ដើមឈើ​ផលិត​ជ័រទឹក​នៅ​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​ព្រះវិហារ​ត្រូវ​គេ​លួច​កាប់​ថ្មី​ទៀត​អស់​រាប់​ម៉ឺន​ដើម

ដោយ ហេង សាកល
2017-11-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ (RFA/Chuop Sereyroth)
ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ (RFA/Chuop Sereyroth)


សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ខែត្រ​ព្រះវិហារ​អះអាង​ថា ដើមឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ដោយ​ក្រុម​ពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​យក​ទៅ​លក់ ឲ្យ​ឈ្មួញ​ជួញដូរ​ខុសច្បាប់ ពុំ​សូវ​មានការ​ទប់ស្កាត់។

សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​ត្បែងមានជ័យ​ខែត្រ​ព្រះវិហារ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឲ្យ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​សង្គ្រោះ​ដើមឈើ ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រះរកា ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពេញបន្ទុក។

បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ និង​ជា​បណ្ដាញ​ការពារ​ព្រៃ​ព្រះ​រកា លោក ស៊ុត សាវ៉ន សម្ដែង​ក្តី​បារម្ភ​ខ្លាំង ពី​ជោគវាសនា​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ឆ្នាំងបាយ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​រង​ហានិភ័យ​ខ្ពស់។ លោក​ថា នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកភូមិ​រាប់​ម៉ឺន​ដើម ត្រូវ​គេ​ឈ្មួញ​លួច​កាប់​ធ្វើ​អាជីវកម្ម ទាំង​យប់ថ្ងៃ រីឯ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ ច្រើនតែ​វាយ​ស្មៅ​បង្អើល​ពស់ និង​ពុំ​សូវ​ចុះ​បង្ក្រាប​ពេញលេញ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ភាគច្រើន បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី និង​ទិញ​គោយន្ត​សម្រាប់​ធ្វើ​កសិកម្ម​ដែល​រំពឹង​ថា ការ​ប្រមូល​ផល​ពី​ការ​ដង​ជ័រទឹក​អាច​មាន​លទ្ធភាព​រក​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ តែ​ផ្ទុយទៅវិញ ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគាត់​ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់៖ «ទប់ស្កាត់​តែមួយ​ភ្លែតៗ​ទេ ពីរ​ទៅ ៣​ថ្ងៃ គឺ​គេ​កាប់​ទៀតហើយ អនាធិបតេយ្យ​គឺ​កាប់​រហូត ការ​កាប់​ហ្នឹង​គឺ រាប់មិនអស់​ទេ គឺ​រាប់​ម៉ឺន​រាប់​សែន​ម៉ែត្រ​គូប»

អនុប្រធាន​សហគមន៍​ភូមិ​ប្រមេរ លោកស្រី រឿន ខាន់ កត់​សម្គាល់​ថា ការ​លួច​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះរកា​បាន ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ឧទ្យានុរក្ស​ផង បង្ក​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់។ លោកស្រី​បារម្ភ​ថា ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ បើ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដដែលៗ។ លោកស្រី​អះអាង​ថា បើ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​បរិស្ថាន មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​នេះ​នឹង​គង់វង្ស៖ «ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ដើម​ភាគតិច​ជិត​នឹង​រលាយ ព្រៃ​ក៏​អស់ ជ័រ​ច្បោះ​ក៏​អស់ មិន​ដឹង​ធ្វើ​ម៉េច​ទេ តប់ប្រមល់​ហើយ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទេ អ្នក​មាន​ដើម​ច្បោះ​អស់​មួយ​ចំនួន​ធំ»

ព្រៃ​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង ៤​ឆ្នាំ​មក​ហើយ។

ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ស្វាគមន៍​ពលរដ្ឋ​រាយការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះរការ​នេះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច៖ «យើង​មាន​យន្តការ​ធ្វើ​កិច្ច​ការងារ​យើង នេះ​ជា​ស្ថាប័ន​របស់​ក្រសួង មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល អ៊ីចឹង​បើ​មាន​ករណី​ឆក​ល្វែង​កន្លែង​ណា​ដែរ មាន​កើតហេតុ ឬក៏​បទល្មើស​ជាក់ស្ដែង​ភ្លាមៗ ដែល​សហគមន៍​ជួបប្រទះ​អាច​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន»

ទោះជា​យ៉ាង​ណ​ក៏​ដោយ​ចុះ គេ​សង្កេតឃើញ​ពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃឈើ​តែង​រាយការណ៍​ជា​រឿយ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន ប៉ុន្តែ ការ​កាប់​បំផ្លាញ​ព្រៃ​ការពារ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។

មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ទទួល​ស្គាល់​ថា ការ​លូច​កាប់​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​នៅតែ​កើតមាន ហើយ​មន្ត្រី​បរិស្ថាន​បាន​ចុះ​បង្ក្រាប​ជាច្រើន​ករណី។ លោក​ថា បើ​ពលរដ្ឋ​ណា​បាត់បង់ ដើមឈើ​ផលិត​ជ័រទឹក ត្រូវ​កំណត់​មុខសញ្ញា​ឲ្យ​ច្បាស់ រួច​ដាក់ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ ហើយ​អាជ្ញាធរ​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាបន្ទាន់៖ «ចុង​បញ្ចប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួនឯង ជា​អ្នកធ្វើ យ៉ាងណា​មិញ ខ្លះ​ក៏​លក់​ឲ្យ​គេ​ទៅ ដល់ពេល​ធ្វើ​ជ្រុល​ដល់​ដែន​អ្នក​ផ្សេង​គឺ​គេ​ខឹង។ តាម​ជួយ​អស់​លទ្ធភាព​ហើយ ឲ្យ​តែ​ដឹង​ឈ្មោះថា នៅ​កន្លែង​ណា ខ្ញុំ​នឹង​កោះ​អញ្ជើញ​គាត់​មក»

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​ដើមឈើ​ផលិត​ជ័រទឹក​គឺជា ដង្ហើម​នៃ​អាយុជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​ម៉ឺន​គ្រួសារ តែ​បើ​ដើមឈើ​ផលិត​ជ័រទឹក​ត្រូវ​បាន​គេ​លួច​កាប់​បំផ្លាញ​អស់​មែន​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​កាប់​ដើម​ច្បោះជ័រ យក​ទៅ​ជួញដូរ​នេះ​ខុសច្បាប់ ខណៈ​បច្ចុប្បន្ន​ដើមឈើ​ធំៗ ដែល​អ្នកភូមិ​តែងតែ​ដង​យក​ជ័រទឹក គឺ​បាត់​ពី​ព្រៃ​ជា​បន្តបន្ទាប់​៖ «ព្រៃ​ព្រះ​រកា​នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់ ហើយ​ការ​ដឹកជញ្ជូន​ជាប្រចាំ​តែម្ដង»

សហគមន៍​កត់សម្គាល់​ថា ការ​សម្របសម្រួល​ឲ្យ​អ្នកភូមិ​ទទួលយក​ប្រាក់​សំណង​តិចតួច ពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹកជា​ថ្នូរ គឺជា​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ ដើម្បី​បញ្ចប់​ការ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដែល​នាំ​ឲ្យ​ជនល្មើស​មិន​រាងចាល។ រីង​ការ​ទទួល​សំណូក​ពី​ជនល្មើស​ជា​ថ្នូរ​ការ​ចូល​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​សហគមន៍ ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ការ​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment