បណ្ដាញ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បន្ត​ជំរុញ​សហគមន៍​អន្តរជាតិ​ជួយ​ប្រទេស​កម្ពុជា

ដោយ ម៉ៅ សុធានី
2017-11-17
RFA

ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yun Samean
ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yun Samean


បណ្ដាញ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រៅ​ប្រទេស ថ្កោលទោស​ជា​ខ្លាំង​ចំពោះ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ពួកគេ​ប្ដេជ្ញា​ថា នឹង​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ទ្វេ​ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​ត្រឡប់​មក​ស្តារ​ស្ថានការណ៍​នយោបាយ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ។

អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​តំបន់​អាមេរិក​ខាងជើង លោក ម៉ា ព្រីទ្ធី បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ ពី​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា ថា រូបលោក​ផ្ទាល់ និង​សហការី​ទាំងអស់ មានការ​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​តែមួយគត់​នៅ​កម្ពុជា​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ នឹង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក ហ៊ុន សែន នេះ​ទេ ហើយ​ថា ទង្វើ​របស់​លោក ហ៊ុន សែន​នេះ គឺជា​ការ​រំលាយ​រដ្ឋាភិបាល​ខ្លួនឯង៖ «ការ​រំលាយ​នេះ គឺជា​ការ​រំលាយ​ដោយ​ផ្នែក​នយោបាយ។ ពួក​យើង​គិត​ថា មិន​ខុសគ្នា​នឹង​ការ​រំលាយ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​ដែរ ។ ពួក​យើង​ដែល​ជា​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ខាង​លោក​សេរី នឹង​យល់ឃើញ​ដូច​យើង​ដែរ គឺ​ចាប់ពី​ថ្ងៃនេះ គឺ​ក្លាយ​ជា​រដ្ឋាភិបាល​មួយ​ខុសច្បាប់​។ បងប្អូន​យើង​ឃើញ​នូវ​អំពើ​បំពាន​ឆន្ទៈ​រាស្ត្រ​រាប់​លាន​នាក់ ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់»

លោក ម៉ា ព្រីទ្ធី អះអាង​ថា ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រៅ​ប្រទេស នឹង​បន្ត​ការ​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ លោក​បន្ត​ថា ក្រុម​លោក គ្រោង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កាណាដា ដើម្បី​ស្វែងរក​ការ​គាំទ្រ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ នៅមុន​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨​ខាងមុខ។

មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​ទេ ប្រធាន​សមាគម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក លោក ប៉ែន សុខផល បាន​ថ្លែង​ពី​ក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសសេត (Massachusetts) ថា លោក​មានការ​ខកចិត្ត​ជា​ខ្លាំង ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ហើយ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​ផ្ដាច់​ការ និង​ជំរុញ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​អន្តរាយ៖ «កម្ពុជា​នឹង​ត្រូវ​ឯកោ ហើយ​រដ្ឋាភិបាល​នឹង​រង​ការ​គាបសង្កត់​ពី​អន្តរជាតិ​ធ្ងន់ៗ​ទៅ។ ខ្ញុំ​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប គឺ​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ បងប្អូន​ខ្មែរ​ទាំងអស់​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ យើង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ ដើម្បី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ។ សំខាន់​លើ​យើង​ទាំងអស់​គ្នា ត្រូវ​ចេះ​រក្សា​ជំហរ​ដើម្បី​ដើរ​ទៅ​មុខ។ លោក ហ៊ុន សែន ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​អំណាច​សម្រាប់​ក្រុម​បក្សពួក និង​ក្រុម​គ្រួសារ​លោក»

ក្រៅពី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​រួម​សាមគ្គី​គ្នា លោក ប៉ែន សុខផល បញ្ជាក់​ថា បណ្ដាញ​ការងារ​របស់​ក្រុម​លោក នៅ​សហរដ្ឋអាមេរិក​នេះ គ្រោង​រៀបចំ​កិច្ចប្រជុំ​រួមគ្នា​មួយ ដើម្បី​ជួប​ជាមួយ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា ក្នុង​រដ្ឋ​នីមួយៗ។

ចំណែក សកម្មជន​សាខា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​អាល្លឺម៉ង់​ឯណោះ​វិញ លោក បូព៌ា កុមារ ក៏​បាន​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ខ្មែរ​នៅ​សហគមន៍​អឺរ៉ុប ក្រោយពី​បាន​ទទួល​ដំណឹង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​មក ពួកគាត់​បាន សំដែង​ការ​ហួសចិត្ត និង​មិន​នឹក​ស្មាន​ថា គណបក្សប្រឆាំង​ដែល​មាន​តំណាងរាស្ត្រ ៥៥​រូប ត្រូវ​បាន​តុលាការ​កំពូល ធ្វើតាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ៖ «ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​យក​នីតិរដ្ឋ ច្បាប់ និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បង្កើត​នូវ​របប​ផ្ដាច់ការ​និយម​នៅ​ស្រុក​ខ្មែរ»

រីឯ​បណ្ដាញ​ការងារ​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​បារាំង​វិញ ក៏​បាន​ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់ ដោយ​មិន​ទទួលស្គាល់​សាលក្រម​សម្រេច របស់​តុលាការ​កំពូល​នោះ​ទេ​។ លោក ហំម ប៊ុនឆាយ បញ្ជាក់​ថា ក្រុម​លោក នឹង​នៅ​បន្ត​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ចាត់វិធានការ​ជាក់ស្ដែង​ភ្លាមៗ គាបសង្កត់​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន៖ «សំខាន់ គឺ​ប្រជាពលរដ្ឋ​ខ្មែរ គាត់​បាន​បោះឆ្នោត​ឲ្យ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស យក​រាស្ត្រ​ជាធំ ជា​ម្ចាស់​ឆ្នោត និង​ជា​ម្ចាស់​អំណាច។ យើង​នឹង​បន្ត​ការងារ​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ដូច​ប្រទេស​លោក សេរី ដែល​សុំ​ឲ្យ​លោក​ហ៊ុន សែន ដោះលែង​លោក កឹម សុខា ហើយ​រៀបចំ​បោះឆ្នោត​ឲ្យ​បាន ត្រឹមត្រូវ»

ចំណែក​ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​បារាំង កញ្ញា លីម កណ្ណិកា ក៏បាន​ប្រាប់​អាស៊ីសេរី​ថា កញ្ញា​មានការ​សោកស្ដាយ​ជា​ខ្លាំង ដែល​លោក ហ៊ុន សែន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ កញ្ញា​ថា ប្ដេជ្ញា​តស៊ូ​មោះមុត ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ជាពិសេស គឺ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដោះស្រាយ​បញ្ហា​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់ៗ៖ «យើង​ស្ដាយ​គណបក្ស​យើង​ដែល​ធំ​ខ្លាំង មាន​តំណាងរាស្ត្រ ៥៥​នាក់ ដូច្នេះ​យើង​ត្រូវតែ​គាំទ្រ​ប្រជាពលរដ្ឋ​យើង និង​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ យើង​ចង់​ឲ្យ​អន្តរជាតិ​ហ្នឹង មុន​ឲ្យ​ថវិកា ត្រូវ​គិត​ផង។ ឥឡូវ យើង​ដឹង​ថា លោក ហ៊ុន សែន ប្រើ​លុយ​ហ្នឹង ដើម្បី​ធ្វើបាប​ពលរដ្ឋ និង​រំលាយ​គណបក្ស​យើង​នៅ​ប្រទេស​កម្ពុជា»

កាលពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា គណបក្ស​សង្គ្រោះជាតិ សាខា​ប្រចាំ​ប្រទេស​បារាំង បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន និង​បក្សពួក​ថា បាន​កម្ទេច​សិទ្ធិ​សេរីភាព​របស់​មនុស្ស និង​បាន​បំពាន​ដោយ​ចេតនា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ សេចក្ដីថ្លែងការណ៍​បន្ត​ថា សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប គ្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែ​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles