ក្រុមអ្នកសារព័ត៌មានស្នើ​ទៅ​តុលាការឲ្យ​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​លើ​អតីតបុគ្គលិក​វិទ្យុ​អាស៊ី​សេរី

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ | ម៉ោង 4:31 PM
http://vodhotnews.com

សិទ្ធិមនុស្ស


ក្រុមអ្នកសារព័ត៌មាន​កម្ពុជា បាន​ស្នើទៅ​តុលាការឲ្យ​​ពិចារណាទម្លាក់​ចោលការ​ចោទ​​ប្រកាន់​ទៅ​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​ ដោយចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់​ដ៏«ធ្ងន់ធ្ងរ» ដែល​បង្ក​ក្ដី​បារម្ភ​ដល់​អ្នក​សារព័ត៌មាន​ និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​តំណាង​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ​តាម» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ក្នុង​លិខិត​ចំហរ​មួយ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​នេះ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ បាន​​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ គឺ​ជា​ការ​ប្រកាន់​ដ៏​«ធ្ងន់ធ្ងរ» ហើយ​ថា ការ​ប្រកាន់​បែប​នេះ កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជា​ជីវៈ និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ។

ក្នុង​លិខិត​ដដែល​នេះ ក្រុម​អ្នក​សារព័ត៌មាន បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌មា​ទាំង​ពីរ ខណៈ​ដែល​អះ​អាង​ថា សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លិខិតចំហរ​នោះថា​៖ «យើង​ខ្ញុំ​ដែល​បាន​ផ្តិតស្នាមមេដៃ​នៅ​ក្នុងលិខិត​ចំហមួយ​នេះ​ មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​​ចំពោះ​ការ​​ចោទ​ប្រកាន់​​ដ៏ធ្ងន់ធ្ងរទៅ​លើ​អតីត​អ្នកយក​ព័ត៌មានវិទ្យុ​អាស៊ីសេរី​ទាំងពីរ។​ នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ។ អ្នក​សារ​ព័ត៌​មាន​មាន​តួនាទី​ក្នុង​ការ​រាយការណ៍​អ្វី​ដែល​ជាការពិត​ជូន​ដល់​សាធារណជន»។

ក្នុងលិខិតចំហរនោះ បន្តថា សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ធានាដោយរដ្ឋធម្មនុញ្ញ​កម្ពុជាដែល​បាន​ចែង​ថា​ ប្រជា​ពល​រដ្ឋ​​ខ្មែរ​មានសេរីភាពខាងការបោះពុម្ពផ្សាយ និង​សេរីភាពខាងការប្រជុំ។

ក្រៅ​ពី​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ក្រុម​អ្នក​សារព័ត៌មាន ​បាន​លើក​ឡើង​ពី​​ច្បាប់​ស្តីពី​របប​សារព័ត៌មានឆ្នាំ​១៩៩៥​ ដែល​​មាន​ចែងពីសេរីភាព​នៃ​សារព័ត៌មាន​ផង​ដែរ។ ក្រុម​អ្នក​សារព័ត៌មាន​បញ្ជាក់​ថា ​មាត្រា​១០ ​នៃ​ច្បាប់​ស្តី​អំពី​របប​សារព័ត៌មាន​បាន​ចែងថា​ បើ​តុលាការ​រកឃើញ​ថា ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុស​ពីការពិត​តាម​បណ្តឹង​​របស់​ដើម​​បណ្តឹង​រដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ​ចុះ​ផ្សាយ​​នូវ​​ការកែ​តម្រូវ​ ឬ ​និង​ការ​សង​ជំងឺចិត្ត។​

ក្នុងលិខិតចំហរនោះក៏លើកឡើងដែរថា អ្នកសារព័ត៌មាន​កម្ពុជា​បាន​អនុវត្ត​តាម​​មាត្រា​៥​ នៃ​ច្បាប់​សារព័ត៌មាន​ដែល​​ចែង​ថា «សារព័ត៌មាន​មានសិទ្ធិ​ទទួល​ព័ត៌មាន​ដែលស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល» លើកលែង​តែព័ត៌​មាន​​ ដែល​បណ្តាល​ឲ្យ​មាន​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​អន្តរាយ​​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​ចោទ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ផ្ញើ​រទៅ​ឲ្យ​​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

វិទ្យុអាស៊ីសេរី​បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានបញ្ហាប្រឈម​មួយ​ចំនួន​​ជាមួយរដ្ឋាភិបាល។​

ក្រោយការបិទការិល័យនេះ ក្រសួងព័ត៌មាន​កម្ពុជាបានប្រកាសចាត់វិធានការ ​ប្រសិន​បើ​​បុគ្គលិក​អាស៊ី​សេរី​នៅ​តែ​បន្ត​ចុះ​យកព័ត៌មានទៀតនោះ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment