ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា

ដោយ មួង ណារ៉េត
2017-11-18
RFA

សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ ពីហ្វេសប៊ុក
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ ពីហ្វេសប៊ុក


ស្ថាប័ន​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង។ សេចក្ដី​សម្រេច នេះ​ធ្វើឡើង ក្នុង​គោលបំណង ស្វែងរក​យុត្តិធម៌ ការពារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង សេរីភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ ដែល​តែងតែ​រិះរក​វិធី ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​ឥត​ស្រាក​ស្រាន្ត។

ព្រឹទ្ធសភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា បាន​អនុម័ត ដោយ​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ លើ​សេចក្ដី​សម្រេច ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ សេចក្តី​សម្រេច​នេះ ផ្ដោត​សំខាន់​លើ ៨ ចំណុច​រួមមាន៖

ទី​១៖ បញ្ជាក់​ឡើងវិញ នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​លើកស្ទួយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

ទី​២៖ ថ្កោលទោស រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ នៅ​ប្រទេស​កម្ពុជា និង​ទាមទារ ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​កើត​មាននៅ​កម្ពុជា។

ទី​៣៖ ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​គំរាមកំហែង​មក​លើ​គណបក្សប្រឆាំង និង​ស្នើ​ឲ្យ​បង្ក​បរិយាកាស​ឲ្យ​មាន​លក្ខណៈ​អំណោយផល​ល្អ ដល់​ការ​រីក​លូត​លាស់ នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទី​៤៖ ទាមទារ​ឲ្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស នៃ​ក្រសួង​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ខាងលើ ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​ជន​ដែល​គ្រោះថ្នាក់ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។

ទី​៥៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ទី​៦៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន រួមមាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ សិទ្ធិ​ធ្វើបាតុកម្ម​និង​តវ៉ា និង​សិទ្ធិ​ក្នុង​ការរិះគន់​រដ្ឋាភិបាល ដោយ​គ្មាន​ការ​រឹតត្បិត។

ទី​៧៖ គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង កែទម្រង់​ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មានការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​អន្តរជាតិ ចូលរួម​តាមដាន​ដំណើរការ​បោះឆ្នោត។

ទី​៨៖ ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ថា បើ​រដ្ឋាភិបាល​នេះ មិន​អើពើ​ទៅ​នឹង​អនុសាសន៍ របស់​សហគមន៍​អន្តរជាតិ និង​បើ​នៅ​បន្ត​ឲ្យ​បរិយាកាស​នយោបាយ នៅ​តែ​មាន​ភាព​រឹតត្បិត និង​មានការ​គំរាមកំហែង ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅទៀត នោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​គ្មាន​ជម្រើស​អ្វី ក្រៅពី​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាងមុខ​នោះ​ទេ ព្រោះ​ការបោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ក៏​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ដែរ ដោយសារ​ដំណើរការ​បោះឆ្នោត មិនបាន​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ​ត្រឹមត្រូវ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ភ្លាមៗ ក្រោយ​ការ​អនុម័ត​សេចក្ដី​សម្រេច​នេះ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ចន ម៉ាកខេន (John McCain) តាង​នាម​ឲ្យ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក ឌីក ឌើប៊ិន (Dick Durbin) ដែល​អ្នក​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​សេចក្ដី​សម្រេច​នេះ បាន​ថ្លែងអំណរគុណ​ព្រឹទ្ធសភា​អាមេរិក​ទាំងមូល ដែល​បាន​បោះឆ្នោត គាំទ្រ​សេចក្ដី​សម្រេច​នេះ។ លោក​បញ្ជាក់ ថា អស់​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​លើកស្ទួយ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ប៉ុន្តែ គួរ​ឲ្យ​សោកស្ដាយ ដោយ​ស្ថានការណ៍​នៅ​កម្ពុជា នៅតែ​ធ្លាក់​ចុះ​ដុនដាប​បែបនេះ។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ បញ្ជាក់​បន្ថែម ថា​លោក ហ៊ុន សែន កាន់អំណាច​អស់​ជាង​បី​ទសវត្សរ៍​កន្លង​មក​នេះ ប្រកប​ដោយ​អំពើ​និទ្ទណ្ឌភាព ហើយ​តែងតែ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​គាបសង្កត់ និង​បង្ក្រាប​សំឡេង​បក្ស​ប្រឆាំង ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល បំភិតបំភ័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ។ លោក​លើកឡើង​បន្ថែម ថា​ពេលនេះ គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​យើង​ត្រូវតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​លើកស្ទួយ​តម្លៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​ខាង​តែ​បាន។

សេចក្ដី​សម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក ដែល​ស្នើ​ឲ្យ​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ ធ្វើឡើង​ភ្លាមៗ ក្រោយពេល​តុលាការ​កំពូល កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា បាន​សម្រេច​រម្លាយ​គណ​បក្ស​ប្រឆាំង​ដ៏​ធំជាង​គេ តែមួយគត់​នៅ​កម្ពុជា។ នៅ​ពេល​នេះ សហគមន៍​អន្តរជាតិ កំពុង​ចាត់​វិធានការ ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ទណ្ឌកម្ម​បន្ត​ទៅ​ទៀត អាច​រួមបញ្ចូល ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សំលៀកបំពាក់ ពី​កម្ពុជា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment