លោក សម រង្ស៊ី អំពាវនាវ​ទៅ​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ សង្គ្រោះជាតិ​គេច​ខ្លួន​ដើម្បី​គេចចេញ​ពី​ការ​ចុះ​ចូល

ដោយ អេង គីមហុង
19/11/2017
RFI

media
រូបថតៈ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចារ បានចាកចេញពីតួនាទីជាចៅសង្កាត់អូរចា នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧នេះ (FB Rozet)


ពី​ទី​ក្រុង​ឡូវ៉ែល រដ្ឋម៉ាសាឈូសេត នៅ​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ម្សិលមិញ លោក សម រង្ស៊ី ដែល​​​ប្រកាស​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រាះជាតិ​វិញ​មុន​ការ​រំលាយ​នោះ បាន​អំពាវនាវ​ទៅ​សមាជិក​ក្រុមប្រឹក្សា ឃុំ ​សង្កាត់ គណបក្ស​សង្គ្រោះជាតិ​គេច​ខ្លួន​បណ្ដោះ​​​អាសន្ន​ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ ។

 

ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​គេច​ខ្លួន​មួយ​រយៈ​ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ​ក្រោម​រូបមន្ត ក៣៖ «កុំចុះចូល កុំចុះញ៉ម កុំលក់ខ្លួន»។

លោក សម រង្ស៊ី ថែមទាំង​ផ្ដល់​ដំណោះស្រាយ​ដល់​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​គេច​ខ្លួន​ទៅស្នាក់​នៅ​ផ្ទះ​បង​ប្អូន ឬ​ទៅ​ទី​កន្លែង​ណា​ដែល​ឆ្ងាយ​ដើម្បី​គេច​ចេញ​ពី​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​គណបក្ស​ប្រជាជន​មក​លួង​លោម​ឲ្យ​ចុះ​ចូល។ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​វិច្ឆិកា​នេះ តាម​រយៈ​ការ​ផ្សាយផ្ទាល់​តាម​ហ្វេស​បុក​របស់សកម្មជន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ។

ក្នុងនោះ​លោក សម រង្ស៊ី អះអាង​ជា​ថ្មី​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ក្រុង​ឡូវ៉ែល​ រដ្ឋម៉ា​សា​ឈូសេត​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ជាង​៥​ពាន់​នាក់​នៅតែ​ជា​តំណាង​ពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ព្រោះ​ពួក​គេ​ទទួល​បាន​ការ​បោះឆ្នោត​ផ្ដល់សេចក្ដី​ទុក​ចិត្ត​ពី​ពលរដ្ឋ។ ដូច្នេះ​ក៏​មាន​តែ​ពលរដ្ឋ​ដែរ ទើប​អាច​ដក​សេចក្ដី​ទុក​ចិត្ត​នោះបាន​ដោយ​មិនមែន​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​នោះ​ទេ។ នេះ​បើ​តាមលោក សម រង្ស៊ី ។

សូមបញ្ជាក់ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​ទុក​ពេល​ពីរ​សប្ដាហ៍​ថែម​ទៀត ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង ដែល​ចង់​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន។

គួរកត់សម្គាល់ថា ទោះ​មាន​ការ​អំពាវ​ឲ្យ​ចុះ​ចូល និង​ការ​អំពាវនាវ​ឲ្យ​ទប់​ស្កាត់​យ៉ាង​ណាក៏​ដោយ ក៏​ចលនា​នៃ​ការ​ចាក​ចេញ​មក​រួម​រស់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ពី​សំណាក់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជាតិ​នៅ​តែ​កើត​មាន​រៀង​រាល់​ថ្ងៃ។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ផង​ដែរ។ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះជាតិ​មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​សាលដីកា​ដូច​ជា​ការ​ទម្លាក់​ស្លាក​គណបក្ស រំលាយ​អង្គ​ការ​ចាត់​តាំង ហើយ​បើ​សិន​អ្នក​ទាំង១១៨​នាក់​បន្ត​សកម្មភាព​នយោបាយ​ទៀត​នោះ ពួកគេ​នឹង​ប្រឈម​បទ​ល្មើស​មួយ​ទៀត។នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

 

What Next?

Recent Articles

Leave a Reply

Submit Comment