ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧
http://vodhotnews.com
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅឯក្រៅប្រទេស បានចោទរដ្ឋាភិបាលកម្ពុជាថា បានរំលោភលើឆន្ទៈពលរដ្ឋជុំវិញការបន្តបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពតានតឹងខាងនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនហ៊្វុក នៅឯក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកនេះ។
លោក ហ៊ុន សែន រៀបរាប់ថា រូបលោក និងមេដឹកនាំវៀតណាម បានប្ដេជ្ញាជំរុញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរបានរួចរាល់នៅរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ដោយថា ដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទាំងពីរក្លាយជាតំបន់មានសន្តិភាព និងតំបន់ផ្លាស់ប្ដូរពាណិជ្ជកម្ម។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលមានមូលដ្ឋាននៅប្រទេសន័រវេ កាលពីថ្ងៃម្សិលមិញនេះ បានថ្កោលទោសចំពោះសេចក្ដីសម្រេចបែបនេះរបស់លោក ហ៊ុន សែន ដោយចាត់ទុកជាការរំលោភលើឆន្ទៈពលរដ្ឋ និងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ខណៈដែលកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលលោក ម៉ែន ណាត ហៅថា «វិបត្តិនយោបាយ»។
ក្រុមប្រឹក្សាឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាមួយនេះ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការបង្គោលព្រំដែនជាមួយវៀតណាម រហូតទាល់តែប្រទេសកម្ពុជាមានឯភាពជាតិ និងមានស្ថានភាពនយោបាយប្រក្រតីឡើងវិញ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីចុះផ្សាយថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តក្រចេះ និងព្រៃវែង បានបញ្ចប់រួចរាល់ ១០០ភាគរយហើយ ហើយភាគីទាំងពីរបានប្ដេជ្ញាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានចប់រួចរាល់នៅដំណាច់ឆ្នាំ២០១៧នេះ។
ការប្ដេជ្ញាចិត្តចំពោះការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមបែបនេះរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងចំពេលដែលស្ថាភាពនយោបាយមានភាពតានតឹង ក្រោយពីការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះប្រឈមមុខនឹងការរំលាយចោល៕