លោក ហ៊ុន សែន ប្រកាស​មិន​ឱនក្បាល ដល់​ការ​គំរាម​កាត់​ជំនួយ​ដោយ​បរទេស

លោក ហ៊ុន សែន​ ថ្លែង​ទៅ​កាន់​កម្ម​ករ​-កម្ម​ការិនី​ពី​ម្សិលនៅ​កោះពេជ​្រ​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ជំហរ​ថា នឹង​មិន​អើពើ និង​មិន​កោត​ញញើត​ចំពោះ​រាល់​ការ​គំរាម​ពី​ប្រទេស​មួយ​ចំនួន​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ។

ប្រតិកម្ម​ជាមួយ​ការព្រមាន​របស់​សហគមន៍​បរទេស​នេះ លោក នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​កម្មក​រក​ម្មការិនី​រោងចក្រ​ជាង ៥ ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ កោះពេជ្រ​ កាល​ពី​ម្សិល​មិញ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «មិន​អាច​ឱនក្បាល​ធ្វើ​ឲ្យ​បាត់​ឯករាជ្យ អធិបតេយ្យ​ជាតិ​គ្រាន់​តែ​ចង់​បាន​ជំនួយ​បន្ដិច​បន្តួច​នោះ​ទេ។ មិន​ទាន់​ធ្វើ​សវនកម្ម​ផង បន្តិច​ទៅ​ធ្វើ​សវនកម្ម​ថា ហ្ហែង​យក​លុយ​ទៅ​ធ្វើអី មក​ចាយ​ស្រុក​អញ មក​ចាយ​បំផ្លាញ​ស្រុក​អញ​អត់​បាន​ទៀត​ ឲ្យ​វា​ច្បាស់​អ៊ីចឹង​ធ្វើ​ឲ្យ​វាឡូយ សឿង​បន្តិច​មើល មនុស្ស​ធ្លាប់​ស៊ី​គល់​ចេក វ៉ៃ​អាពត កុំ​មក​គំ​រាម​ដាក់​កាត់​នេះ​កាត់​នោះ​អី អត់​ទេ កុំ​មក​រញ៉េរញ៉ៃ​ហ្នឹង»។

លោក ហ៊ុន សែន ក៏បាន​បន្ទរ​បន្ថែម​ចំពោះ​ការ​គំរាម​កាត់​ជំនួយ​នានា​ ដូចជា ជំនួយ​សម្រាប់​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជំនួយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​បាន​មក​ពី​សហរដ្ឋ​អាមេរិក។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ឥឡូវ​មាន​អ្នក​ខ្លះ​គំរាម គេ​ថា​បិទ​ផ្សារ​អ៊ីចេះ​អ៊ីចុះ។ អ្នក​ឯង​បិទ​លមើល អ្នក​ឯង​បិទ​ក៏​អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​វិស័យ​ឯកជន​របស់​អ្នក​ឯង​បាន​ចុះ​កុង​ត្រា​ទិញ​រួចហើយ។ អ្នក​ឯង​បិទ​ៗ​​ជា​នយោបា​យ​ក៏​ប៉ុន្តែ​អនុវត្ត​មិន​បាន​ទេ​ហើយ​​ខ្ញុំ​ស្វាគមន៍​ណាស់​ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ខ្ញុំ​សូម​ស្វាគមន៍​តែ​ម្ដង»។

លោកនាយក​រដ្ឋ​មន្ត្រី ក៏បាន​ថ្លែង​បន្ត​ទៀត​ថា៖ «អ្នកឯង​និយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​អ្នក​ឯង​កាត់​ជំនួយ​ពី​គណៈកម្ម​ការ​បោះ​ឆ្នោត​ អ៊ីចឹង​អ្នក​ឯង​បាន​ទន្ទឹម​នឹង​ផ្តួល​ខ្ញុំ​មិន​ដួល​ហើយ អ្នក​ឯង​បាន​រួម​ចំណែក​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា ហើយ​យក​ល្អ​អំពាវនាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំង​អស់​តែ​ម្ដង»។

លោក​នា​យក​​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា ការ​គំរាម​កាត់​ជំនួយ​ដោយ​សហរដ្ឋ​អាមេរិក នឹង​មិន​ជះ​ឥទ្ធិពល​អាក្រក់​ណា​មួយ​ដល់​ប្រទេស​ កម្ពុជា ​នោះ​ទេ​ពីព្រោះ​ជំនួយ​ទាំង​នោះ​ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អាមេរិក។

លោក ហ៊ុន សែន អះអាង​ថា៖ «ពី​ព្រោះ​កាត់​ទៅ​វា​ងាប់​អា NGOs នៅ​ក្នុង​ស្រុក​ទាំងអស់។ ទៅ​សម្លាប់​កូន​របស់​អ្នក​ឯង​តែ​ម្ដង​ទៅ ស្អី​ឡើង​កាត់ៗ កាត់​ទៅ។ ឆ្នាំ ២០១៣ អគ្គរដ្ឋ​ទូត​អាមេរិក​ពេល​នោះ​បាន​មក​សួរ​ខ្ញុំ​ថា ​ម៉េច​បាន​ជា​ឯកឧត្ដម និយាយ​ពេល​ហ្នឹង​ ​ហើយ​ជំរុញ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ ខ្ញុំ​ថា​ អ្នក​ឯង​គិត​មើល ​អ្នក​ឯង​មិន​ទៅ​សួរ​សមាជិក​ព្រឹទ្ធសភា​ទៅ​សួរ​សមាជិក​សភា​អាមេរិក​ទៅ។ បើ​គេ​និយាយ​ ខ្ញុំ​ក៏​ត្រូវ​និយាយ ទៅ​ខ្ទប់​មាត់​អា​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា ​ឯណោះ កុំ​ឲ្យ​វា​ចេះ​​តែ​និយាយ​កាត់ៗ អ៊ីចឹង​កាត់​តែ​ម្ដង​ទៅ ​ចាំ​បា​ច់​និយាយ​ច្រើន​ម៉េ្លះ។​ ប៉ុន្តែ​អា​អ្នក​ងាប់​មុន​គេ​ជា​ អាណា អ្នក​ងាប់​មុន​គេ​ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បំផ្លាញ​យើង​រាល់​ថ្ងៃ​ងាប់​មុន​គេ​ទៅ»។

លោក​បញ្ជាក់​ថា ដូចជា​គំរាម​កាត់​ជំនួយ CMAC ក៏បាន​អនុញ្ញាត​ឲ្យ CMAC ប្រកាស​ភ្លាម​ថា រាជ​រដ្ឋាភិបាល​ដាក់លុយ​ជួស បន្ទាប់​មក​ទៅ​ចរចារ​ជាមួយ​ចិន ហើយ​ចិន​មិន​ត្រឹម​ថា​ដាក់​លុយ​សម្រាប់​ជំនួស​ជំនួយ​អាមេរិក​សម្រាប់ CMAC នោះ​ទេ ចិន​បាន​ប្រកាស​ថា នឹង​ផ្ដល់​អាទិភាព​សម្រាប់​ដោះ​មីន និង​បំផ្លាញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា មិន​ប៉ុន្មាន​មាន​អី​ឲ្យ​លុយ​មក​វិញ​តើ​ ​ដោយ​ខ្លាច​ចិន​មក​អង្គុយ​ជំនួស​កៅអី​របស់​គេ។

ក្នុង​រយៈពេល ៣ ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ក្រោយ​ពី​តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​រំលាយ​គណបក្ស​ប្រឆាំង និង​ហាម​ឃាត់​ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន ១១៨ រូប​ពី​ការ​ធ្វើ​នយោបាយ​រហូត​ដល់​ទៅ ៥ ឆ្នាំ ក៏​មាន​តំណាង​រដ្ឋាភិបាល​បរទេស និង​អង្គការ​អន្តរជាតិ​នានា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស និង​សម្តែង​ការ​ព្រួយ​បារ​ម្ភពី​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតយ្យ​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​សុក្រ​ ចុង​សប្ដាហ៍​កន្លង​មក​នេះ​ សេតវិមាន​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ដែល​សេតវិមាន​ចាត់​ទុក​ថា​ មាន​ចរិត​នយោបាយ។

ជា​ការ​ឆ្លើយតប​ជា​ជំហាន​ទីមួយ អាមេរិក នឹង​កាត់​ផ្ដាច់​ការ​គាំទ្រ​សម្រាប់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​រដ្ឋបាល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ ខាង​មុខ។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារថា៖ «ស្ថិត​ក្នុង​ផ្លូវ​ដើរ​បច្ចុប្បន្ន​នេះ ការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ នឹង​មិន​ស្រប​តាម​ច្បាប់ សេរី និង​យុត្តិធម៌​នោះ​ឡើយ។ រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ពេល​វេលា ដើម្បី​កែប្រែ​ផ្លូវ​ដើរ​នោះ​នៅ​ឡើយ និង​ទាម​ទារ​ឲ្យ​ដោះ​លែង​​លោក កឹម សុខា»។

ជាមួយគ្នា​នេះដែរ សហភាព​អ៊ឺរ៉ុប​ដែល​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​វាយនភ័ណ្ឌ​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​រំលោភ​លើ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង​ និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​នយោបាយ។

សេចក្ដីថ្លែងការណ៍នេះ ថ្លែង​ថា៖ «ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ គឺ​ជា​លក្ខខណ្ឌ​ចាំបាច់​តម្រូវ​ឲ្យ​មាន មុន​នឹង​កម្ពុជា​អាច​បន្ត​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម (EBA) ជាមួយ​សហគមន៍​អឺរ៉ុប ដែល​ កម្ពុជា​អាច​នាំ​ទំនិ​ញ​គ្រប់​បែប​យ៉ាង​ចូល​សហគមន៍​ អឺរ៉ុប លើក​លែង​តែ​អាវុធ​ជាតិ​ផ្ទុះ»។

ខណៈ សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​ ស៊ុយ​​អែត លោកស្រី Margot Wallstrm ព្រមាន​ថា រដ្ឋាភិបាល ស៊ុយ​អែត នឹង​ពិចារណា​ឡើង​វិញ​អំពី​ជំនួយ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ កម្ពុជា ដោយ​ចាត់​ទុក​ចំណាត់​ការ​រ​បស់​រដ្ឋាភិបាល ទៅ​លើ​បក្ស​ប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ការ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើរ​ថយ​ក្រោយ។

បន្ទាប់​មក​រដ្នមន្ត្រី​ការ​បរទេស​អូស្រ្តាលី លោកស្រី Julie Bishop ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា អូស្ត្រាលី​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ ហើយ​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា។

លោក Mark Field រដ្ឋ​មន្ត្រី​កិច្ច​ការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​ចក្រភព​អង់គ្លេស អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​រួម​មាន​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អន្តរជាតិ Human Right Watch អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness អង្គការ Freedom House ព្រម​ទាំង​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (APHR) ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ។

ផ្ទុយ​ពីនេះ តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ចិន លោក Geng Shuang ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង ប៉េកាំង ថា ប្រទេស​ចិន​គាំទ្រ កម្ពុជា ក្នុង​ការការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ​របស់​ខ្លួន។

លោក Geng Shuang ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា៖ «យើង​បាន​សង្កត់​ធ្ងន់​ជាច្រើន​ដង​រួច​មក​ហើយ​ថា ប្រទេស​ចិន ដែល​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ល្អ ជា​ដៃ​គូ​ល្អ និង​ជា​បង​ប្អូន​ដ៏​ល្អ​បាន​គាំទ្រ​កម្ពុជា ក្នុង​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សម​ស្រប នឹង​លក្ខខណ្ឌ​ជាតិ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម តេលេក្រាម ថា៖ «ការ​គំរាម​កាត់​ជំនួយ​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បញ្ជាក់​ច្បាស់​ថា ក្រុម​មេ​ក្លោង​បដិវត្តន៍​ពណ៌​មាន​ប្រតិកម្ម​ខ្លាំង​យ៉ាង​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ជួយ​អាយ៉ង​របស់​ក្រុម ពួក​ខ្លួន​នោះ​ទេ»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រកាស​មិន​ឱនក្បាល ដល់​ការ​គំរាម​កាត់​ជំនួយ​ដោយ​បរទេស"

  1. Anonymous says:

    be ready Mr the coffin is coming soon that what you asking for . at the end of this month you will fine out . GOD bless Cambodia

  2. Sam says:

    ចំបើុងមួយទងចុងក្រោយអាចបំបាក់ខ្នងក្របី

  3. Anonymous says:

    Khmer nearly 3 millions were died by China behind the Khmer Rouge regime, and now they said good neighboring, good friend, good partner, in face they come to take land, forests and mine and all natural resources of cambodia.

Leave a Reply

Submit Comment