សមត្ថកិច្ច​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ​ទៅ​តុលាការ​ពី​បទ ​«ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»

កម្ពុជា

លោក​ អួ​ន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)


17 វិច្ឆិកា 2017
នៅ វណ្ណារិន
វីអូអេខ្មែរ

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ឃាត់​ខ្លួនអតីត​បុគ្គលិក​ពីរ​រូប​នៃ​វិទ្យុ​អាស៊ី​សេរី​ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រេច​បញ្ជូន​ ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ RFA​ ទាំង​ពីររូប​នោះ ​គឺ​លោក​ អ៊ួន ឈិន ​និង​លោក ​យាង​ សុធារិន​ ហៅ​ យាង​ សុជាមេត្តា​ ទៅ​កាន់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​បន្ត​នីតិ​វិធី​តុលាការ​ ​ក្រោយ​ពី​ដាក់​ការ​សង្ស័យ​ ​លើ​អ្នក​សារព័ត៌មាន​ទំាង​ពីរ​រូប​នេះ​ក្នុង​បទ​ ​«ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ​និង​មន្ត្រី​តុលាការ។

​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​មាត្រា​៤៤៥​ ​ស្តី​ពី​បទ​ «ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»​ ឱ្យ​ដឹង​ថា​ ជន​ដែល​ជាប់ទោស​ពី​បទ​នេះ​ ​អាច​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារ​ពី​ ​៧​ ​ទៅ​១៥​ឆ្នាំ។

លោក​ ស៊ឹម វុទ្ធី​ ស្នងការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ បាន​ប្រាប់​ ​VOA​ ​ក្រោយ​ពី​បញ្ជូន​អ្នក​សារព័ត៌មាន​ទំាង​ពីរ​រូប​នោះ​ទៅ​តុលាការ​ថា៖

«អ៊ឺ!​ ហ្អា​ហ្នឹង​គឺ​ស្រេច​ ​លើ​តុលាការ​ ​ហើយ​បង​ណា!​ ដល់​ពេល​ហ្នឹង​គឺ​ដល់​ដៃ​តុលាការ​ហើយ​ ​គេ​នេះ​ហើយ។​ ប៉ុន្តែ​យើង​បាន​បញ្ជូន​ឯកសារ​គ្រប់គ្រាន់​ហើយ​ ​មាន​វត្ថុ​តាង​ដែល​យើង​ឆែក​ និយាយ​រួម​គឺ​ថា ​គ្រប់​គ្រាន់​អស់​ហើយ​ពី​ផែនការ​សកម្មភាព​របស់​គាត់​ ពី​ការ​ទំនាក់ទំនង​ ពី​ចម្លើយ​សារភាព​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ខាងវិទ្យុ​និង​បរទេស​នៅ​ក្រៅ​ប្រទេស​ ហើយ​នឹង​មួយ​ចំនួន​ទៀត​ ​ដែល​យើង​អាច​កំណត់​ថា​ ជា​សកម្មភាព​ឃុបឃិត​ ​ដែល​លួច​លាក់»។

លោក​ ស៊ឹម​ វុទ្ធី​ ស្នង​ការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​អំពីការ​ការបញ្ជូនអ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​,​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់ សុគុំមនោ/VOA)

លោក​ ស៊ឹម​ វុទ្ធី​ ស្នង​ការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន​អំពីការ​ការបញ្ជូនអ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​,​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់ សុគុំមនោ/VOA)


ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​ថា​ តាម​ការ​ពិនិត្យ​និង​ស្រាវជ្រាវ​ភស្តុតាង​ ​សមត្ថកិច្ច​ជឿជាក់​ថា​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​ទាំង​ពីរ​រូប​នៅ​តែ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋ​អាមេរិក​ ​ហើយ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​លើ​អ្នក​សារព័ត៌មាន​ទំាង​ពីរ​ពី​បទ​«ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»​ ​ក្នុង​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​ ស៊ឹម វុទ្ធី​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«​ក្នុង​មាត្រា​៤៤៥​ ​គឺ​ចោទ​ពី​បទ​ ​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​បរទេស»។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរីទាំង​ពីរ​រូប​ប្រចាំ​រាជធានី​ភ្នំពេញ​ ​នោះ​មាន​លោក​ អ៊ួន ឈិន​ ​និង​លោក​ ​យាង​ ​សុធារិន​ ​ហៅ​ យាង​ ​សុជា​មេត្តា​ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ​នៅសណ្ឋាគារមួយ​ឈ្មោះ​ ម៉ារឌី​ ស្ថិតក្នុងខណ្ឌ​មាន​ជ័យ​ ​រាជធានីភ្នំពេញ​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ​ ដើម្បី​សាកសួរ​និង​ពិនិត្យ​ភស្តុតាង​បន្ថែម​នៅ​ថ្ងៃ​បន្ទាប់។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​បាន​បដិសេធ​ថា​ មិន​មាន​ពាក់​ព័ន្ធ​ ឬ​បញ្ជូន​ព័ត៌មាន​ទៅ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ ដែល​មាន​ទី​តំាង​នៅ​ឯ​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​, នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)


​វិទ្យុ​អាស៊ី​សេរី​ជា​សារព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ។​ វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​ នៅ​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ ​នេះវិទ្យុ​នេះ​បានប្រកាស​ថា​ ​ខ្លួនផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ​ ​ដោយ​ចោទ​ថា​ ​រដ្ឋាភិបាល​កម្ពុជាកំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ​ ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា​ អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពីប្រទេស​កម្ពុជា។​

​ក្រោយ​ពី​ការ​ឃាត់​ខ្លួន​អតីត​បុគ្គលិក​ ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ​វិទ្យុ​អាស៊ី​សេរី​ប្រចាំរដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​បញ្ជាក់​ថា​ ខ្លួន​មិន​បាន​បន្ត​កិច្ច​សន្យា​ឬ​ទទួល​ព័ត៌មាន​អ្វី​ពី​អតីត​បុគ្គលិក​ទាំង​ពីរ​រូប​នេះ​ទេ។

​លោក​ រ៉ូហ៊ីត មាហាចាន់​ (Rohit Mahajan) អ្នក​នាំ​ពាក្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ប្រាប់​ VOA​ ក្នុង​ន័យ​ដើម​ថា៖​

«សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ [ពួកគេ]​មិន​មាន​ទំនាក់ទំនង​អ្វី​ជា​កិច្ចសន្យា​ ឬ​អ្វី​ដទៃ​ទៀ​ត​ជាមួយ​នឹង​វិទ្យុ​អាស៊ី​សេរី​ក្នុង​ការ​ផ្តល់​សេវា​ព័ត៌មាន ​ឬ​សេវា​អ្វី​ផ្សេង​ទៀត​ឡើយ»។​

​លោក​ ​រ៉ូហ៊ីត មាហាចាន់​ ​បាន​បន្ថែម​ថា​ វិទ្យុ​អាស៊ី​សេរី​នៅ​មិនទាន់​ទទួល​បាន​ការ​ចោទ​ប្រកាន់​ណា​ជាក់លាក់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ ​ហើយ​បន្ថែម​ថា​ ​ស្ថានីយ​វិទ្យុ​នេះ​កំពុង​តែ​តាម​ដាន​មើល​ការ​វិវត្ត​សភាពការណ៍​នេះ​ ​«ប្រកប​ដោយ​ការ​ព្រួយ​បារម្ភ»។

លោក​ សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​និង​ជា​មេធាវី​ចាស់​វស្សា​ ​បញ្ជាក់​ពី​មន្ទិល​ចំពោះ​ការ​ចាប់​ខ្លួន​និង​ការ​ដាក់​ការ​សង្ស័យ​របស់​ក្រុម​សមត្ថកិច្ច​ លើ​រូប​អ្នក​សារព័ត៌មាន​ទាំង​ពីរ។​ មេធាវី​រូប​នេះ​បន្ត​ថា ​ការ​ដាក់​ការ​សង្ស័យ​លើ​ ​បទ​«ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»​ ​ក្នុង​មាត្រា​៤៤៥​ គឺ​វៀរលែង​តែ ព័ត៌មាន​នោះ​ជា​ព័ត៌មាន​សម្ងាត់​ហើយ​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​បច្ចាមិត្ត។​ ​

លោក​មេធាវី​ សុក សំអឿន​ បញ្ជាក់​បន្ថែម​ថា៖​ ​«ហើយ​បើ​យើង​ថា​បញ្ជូន​ព័ត៌មាន​ទៅ​បរទេស​សុទ្ធ​តែ​នេះ​ ​អ៊ីចឹង​ហ្វេសប៊ុក​ ​សុទ្ធ​តែ​ផ្ញើ​ទៅ​បរទេស​ ​មិន​គេ​ឃើញ​ពាសពេញ​ពិភពលោក​ ​អ៊ីចឹង​យើង​មិន​ជាប់​គុក​អស់​ហើយ​ចឹង»។

ការ​ឃាត់​ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​នេះ​ ​គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ការ​បង្រ្កាប​ដ៏​ធំ​នៅ​កម្ពុជា​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យក្នុង​ស្រុក​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​បក្ស​ជំទាស់​ដែល​ហ៊ាន​ទិតៀន​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

បើ​ទោះ​ជា​មាន​ការ​បដិសេធ​ពី​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីររូប​គឺ​លោក​ អ៊ួន ឈិន​ ​និង​លោក ​យាង​ ​សុធារិន​ ​ហៅ​ យាង​ ​សុជាមេត្តា​ និង​ការ​បដិសេធ​ពី​តំណាង​វិទ្យុអាស៊ី​សេរី​ក្នុង​ទទួល​យក​ព័ត៌មាន​ពី​អ្នក​សារ​ព័ត៌មាន​ទំាង​ពីរ​នេះ​យ៉ាង​ណា​ក៏​ដោយ ​ក៏​នីតិវិធី​តុលាការ​លើ​នៅ​តែ​បន្ត។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ ​លោក​ លី សុផាន់ណា​ ព្រះរាជអាជ្ញា ​និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បណ្តាញ​សង្គម​ ​តេឡេក្រាម​ក្នុង​ន័យ​ដើម​ថា៖

«អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​សំណុំ​រឿង​ និង​ជន​សង្ស័យ​នា​ល្ងាច​ថ្ងៃ​នេះ​ ហើយ​នឹង​បន្ត​ចំណាត់​ការ​តាម​នីតិវិធី»។​

មក​ទល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ VOA ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយ​ទាក់ទិន​នឹង​ការ​ចោទ​ជា​ផ្លូវការ​របស់​តុលាការ​ដំបូង​ ​លើ​រូប​លោក​ អ៊ួន ឈិន​ និង​លោក​ ​យាង​ ​សុធារិន​ ហៅ​ យាង​ សុជាមេត្តា​ នៅ​ឡើយ​នោះ​ទេ៕

What Next?

Recent Articles