រាថ្នា និង​ការ​ទាមទារ​នានា​របស់​ពួកគេ​នៅ​​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment