វ៉ន ពៅ ថា​មិន​បាន​រត់​គេចខ្លួន ឬ​ពាក់ព័ន្ធ​បដិវត្ត​ពណ៌នោះទេ

លោក វ៉ន ពៅ នៅ​ពេល​ចាប់ខ្លួន​នាខែ​មករា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុសិ៍្ត



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក វ៉ន ពៅ ប្រធាន​សមា​គមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ស្វាគមន៍​ការ​អត្ថា​ធិប្បាយ​របស់​លោក ​ហ៊ុន សែន ក្នុងការធានា​អះ​អាង​ថា​នឹង គ្មាន​ចាប់ខ្លួន​​រូប​លោក​នោះ ​និង​ថា​លោក​មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ឡើយ។

ការ​ឆ្លើយតប​នេះ​ ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពីព្រឹក​មិញ បាន​ប្រកាសចំឈ្មោះ​ថា លោក​ វន់ ពៅ ថា​កំពុង​តែ​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ឲ្យ​វិល​ត្រឡប់​មក​វិញ ដោយ​គ្មាន​ការ​ចាប់​ខ្លួន​។

ជាមួយគ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី​១៦ ខែ​វិច្ឆិកា ជា​ថ្ងៃ​បើក​សវនា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​តុលាការ​កំពូល​ ក្រុម​មេធាវី​បាន​របស់​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​វីដេអូ​ស្ដីពី​សកម្មភា​ព​លោក​ វ៉ន ពៅ បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ក្នុង​ឆ្នាំ​២០១៣​ និង​ទាម​ទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​។

សកម្មភាព​ទាំងនេះ ជា​អ្វី​ដែល​ក្រុម​មេធាវីយល់​​ថា​ជា​ការ​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ចលនា​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ ​”បដិវត្ត​ផ្កា​ឈូក” ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋា​ភិបាល​។

លោកវ៉ន ពៅ ឲ្យ​ដឹង​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​មិន​បាន​រត់​ទៅ​ណា​នោះ​ទេ​លោក​គ្រាន់​តែ​អញ្ជើញ​ទៅ​ការិយា​ល័យ​សមាគម​របស់​លោក​នា​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ “ខ្ញុំ​មិន​បាន​ទៅ​ណា​ទេ​ខ្ញុំ​គ្រាន់​តែ​ទៅ​លេង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ក្រុង​ប៉ោយប៉ែត ព្រោះ​ខ្ញុំ​មាន​ការិល័យ​សាខា​នៅ​ទី​នោះ​”។

“ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​ការ​ល្អ​ប្រសើរ​ហើយ​ដែល​យើង​អត់​មាន​ធ្វើ​ការ​ខុស​អី​ផង​ ហើយ​គាត់​អំពាវ​នាវ​ឲ្យ​មក​វីញ​ កុំ​ឲ្យ​ចេះ​តែ​ចោទ​អញ្ចឹង​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​បារម្មណ៍​ដែរ។ ឥឡូវ​យើង​មាន​ការ​បារម្មណ៍​ ពេល​គាត់​និយាយ​អញ្ចឹង​ដូច​ជា​បង្ហាញ​ថា​ផ្តល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​តែង​តែ​បារម្មណ៍​ដូច​(ខ្ញុំ)​អញ្ចឹង​ដែរ”។

លោក​ក៏​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​ចូល​រួម​ឬ​ ប៉ុន​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​ណា​មួយ​ប្រឆាំង​នឹង​រាជ​រដ្ឋា​ភិបាល ហើយ​ថា​ទាំងនេះ​គឺ​«​ធ្វើ​តាម​វិជ្ជា​ជីវៈ​គឺ​ការពារ​ប្រយោជន៍​កម្មករ​ក្រៅ​ប្រព័ន្ធ​តែ​ប៉ុណ្ណឹង»។

ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​កម្ម​កា​រក​ម្មា​រិ​នី​ជាង​៥​ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​ជាង​៤.៦០០ នា​មជ្ឈ​មណ្ឌល​ពី​ព័រណ៍ និង​សន្និបាត​កោះពេជ្រ​កាលពីព្រឹក​​ថ្ងៃអាទិត្យ ​​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​ថា​មាន​មនុស្ស​មួយ​ចំនួន​ព្រោះតែ​ការធ្វើសកម្មភាព​ល្មើសច្បាប់ កំពុងតែ​គេចខ្លួន​ទៅ​ក្រៅប្រទេស។​

លោក​ថា ​លោក​បាន​ទាក់ទង​ទៅ​លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យ​ត្រឡប់មកផ្ទះ​វិញ ដោយ​ធានា​អះអាងថា គ្មាន​នរណា​ចាប់ខ្លួន​នោះទេ។

លោក វ៉ន​ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​ចំនួន​​២២​នាក់ទៀត ត្រូវបាន​អា​ជ្ញា​ធរ​ចាប់​ខ្លួន​ក្នុង​ហេតុ​ការណ៍​​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤​ នៅ​មុខ​រោងចក្រយ៉ា​ក​​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង នៅ​ពេល​ដែលកម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។ អ្នក​ទាំង​អស់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ ដល់​សន្តិសុខ​សង្គម។

នៅ​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ឆ្នាំ​២០១៤ សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សនវនាការ​កាត់​ក្តី​លើ​អ្នកទាំងនេះ និង​បាន​សម្រេច​ផ្តន្ទាទោស​លោក វ៉ន ពៅ ចំនួន​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោសទាំងនេះ​ត្រូវ​ព្យួរវិញ ដោយតុលាការ​សម្រេច​ដោះលែង​រូប​លោក និង​អ្នក​ផ្សេង​ទៀត​ផងដែរ៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

Leave a Reply

Submit Comment