តុលាការ​ចោទ​អតីតអ្នក​សារព័ត៌មាន​អាស៊ី​សេរីពីរ​រូប​ ​ពី​បទចារកម្ម​​ឱ្យ​បរទេស

កម្ពុជា

អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ (រូបថត​ទាញ​ពី​ទំព័រ​ហ្វេសប៊ុក COMFREL)


18 វិច្ឆិកា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ

មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ទាំងពីរ​ ​និង​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​យល់​ថា​ ​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​ទាំង​ពីរ។

​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​អតីត​អ្នកសារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​ពីររូប​ ​ពីបទ​ ​«ប្រគល់​ឲ្យ​រដ្ឋបរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្ត​រាយ​ដល់​ការការពារ​ជាតិ»។​ ​នេះ​បើតាមការ​ឲ្យ​ដឹងពី​អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ។

​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​អ្នកសារព័ត៌មាន​តាមរយៈ​សារ​អេឡិចត្រូនិក​តេឡេក្រាម​ ​នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា​ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេចចោទ​ប្រកាន់​អតីត​អ្នកសារ​ព័ត៌មា​នវិទ្យុ​អាស៊ី​សេរី​ទាំង​ពីររូប​ គឺលោក​ ​អ៊ួន ឈិន​ ​អតីត​អ្នក​ថត​រូប​ ​និង​វីដេអូ​ និង​លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​ជា​អតីត​អ្នក​គ្រប់គ្រង​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​កម្ពុជា​ ​ពីបទ​ ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មា​ន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។

លោក​ ​លី សុផាណា​ បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«បន្ទាប់ពី​បាន​ពិនិត្យ​សំណុំ​រឿង រួម​ទាំង​ឆ្លងកាត់​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ ​ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ​ជនសង្ស័យ​រួច​មក​ ​ព្រមទាំង​យល់​ឃើញ​ថា​មានមូល​ដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ធ្វើការ​ចោទ​ប្រកាន់​ដោយ​បើក​ការ​ស៊ើបសួរ​ ​ពី​បទ​ប្រគល់ឲ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ​ ​តាម​បញ្ញត្តិ​មាត្រា​៤៤៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយបញ្ជូនទៅចៅ​ក្រមស៊ើបសួរនៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី»។

អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីររូប​ ​គឺ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​យាង​សុជាមេត្តា​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួនកាល​ពីយប់​ថ្ងៃ​អង្គារ​ ​ក្នុង​សណ្ឋាគារ​មួយកន្លែងនៅ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​រង​ការសង្ស័យ​ថា​ ​បាន​រាយ​ការណ៍ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុអាស៊ី​សេរី​ ​នៅ​សហរដ្ឋ​អាមេរិក។​ ​អ្នកទាំង​ពីរ​ធ្លាប់​បានធ្វើ​ការ​ឲ្យវិទ្យុ​អាស៊ីសេរី​ដែល​មាន​ការិយាល័យនៅ​ភ្នំពេញ​ ​មុន​ពេល​វិទ្យុ​នេះ​ប្រកាស​ផ្អាក​ប្រតិបត្តិការរបស់​ខ្លួននៅ​កម្ពុជា​ទាំង​បង្ខំ​ ​កាល​ពី​ដើមខែ​កញ្ញា។​ ក្នុង​ពេល​កំពុង​ត្រូវ​បាន​សមត្ថកិច្ចឃាត់​ខ្លួន​ ​អ្នកទាំងពីរសុទ្ធ​តែ​បាន​បដិសេធ​ថា​ ​ពួក​គេ​មិនបាន​រាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោននោះ​ទេ។

លោក​ ​កែវ វ៉ាន្នី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំង​ពីរ​រូប​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសៅរ៍​នេះ​ថា​ ​ការ​ឃាត់ខ្លួនកូនក្តី​របស់​លោក​រយៈពេល​យូរ និង​សម្រេច​ចោទ​ប្រកាន់​ទាំង​ថ្ងៃ​សៅរ៍​បែបនេះ​ ​គឺជា​ការ​ចោទ​ប្រកាន់​ខុសនឹង​និតិវិធី​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​កូនក្តី​របស់​លោក​មិនបាន​ប្រព្រឹត្ត​ខុស​ច្បាប់ដូចការ​ចោទ​ប្រកាន់របស់​តុលាការ​នោះ​ទេ។

លោក​កែវ វ៉ាន្នី​ ​មាន​ប្រសាសន៍​ថា៖​

«វា​មិន​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំ​បាទ​ ​ដោយសារតែ​កូនក្តី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់។​ ​តាមច្បាប់​បាន​ចែង​ហើយ​កំណត់​ពីអំពើណាជាបទ​ល្មើស ហើយ​អំពើ​ណាប្រព្រឹត្តបទល្មើស​ និង​ទោស​យ៉ាងណានោះ។​ ​ប៉ុន្តែ​សំខាន់គឺ​ទំហំ​នៃការ​ទទួល​ខុស​ត្រូវ ទង្វើរ​សកម្មភាព​របស់​កូនក្តី​ខ្ញុំ​ហ្នឹង វាចូល​ក្នុង​មាត្រា​ប៉ុន្មាន?​ ​វាចូល​ក្នុង​អត្ថន័យ​នៃ​បទ​ល្មើស​ហ្នឹង​អត់?»។​

លោក​ ​លី សុផាណា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិតពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចោទ​ប្រកាន់​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុអាស៊ី​សេរីទាំងពីរនោះ​ទ។

មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា​ ​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការពារជាតិ​ ​គឺជា​អំពើ​ប្រគល់​ ​ឬធ្វើ​ឲ្យ​ងាយស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ ​វិធី​ ​វត្ថុ​ ​ឯកសារ​ ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ​ឬ​សាលាកបត្រ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ។​ អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ ​(ប្រាំពីរ)​ ​ឆ្នាំ ទៅ​១៥ (ដប់ប្រាំ) ឆ្នាំ។​

អ្នកជំនាញ​ផ្នែក​ច្បាប់​លើកឡើង​ថា ការ​ដាក់​ការ​សង្ស័យ​ពីបទ ​«ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​បរទេស»​ ​ក្នុង​មាត្រា​៤៤៥​ លុះត្រា​តែ​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​សម្ងាត់​ ហើយ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​បច្ចាមិត្ត។​

ក្រោយ​ការ​ឃាត់​ខ្លួន​អ្នក​ទាំងពីរ​ភ្លាមៗ ​អ្នកនាំ​ពាក្យ​វិទ្យុអាស៊ី​សេរី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ប្រកាស​ថា ​វិទ្យុអាស៊ី​សេរី​មិន​បាន​បន្ត​កិច្ច​សន្យា ​ឬ​ទទួល​ព័ត៌មាន​អ្វី​ពី​អតីត​បុគ្គលិក​ទាំង​ពីរ​រូប​នេះ​ទេ និង​ថា អតី​តអ្នកសារព័ត៌មាន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំងពីរ​នាក់​នោះ​ ​លែង​មាន​ទំនាក់ទំនង​ណា​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​តទៅ​ទៀត​ហើយ។

នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការផ្សាយ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសុក្រ​ ​ដោយ​និយាយ​ថា​ ​ការ​ចាប់​ខ្លួន​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ​គឺ​ជា​សក​ម្មភាព​បំភិត​បំភ័យ​ និងបង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាចដល់​ក្រុម​អ្នក​សារព័ត៌មាន​ដែលផ្តល់​ព័ត៌មាន​ពិត មិនលំអៀង។​ ​នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​បន្ថែម​ដោយសង្ឃឹម​ថា ​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ និង​ជា​បន្ទាន់​ដើម្បី​ឲ្យ​ពួក​គេ​បាន​ជួប​ជុំ​គ្រួសារ​វិញ។

​សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​សរសេរ​ដោយ​សម្រង់​ន័យ​ដើម​ថា៖​

«​សេរីភាព​ព័ត៌មានគឺ​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​ ហើយ​វា​គួរជា​អាទិភាព​ជាសកល។ ​នៅ​ពេល​មិន​មាន​សំឡេង​ឯករាជ្យ​ ​មានន័យ​ថា​ យើង​សុខ​ចិត្ត​ប្រគល់​ព័ត៌មាន​ឲ្យ​របប​អមិត្ត ​អ្នក​ជ្រុល​និយម​ មនុស្ស​ទុច្ចរិត​ក្តោប​ក្តាប់​ព័ត៌មាន»។

វិទ្យុ​អាស៊ីសេរី​ជា​សារព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។

នៅ​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​នេះ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ថា​ ​ខ្លួនផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា ​រដ្ឋាភិបាល​កម្ពុជាកំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា​ ​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពី​ប្រទេស​កម្ពុជា។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ក្រសួង​ព័ត៌​មាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ជាង​ ៣០​ជា​បន្តបន្ទាប់​ ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​វិទ្យុ ​VOA​ ​នៅ​ទូទាំង​ប្រទេស​។ ​រដ្ឋាភិបាលក៏​បានបិទ​អង្គការ​ ​NDI​ ជា​អង្គការ​មួយ​របស់​អាមេរិក​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ដោយ​ចោទ​ថា​ ​អង្គការ​នេះ​នៅ​ពី​ក្រោយ​បក្ស​ប្រឆាំង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​

ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​ ​ដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ។

យ៉ាងណាក៏ដោយ បន្ទាប់ពីតុលាការ​បាន​បញ្ចប់ការសាកសួររបស់ខ្លួន អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ​ត្រូវ​បានបញ្ជូនទៅ​ពន្ធនាគារ​ដើម្បី​ឃុំ​ខ្លួន​បណ្តោះអាសន្ន​៕

What Next?

Recent Articles

Leave a Reply

Submit Comment