តុលាការ​ថា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ចោទ​ប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

ដោយ យន់ សាមៀន
2017-11-18
អាស៊ីសេរី

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។ Photo: RFA
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។ Photo: RFA


អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២​នាក់ ត្រូវ​បញ្ជូន​ដល់ដៃ​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុងភ្នំពេញ​ហើយ។ អ្នក​ទាំងពីរ​ត្រូវ​បាន​តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពី​បទ​លួច​ផលិត​ព័ត៌មាន​ឲ្យ​បរទេស។

សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ក្រោយ​ពេល​ឃុំខ្លួន អស់​រយៈពេល​៤​ថ្ងៃ នៅ​ស្នងការ​ក្រុងភ្នំពេញ។

អ្នក​ទាំងពីរ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ បញ្ជូន​មក​កាន់​តុលាការ កាល​ពី​រសៀល​ថ្ងៃទី១៨ ខែ​វិច្ឆិកា ក្រោយពេ​ល​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុងភ្នំពេញ​លោក សេង ហៀង ចោទប្រកាន់ និង​បញ្ជូន​សំណុំ​រឿង​នេះ​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ។ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា អតីត​អ្នករាយការណ៍ លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ត្រូវ​បាន​លោក សេង ហៀង ដែល​ជា​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស នូវ​ព័ត៌មាន​ជាអាទិ៍ តាម​មាត្រា ៤៤៥ នៃ​ក្រុម​ព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី៧ ទៅ ១៥​ឆ្នាំ​។​

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ទាំង​ពីរ​រូប គឺ​លោក កែវ វណ្ណី យល់​ឃើញ​ថា សេចក្ដី​សម្រេច​របស់​តំណាង​អយ្យការ ប្រឆាំង​នឹង​កូនក្ដី​របស់​លោក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​គ្មាន​មូលដ្ឋាន។លោក​បន្ត​ថា លោក​រក​មិន​ឃើញ​ថា​អ្នក​ទាំងពីរ បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ ហេតុនេះ​លោក​ចាត់ទុកថា តុលាការ​មិន​ត្រូវ​ចោទប្រកាន់​លើ​អ្នក​ទាំងពីរ​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​សុចរិតភាព​កូនក្ដី​របស់​លោក។

លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុងភ្នំពេញ ចាប់ខ្លួន​កាល​ព្រលប់​ថ្ងៃទី១៤ ខែវិច្ឆិកា នៅ​ក្នុង​ផ្ទះសំណាក់ ម៉ារ៉ាឌី ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ សមត្ថកិច្ច​ដែល​ចុះ​អង្កេត និង​ស្រាវជ្រាវ​រក​ភស្តុតាង បាន​ចោទប្រកាន់​អ្នក​ទាំងពីរ ពី​បទ​លួច​ផលិត​ព័ត៌មាន បញ្ជូន​ទៅ​វ៉ាស៊ីនតោន។ ការចោទប្រកាន់​នេះ ដោយ​សមត្ថកិច្ច​យោង​លើ​ភស្តុតាង​មួយ​ចំនួន​ដូចជា មាន​បន្ទប់​ស្ទូឌីយោ និង​កុំព្យូទ័រ​ជាដើម។ ប៉ុន្តែ​លោក អ៊ួន ឈិន បាន​ឆ្លើយ​បដិសេធ​នឹង​ការ​ចោទប្រកាន់​នេះ តាំងពី​ដំណាក់កាល​ដំបូង​ថា ឧបករណ៍​ទាំងនេះ លោក​រៀបចំឡើង សម្រាប់​បម្រើ​ឲ្យ​ការ​ថត​ចម្រៀង​ដើម្បី​រក​កម្រៃ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ក្រុម​អ្នកច្បាប់​បាន​រិះគន់​សមត្ថកិច្ច និង​តុលាការ​ដែល​បាន​ឃាត់ខ្លួន​អតីត​អ្នករាយការណ៍ អាស៊ីសេរី​លើស​រយៈពេល​កំណត់​មិន​ព្រម​ដោះលែង។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា សមត្ថកិច្ច​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ ៤៨​ម៉ោង ហើយ​អាច​បន្ថែម ២៤ ម៉ោង​ទៀត ក្នុង​ករណី​ដែល​មាន​តម្រុយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ពិរុទ្ធ​លើ​បុគ្គល​ដែល​ឃាត់ខ្លួន បើ​មិន​ដូច្នោះ​តែ​ត្រូវ​ដោះលែង​បុគ្គល​ទាំងនោះ។ សមត្ថកិច្ច​មិន​បាន​ដោះលែង លោក អ៊ួន ឈិន និង យាង សុជាមេត្តា នោះ​ទេ ទោះបីបើ​កាលនោះ តំណាង​អយ្យការ មិន​ទាន់​បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​អ្វីមួយ​នៅឡើយ​ក្រោយ​ការ​ឃាត់ខ្លួន​លើស​រយៈ​៧២​ម៉ោង។

ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ធ្លាប់​អះអាង​ថា ជា​ស្ថាប័ន​ឯករាជ្យ​លើកស្ទួយ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មិនទាន់​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​អ្វីមួយ ចំពោះ​ការ​ឃាត់ខ្លួន​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី នៅឡើយ​ទេ។

នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊េដ អាដាម (Brad Adams) ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​ថា ធ្វើ​ដូច​សម័យ​ខ្មែរក្រហម និង​សម័យ​រដ្ឋ​កម្ពុជា​ដែល​គាំទ្រ​ដោយ​វៀតណាម។ «»

អតីត​អ្នករាយការណ៍​ព័ត៌មាន​លោក អ៊ួន ឈិន ជា​អ្នក​ថត​វីដេអូ លោក​តែ​រាយការណ៍​អំពើ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​សមត្ថកិច្ច​ទៅលើ​អ្នករងគ្រោះ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ចំណែក លោក យាង សុជាមេត្តា ដែល​មាន​ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម។ លោក​តែង​រាយការណ៍​ពី​បញ្ហា​អំពើពុករលួយ នយោបាយ និង​បញ្ហា​នានា​ដែល​ខ្មែរ​កម្ពុជា​ក្រោម​ជួបប្រទះ។

លោក កែវ វណ្ណី ឲ្យ​ដឹង​ថា នៅ​ម៉ោង​ជាង ៧​ល្ងាច ថ្ងៃ​ទី១៨ វិច្ឆិកា លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ត្រូវ​​ចៅក្រម​ស៊ើបសួរ​បាន​ផ្អាក​ការ​សាកសួរ និង​សម្រេច​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​គុក​ព្រៃស។ លោក​បន្ត​ថា ការ​សាកសួរ​បន្ត​មិន​ដឹង​ថា នឹង​ត្រូវ​បន្ត​នៅ​ពេល​ណា​ទៀត​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment