អតីតអ្នកយកព័ត៌មានអាស៊ីសេរី ២នាក់ ប្រឈមជាប់ពន្ធនាគារហូតដល់​១៥ឆ្នាំ

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ | ម៉ោង 4:17 PM
http://vodhotnews.com

សិទ្ធិមនុស្ស


​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ គឺ លោក អួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានព្រះ​រាជ​អាជ្ញា​ អម​សាលា​ដំបូងរាជធានីភ្នំពេញសម្រេច ចោទប្រកាន់ជា​ផ្លូវការ​ អាច​ប្រឈម​ជាប់​ពន្ធនាគារ​រហូតដល់​១៥ឆ្នាំ​។

បើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងថាអតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​នោះត្រូវបាន​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការ​ចោទប្រកាន់ និង​បញ្ជូនសំណុំ​រឿង​ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវីធី។

លោក លី សុផាណាបានលើកឡើងថា «បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូល​ដ្ឋា​នគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរ ពីបទ ប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កអោយមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រកម្ពុជា»។

តាមក្រមព្រមទណ្ឌបទល្មើស​នេះ​ចែងថា បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឱ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​រទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈម​មួយ​ចំនួន​​ជាមួយរដ្ឋាភិបាល។​ ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធានការ​បើសិនជា​បុគ្គលិក​អាស៊ីសេរីនៅតែបន្តចុះយកព័ត៌មានទៀតនោះ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com


What Next?

Recent Articles

Leave a Reply

Submit Comment