អ្នក​វិភាគ​​រិះគន់​រដ្ឋសភា​ដែល​បញ្ចប់​មុខ​តំណែង​បុគ្គលិក​​ផ្នែក​បច្ចេកទេស​ពី​កូតា​បក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-11-21
អាស៊ីសេរី
2017-11-20

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នា​រដ្ឋសភា ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Van Vanndeth
អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នា​រដ្ឋសភា ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Van Vanndeth


អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​សម្រេច​បញ្ចប់​ការ​ផ្ដល់​ប្រាក់​ខែ​ដល់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គិត​ចាប់​ពី​ខែ​វិច្ឆិកា ត​ទៅ។ ក្រៅ​ពី​ផ្ដាច់​ប្រាក់​ខែ​ហើយ សម្ភារៈ​ការិយាល័យ​ដែល​បក្ស​ប្រឆាំង​ធ្លាប់​ប្រើ​ប្រាស់​ក៏​ត្រូវ​ដក​ហូត និង​ប្រមូល​ចូល​រដ្ឋ​វិញ​ដែរ។

ប្រតិកម្ម​នឹង​ចំណាត់​ការ​នេះ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​អនុវត្ត​ដូច​នេះ គឺ​ជា​ការ​បង្ខិត​បង្ខំ​ធ្ងន់ធ្ងរ​ពេក​ហើយ ជា​ពិសេស​បុគ្គលិក​ផ្នែក​ការិយាល័យ​ដែល​មិន​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង។

ការ​រិះគន់​នេះ ស្រប​ពេល​រដ្ឋសភា​បាន​ជូន​ដំណឹង​ស្ដីពី​ការ​បញ្ចប់​មុខ​តំណែង​អតីត​តំណាងរាស្ត្រ​ទាំង ៥៥​រូប ជំនួយ​ការ​ទីប្រឹក្សា និង​អ្នក​បើក​រថយន្ត​របស់​បក្ស​ប្រឆាំង​សរុប​ប្រមាណ ១០០​នាក់ ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​នយោបាយ។ ក្រៅ​ពី​នេះ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ក៏​បាន​សម្រេច​ផ្ដាច់​ប្រាក់​ខែ​តំណាងរាស្ត្រ​ទាំង ៥៥​រូប គិត​ចាប់​ពី​ខែ​វិច្ឆិកា នេះ​ត​ទៅ។

យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ក្នុង​ប្រទេស​ដែល​អនុវត្ត​របប​ប្រជាធិបតេយ្យ បុគ្គលិក​ផ្នែក​បច្ចេកទេស​គេ​ពុំ​ដែល​បញ្ចប់​មុខ​តំណែង​ឡើយ ហើយ​ការ​ជំរុញ​ឲ្យ​មាន​សម្ពាធ​ដល់​មន្ត្រី​បច្ចេកទេស​នេះ គឺ​ជា​ការ​អនុវត្ត​លើស​ស្តង់ដារ និង​ហួស​បន្ទាត់​ក្រហម​ដែល​ប្រទេស​ប្រកាន់​គោលការណ៍​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​កំណត់​ហើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ មាន​ប្រសាសន៍​ថា សម្រាប់​តួនាទី​តំណាងរាស្ត្រ​វា​មិន​ខុស​ឆ្គង​អ្វី​ទេ ដែល​រដ្ឋសភា​ត្រូវ​បញ្ចប់​នោះ ព្រោះ​ច្បាប់​បាន​បញ្ញត្តិ​រួច​ហើយ ក្រោយ​ពី​គណបក្ស​ខ្លួន​ត្រូវ​រំលាយ ដោយ​ហេតុ​ផល​ណា​មួយ គឺ​តួនាទី និង​ភារកិច្ច​ត្រូវ​បញ្ចប់​ដោយ​ស្វ័យប្រវត្តិ​ដែរ។ ប៉ុន្តែ ការ​អនុវត្ត​លើស​កម្រិត​ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា រដ្ឋសភា​កំពុង​តែ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​នោះ គឺ​នៅ​ត្រង់​ថា រដ្ឋ​សភា​បាន​បញ្ចប់​កិច្ច​ការ​នានា​រហូត​ដល់​បុគ្គលិក​ផ្នែក​បច្ចេកទេស​ថែម​ទៀត ដែល​មាន​ការ​គាំពារ​ដោយ​ច្បាប់។ ទាំង​នេះ​ហើយ​ដែល​អ្នក​វិភាគ​នយោបាយ​ជើង​ចាស់​រូប​នេះ ចាត់​ទុក​ថា នេះ​ការ​អនុវត្ត​ដែល​រំលោភ​លើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​របស់​រដ្ឋសភា៖ «មាន​មន្ត្រី​ខ្លះ​ដែល​ជា​មន្ត្រី​រដ្ឋបាល​របស់​រដ្ឋសភា​ហ្នឹង អា​ហ្នឹង​គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ គឺ​គេ​អត់​ត្រូវ​បញ្ឈប់​ទេ»

ឡៅ ម៉ុងហៃ ២០១៧ ៦២២
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA

គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​នៅ​តាម​ឃុំ​សង្កាត់ ដែល​បម្រើ​គោលនយោបាយ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា ហាក់​សប្បាយ​ចិត្ត​ក្នុង​ការ​ដើរ​ដក​ហូត​ទ្រព្យសម្បត្តិ និង​ធ្វើ​ជំរឿន​ភ្លាមៗ នៅ​តាម​សាលា​ឃុំ​សង្កាត់​ដែល​មាន​មេឃុំ និង​ចៅ​សង្កាត់​របស់​បក្ស​ប្រឆាំង​ធ្វើ​ការ។ ក្នុង​ពេល​សាលដីកា​របស់​តុលាការ​កំពូល​មិន​ទាន់​ទាំង​បាន​ចូល​ជា​ស្ថាពរ​នៅ​ឡើយ​ផង កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ បាន​ដើរ​រំលំ​ស្លាក់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​នេះ នៅ​មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​បក្ស​កាន់​អំណាច​បង្ខំ​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​ថែម​ទៀត។

ដោយ​ឡែក អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​គណបក្ស​ប្រឆាំង ត្រូវ​ប្រគល់​សម្ភារៈ​ប្រើប្រាស់ រួម​មាន​រថយន្ត និង​សម្ភារៈ​ការិយាល័យ​ជាដើម ប្រគល់​ជូន​រដ្ឋ​វិញ។ លិខិត​ជូន​ដំណឹង​ដែល​ចេញ​ដោយ​លោក ឡេង ប៉េងឡុង ក៏​បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

បន្ថែម​លើ​លិខិត​ជូន​ដំណឹង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បដិសេធ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា មក​ដល់​ពេល​នេះ​លោក​ពុំ​ទាន់​បាន​ដឹង​ថា​តើ​មាន​សម្ភារៈ​អ្វី​ខ្លះ​ហើយ ដែល​បក្ស​ប្រឆាំង​ប្រគល់​សង​រដ្ឋ​វិញ។ លោក​បន្ត​ថា រដ្ឋសភា​មាន​ភ្នាក់ងារ​ផ្សេង​សម្រាប់​ចាំ​ទទួល​សម្ភារៈ​នេះ ដែល​ចំនួន​ពិត​ប្រាកដ​មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៖ «ត្រូវ​បញ្ចប់​ត្រឹម​ខែ ១១​ហ្នឹង។ ខ្ញុំ​មិន​បាន​ដឹង​ច្បាប់​ទេ ប៉ុន្តែ​មាន​ក្រុម​ការងារ​មួយ​គេ​ទទួល​បន្ទុក ហើយ​បាន​មក​ខ្លះ​ហើយ»

អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ប្រតិកម្ម​បាន​ភ្លាមៗ​ជុំវិញ​ចំណាត់​ការ​នេះ​ទេ ពី​ខាង​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។ បើ​ទោះ​ជា​បែប​ណា ស្រប​ពេល​រដ្ឋសភា​ប្រកាស​ប្រមូល​ទ្រព្យសម្បត្តិ​ចូល​រដ្ឋ​វិញ​នេះ លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​រថយន្ត​ឡង់គ្រីស័រ ( Land Cruiser) ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៥ មួយ​គ្រឿង​វិញ​ភ្លាមៗ​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment