សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ទទូច​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​រួម​កម្លាំង​គ្នា​ឡើង​វិញ

ដោយ អាស៊ីសេរី
2017-11-21

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Photo Provided
ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Photo Provided


សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម ទទូច​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ខ្លួន​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ ដោយ​មិន​​បាច់​នៅ​ស្ងៀមស្ងាត់​ទុក​ឲ្យ​អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នោះ​​ឡើយ។

​​​​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម​ លើក​ឡើង​ថា ពួកគាត់​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ​ដែល​​គណបក្ស​ខ្លួន​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​កម្ទេច​ចោល​ ហើយ​ថ្នាក់​គណបក្ស​នាំ​គ្នា​នៅ​ស្ងៀម​នោះ។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក លី អំរ៉ុង​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​មាន​ស្មារតី​រាំង​មាំ ដោយ​ស្មោះស្ម័គ្រ​នឹង​ម្ចាស់​ដោយ​មិន​ងាករេ​នោះ​​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា​ នៅ​ពេល​នេះ​មន្ត្រី​​ដឹក​នាំ​គណបក្ស​ថ្នាក់​ជាតិ ល្មម​ដល់​ពេល​ទូង​ស្គរ​ហើយ មិន​ត្រូវ​ទុក​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សមាជិក​គណបក្ស​បន្ត​ទៀត​នោះ​ទេ៖ «គឺ​ថា​គាត់​មិន​ចង់​ឲ្យ​វា​បែកបាក់​កម្លាំង​ដែល​ខំ​កសាង​មក​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ គាត់​ចង់​ឲ្យ​មាន​ការ​រឹងមាំ​តែ​វា​គ្រាន់​តែ​ថា ដោយសារ​ពេល​រំលាយ​គណបក្ស​ទៅ​គឺ​ខ្វះ​ទីកន្លែង​ជួប​ជុំ​គ្នា​ គឺ​ថា​ធ្វើ​អ្វី​អត់​កើត​ គឺ​ថា​ច្បាប់​គេ​ហាម​ឃាត់​មិន​ឲ្យ​ជួប​ជុំ​មិន​ឲ្យ​យើង​ប្រមូលផ្ដុំ»

លោក​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​សមាជិក​ក្រុម​ប្រឹក្សា​របស់​គណបក្ស​​ខ្លួន​នៅ​ខេត្ត​កំពង់ចាម ហាក់​ខ្វះ​ភាព​កក់ក្ដៅ​ពី​ថ្នាក់​ដឹក​នាំ​ ដើម្បី​ត្រួសត្រាយ​​​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។​​​

ទាក់ទង​​នឹង​បញ្ហា​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រង្ស៊ី លោក សោ ចាន់ដេត លើក​ឡើង​ថា លោក​ក៏​ពុំ​ទាន់​មាន​តម្រុយ​អ្វី​ពី​មន្ត្រី​ថ្នាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​អះអាង​​ថា លោក​ក៏​មិន​ចង់​នៅ​ស្ងៀម​ដែរ ក៏​ប៉ុន្តែ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​របស់​បក្ស​កាន់​អំណាច​បំផ្លាញ​អស់​ទៅ​ហើយ។ ទន្ទឹម​គ្នា​នេះ​លោក​ថា ​មន្ត្រី​ថ្នាក់​ដឹក​នាំ​គណបក្ស​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ដែរ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ស្ថានការណ៍​នយោបាយ​នឹង​មាន​ច្រក​ចេញ​​ណា​មួយ​នៅ​ពេល​ខាង​មុខ៖ «ដូច្នេះ​សូមឲ្យ​សហការី​អតីត​អ្នក​សង្គ្រោះ​ជាតិ​ដូចគ្នា​​សុំ​មេតា​អត់ធ្មត់ ហើយ​យើង​រក្សា​ភាព​ធម្មតា ព្រោះ​កាលៈទេសៈ ព្រោះ​យើង​វិន័យ​ឲ្យ​គេ​ស្រួល​ស្ដាប់​ គឺ​ថា​មេឃ​កំពុងតែ​ភ្លៀង ដូច្នេះ​យើង​នាំ​គ្នា​ចូល​ជ្រក​បន្តិច​ទៅ​ ​ធ្វើ​យ៉ាង​ម៉េច​ទេ​ កាលៈទេសៈ​មិន​ទាន់​អំណោយ​ផល»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ​ជើងចាស់ លោក​បណ្ឌិត​ ឡៅ​ ម៉ុងហៃ លើក​ឡើង​ថា​ ក្នុង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ​ជម្រើស​ដែល​ល្អ​របស់​គណបក្ស​ប្រឆាំង​មាន​តែ​មួយ​គត់ គឺ​ការ​នៅ​ស្ងៀម​មួយ​រយៈ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​រូប​នេះ​អះអាង​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​នេះ​ក៏​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​អង្វែង​នោះ​ទេ​​ ហើយ​ក៏​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​​ឲ្យ​បាន​ស្អិតល្មួត​ដែរ ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​បន្ត​ការងារ​ទៅ​មុខ​ទៀត៖ «យើង​ខ្លួន​ឯង​នឹង​គឺ​គណបក្ស​នឹង​គឺ​ជា​និមិត្ត​រូប​នៃ​ការ​ផ្លាស់ប្ដូរ​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ ជា​ពិសេស​អ្នក​គាំទ្រ​ចង់​បាន។ រួច​នៅ​ពេល​នេះ​ប្រសិន​ជា​ព្រងើយ​កន្តើយ​វា​បាត់បង់​ទៅ​វា​ខាត​ដល់​ជាតិ​ទាំង​មូល»

​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា សមាជិក​ក្រុម​ប្រឹក្សា​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម អះអាង​ថា​ ហាក់​មិន​ចង់​នៅ​ស្ងៀម​ស្ងាត់​ដោយ​ពុំ​មាន​សកម្មភាព​នយោបាយ​តប​ទល់​ទៅ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ត​ទៅ​ទៀត​នោះ​ទេ។ ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ នៅ​ខេត្ត​កំពង់ចាម ទើប​តែ​មាន​សមាជិក​ក្រុម​ប្រឹក្សា​​គណបក្ស​ចំនួន ២​នាក់​ទេ​ដែល​ទៅ​រួម​រស់​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment