ស៊ុយអ៊ែត​ប្រកាស​សើរើ​កិច្ច​ព្រមព្រៀង​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​

ដោយ វ៉ា សំណព្វ
21/11/2017
RFI

media
លោកស្រី ​Annika Ben David ​​អគ្គរាជទូត​​សិទ្ធិមនុស្ស ​​លទ្ធិ​ប្រជាធិបតេយ្យ ​​និង​​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាល​ពី​អំឡុង​ខែ​តុលា​។ @RFI​


​រដ្ឋាភិបាល​​​ស៊ុយ​អ៊ែត ​នៅ​ថ្ងៃទី ​២១ ​វិច្ឆិកា​បាន​ប្រកាស​ច្បាស់ៗ​ថា ​រដ្ឋាភិបាល​​ប្រទេស​​​នេះ ​នឹង​មិន​​ផ្តល់​​ការ​គាំទ្រ​​ថ្មី​​ណា​មួយ ​ដល់​​ប្រទេស​​កម្ពុជា​ទៀតទេ​ លើក​លែង​តែ​​វិស័យ​​អប់រំ ​​និង​​​កិច្ចការ​​ស្រាវជ្រាវ​។ ​​នេះ​​គឺ​ជា​​សេចក្តី​ប្រកាស​​ជា​​លើក​​ទី​០២​របស់​​រដ្ឋាភិបាល​​ស៊ុយ​អ៊ែត ​​ប្រឈម​​​នឹង​​ស្ថាន​ការ​វិវត្តន៍​​ចុងក្រោយ​​នៅ​​កម្ពុជា ​បន្ទាប់​ពី​​តុលាការ​​កំពូល ​បាន​​សម្រេច​​រំលា​យ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​រួច​មក​។ ​ 

ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំងបំផុត អំពី​ការវិវត្តន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ស៊ុយ​អ៊ែត តាមរយៈ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​សើរើ​នូវ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​ជាមួយ​ភាគី​កម្ពុជា។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ២១ វិច្ឆិកា នេះ រដ្ឋាភិបាល​ស៊ុយ​អ៊ែត បាន​អះ​អាង​ថា នឹងមិន​បន្ត​ការគាំទ្រ​ថ្មី​ណាមួយ​ទៀតឡើយ​ដល់​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​ស្ថាន​ភាព​​នយោបាយ​នៅក្នុង​ប្រទេស​នេះ មិន​វិល​មករក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ។ តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋាភិបាល​ស៊ុយ​អ៊ែត​ប្រកាសថា នឹង​សើរើ​មុន​គេ​​​លើ​​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​រដ្ឋា​ភិបាល​​​​នេះ​ បានផ្តល់​ការគាំទ្រ​ជា​យូ​មកហើយ។

សូមបញ្ជាក់ថា សេចក្តីប្រកាស​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការសន្យា​របស់លោក​ស្រី Annika Ben David អគ្គរាជទូត​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយ​អ៊ែត ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​អំឡុង​ខែតុលា ដែល​បាន​ព្រមាន​ថា ស៊ុយ​អ៊ែត នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​ប្រឆាំង​ត្រូវបាន​រំលាយ។ ដោយឡែក តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃ​នេះ ស៊ុយ​អ៊ែត​ក៏បាន​រំលឹក​ឡើងវិញ​ពី​សេចក្តីថ្លែងការណ៍​កាលពី​សប្តាហ៍​មុន របស់លោក​ស្រី Margot Wallstrom រដ្ឋមន្ត្រីការបរទេស​ស៊ុយ​អ៊ែត ដែល​បាន​ចាត់ទុកថា ការរំលាយ​គណបក្ស​ប្រឆាំង ការវាយប្រហារ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជា​នា​រយៈពេល​ចុងក្រោយ​នេះ គឺជា​ការឆ្លើយតប​ដ៏​គ្រោះថ្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នេះ។

គួរ​​ជំរាបជូន​​ដែរ​ថា អស់​រយៈពេល​ជា​យូ​មកហើយ ដែល​ស៊ុយ​អ៊ែត បានធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​​​​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ជា​ពិសេស​​លើ​វិស័យ​​សំខាន់ៗចំនួន​បី រួមមាន ទី០១. ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស សម​ភាព​​​យែ​ន​​ឌ័​រ, ទី០២. អភិបាលកិច្ច​ល្អ ការអប់រំ និង​ការងារ និង​ទី០៣. គឺ​វិស័យ​​បរិស្ថាន និង​​​ការ​​ប្រែប្រួល​អាកាសធាតុ​ជាដើម។ កិច្ចសហប្រតិបត្តិការ​ទាំងនេះ ត្រូវ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​​ឡើង​វិញ​ជា​ទៀងទាត់​នៅ​រយៈពេល៤ឆ្នាំ​ម្តង ហើយ​កិច្ច​សហ​ប្រតិបត្តិ​ការ​​ចុង​ក្រោយ ត្រូវបានធ្វើ​រួចហើយ ចាប់ពី ២០១៤-២០១៨ ។

គិត​​ត្រឹម​ល្ងាច​ថ្ងៃទី ២១ វិច្ឆិកា នៅ​មិនទាន់មាន​ប្រតិកម្ម​តប​ពី​រដ្ឋាភិបាល​កម្ពុជា ទៅនឹង​សេចក្តីសម្រេច​របស់​ស៊ុយ​អ៊ែត​វិញ​នៅឡើយ​ទេ៕

What Next?

Recent Articles

Leave a Reply

Submit Comment