អ្នក​វិភាគ-​សង្គម​ស៊ីវិល​ហៅ​ការ​មិន​ទទួល​យក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​ការ​គោរព​ឆន្ទៈ​រាស្ត្រ

ដោយ អាស៊ីសេរី
2017-11-21

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


អ្នក​វិភាគ និង​សង្គម​ស៊ីវិល ហៅ​ការ​ប្រកាស​មិន​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​រដ្ឋ​សភា និង​នៅ​ឃុំ​សង្កាត់ ពី​សំណាក់​គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថា​ជា​ការ​គោរព​ឆន្ទៈ​រាស្ត្រ និង​មាន​មនសិការ​ខ្ពស់​របស់​អ្នក​នយោបាយ។

​គិត​ត្រឹម​ថ្ងៃ​ទី​​២១ វិច្ឆិកា មាន​គណបក្ស​នយោបាយ​ចំនួន ២ តែប៉ុណ្ណោះ ដែល​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​មិន​ទទួល​យក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ។ ឯ​គណបក្ស ៣ ផ្សេង​ទៀត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ប្រកាស​ទទួល​យក​អាសនៈ​ដែល គ.ជ.ប ចែក​ឲ្យ។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​បែងចែក​អាសនៈ​របស់ គ.ជ.ប ថា​ជា​រូបមន្ត​នៃ​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច ដោយ​មិន​ឈរ​លើ​គោលការណ៍​ច្បាប់៖ «ឥឡូវ​នេះ​ធ្វើ​តាម​រូបមន្ដ​គេ​បែងចែក! អ្នក​ណា​មិន​ទទួល​គេ​គិត​ទៅ​តាម​ហ្នឹង​ទៀ​តទៅ​បាទ! ហើយ​បើ​អត់​មាន​រូបមន្ត​ហ្នឹង​ទេ ជា​ថ្មី​ម្ដង​ទៀត​គឺ​គេ​សម្រេច​អត្តនោម័ត​ទៅ​បាទ! ដូចជា​សម្ដេច​នាយក​គាត់​សម្រេច​ថា អ្នក​ណា​ចុះចូល​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចុះ​ចូល​មក​បន្ត​ការងារ អា​ហ្នឹង​សម្រេច​អត្តនោម័ត អត់​មាន​ឈរ​លើ​គោលការណ៍​ច្បាប់​អី​ទេ»

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា បាន​សរសេរ​លិខិត​មួយ​ទៅ​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​មិន​ទទួល​យក​អាសនៈ​ណា​មួយ​ដែល គ.ជ.ប បែងចែក​ឲ្យ​នៅ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​នោះ​ទេ។ ឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ប្រធាន​គណបក្ស​នេះ គឺ​លោក យ៉េង វីរៈ បាន​សរសេរ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ប្រធាន គ.ជ.ប ថា លោក​មាន​កិត្តិយស​សូម​ជម្រាប​ជូន​លោក ស៊ិក ប៊ុនហុក ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​ទទួល​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ខឹម វាសនា ២០១៧ ៨៥៥
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA

​នាយក​ប្រត្តិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ សរសើរ​គណបក្ស​ទាំង​ពីរ​ដែល​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ៖ «គេ​មិន​ទទួល​យក​វា​ជា​ហេតុផល​មួយ​ល្អ​ហើយ​ដែល​គេ​ទទួល​ស្គាល់​ការពិត បើសិនជា​ពួកគេ​មាន​ការ​គាំទ្រ ម្ល៉េះ​ពួកគេ​ទទួល​បាន​អាសនៈ​ច្រើន​ហើយ។ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ គេ​ទទួល​បាន​អាសនៈ​តិច អ៊ីចឹង​បាន​ន័យ​ថា អ្វី​ដែល​គេ​ចង់​បាន​ហ្នឹង គឺ​ការ​គាំទ្រ​ពិតប្រាកដ​ពី​ម្ចាស់​ឆ្នោត។ ខ្ញុំ​ហាក់​​នៅ​យល់​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​ហ្នឹង ហាក់បីដូចជា​ពួកគេ​មិន​ទាន់​អស់​អាល័យ​ពី​មេដឹកនាំ ពី​គណបក្ស​ហ្នឹង​នៅ​ឡើយ​ទេ ដូចជា​មើល​មិន​ឃើញ​សញ្ញា​នៃ​ការ​គាំទ្រ​គណបក្ស​ពីរ​ហ្នឹង នៅ​ពេល​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​ហ្នឹង»

ទន្ទឹម​នឹង​គណបក្ស​ចំនួន​២ ដែល​ប្រកាស​មិន​ទទួល​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​គេ​ប្រសិទ្ធិ​នាម​ជា​អ្នក​នយោបាយ​ស៊ី​កេរ​ឪពុក​ហាក់​បង្ហាញ​ជំហរ​ចង់​បាន​កៅអី​របស់​បក្សប្រឆាំង​យ៉ាង​ខ្លាំង។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​រង​ការ​ចោទ​ថា មិន​ត្រឹមតែ​ចង់​បាន​អាសនៈ​បក្ស​ប្រឆាំង​ទេ ថែម​ទាំង​ចង់​បាន​ស្លាក និង​បង្គោល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត។ តាម​រយៈ​រូបថត​ដែល​គេ​បង្ហោះ​ត​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ហែក​បដា​គណបក្ស​សង្គ្រោះ​ជាតិ ចោល ហើយ​យក​បដា​បក្ស​ខ្លួន​ទៅ​បិទ​នៅ​លើ​បង្គោល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​មុខ​អនុវិទ្យាល័យ​ក្ដាត ក្នុង​ឃុំ​កោះតូច ស្រុក​ទឹកឈូរ ខែត្រ​កំពត។

​ក្រៅ​ពី​នេះ ក៏​មាន​គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ក៏​បាន​ប្រកាស​ទទួល​យក​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី គ.ជ.ប ផង​ដែរ ខណៈ​ដែល​អនុប្រធាន និង​សមាជិក គ.ជ.ប ២​នាក់ បាន​លា​ឈប់​ដោយ​យល់​ថា ការ​បែង​ចែក​កៅអី​ដែល​ក្បត់​នឹង​ឆន្ទៈ​រាស្ត្រ​នឹង​ធ្វើ​ឲ្យ​មន្ត្រី គ.ជ.ប ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រំលាយ​គណបក្ស​ប្រឆាំង និង​យក​កៅអី​បក្ស​ប្រឆាំង​ចែក​គ្នា ដោយ​មិន​ខ្លាច​ស្អុយ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​ណា​មិន​ពេញ​ចិត្ត​អាច​ប្រកែក​មិន​ទទួល​យក​អាសនៈ​បក្ស​ប្រឆាំង​បាន ដោយ​លោក​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក នឹង​ទទួល​យក​អាសនៈ​នៅ​សេសសល់​ទាំង​អស់។

​លោក សន ជ័យ មើល​ឃើញ​ថា ការ​បោះឆ្នោត​ខាង​មុខ នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​កើន​សំឡេង​នោះ​ទេ តែ​ក្ដីបារម្ភ​របស់​លោក​គឺ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​អស់​អាល័យ​នឹង​លែង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨៕

អ្នក​វិភាគ និង​សង្គម​ស៊ីវិល ហៅ​ការ​ប្រកាស​មិន​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​រដ្ឋ​សភា និង​នៅ​ឃុំ​សង្កាត់ ពី​សំណាក់​គណបក្ស​សម្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថា​ជា​ការ​គោរព​ឆន្ទៈ​រាស្ត្រ និង​មាន​មនសិការ​ខ្ពស់​របស់​អ្នក​នយោបាយ។

​គិត​ត្រឹម​ថ្ងៃ​ទី​​២១ វិច្ឆិកា មាន​គណបក្ស​នយោបាយ​ចំនួន ២ តែប៉ុណ្ណោះ ដែល​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​មិន​ទទួល​យក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ។ ឯ​គណបក្ស ៣ ផ្សេង​ទៀត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ប្រកាស​ទទួល​យក​អាសនៈ​ដែល គ.ជ.ប ចែក​ឲ្យ។ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​បែងចែក​អាសនៈ​របស់ គ.ជ.ប ថា​ជា​រូបមន្ត​នៃ​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច ដោយ​មិន​ឈរ​លើ​គោលការណ៍​ច្បាប់៖ «ឥឡូវ​នេះ​ធ្វើ​តាម​រូបមន្ដ​គេ​បែងចែក! អ្នក​ណា​មិន​ទទួល​គេ​គិត​ទៅ​តាម​ហ្នឹង​ទៀ​តទៅ​បាទ! ហើយ​បើ​អត់​មាន​រូបមន្ត​ហ្នឹង​ទេ ជា​ថ្មី​ម្ដង​ទៀត​គឺ​គេ​សម្រេច​អត្តនោម័ត​ទៅ​បាទ! ដូចជា​សម្ដេច​នាយក​គាត់​សម្រេច​ថា អ្នក​ណា​ចុះចូល​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចុះ​ចូល​មក​បន្ត​ការងារ អា​ហ្នឹង​សម្រេច​អត្តនោម័ត អត់​មាន​ឈរ​លើ​គោលការណ៍​ច្បាប់​អី​ទេ»

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា បាន​សរសេរ​លិខិត​មួយ​ទៅ​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​មិន​ទទួល​យក​អាសនៈ​ណា​មួយ​ដែល គ.ជ.ប បែងចែក​ឲ្យ​នៅ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​នោះ​ទេ។ ឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ប្រធាន​គណបក្ស​នេះ គឺ​លោក យ៉េង វីរៈ បាន​សរសេរ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ប្រធាន គ.ជ.ប ថា លោក​មាន​កិត្តិយស​សូម​ជម្រាប​ជូន​លោក ស៊ិក ប៊ុនហុក ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​ទទួល​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

​នាយក​ប្រត្តិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ សរសើរ​គណបក្ស​ទាំង​ពីរ​ដែល​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ៖ «គេ​មិន​ទទួល​យក​វា​ជា​ហេតុផល​មួយ​ល្អ​ហើយ​ដែល​គេ​ទទួល​ស្គាល់​ការពិត បើសិនជា​ពួកគេ​មាន​ការ​គាំទ្រ ម្ល៉េះ​ពួកគេ​ទទួល​បាន​អាសនៈ​ច្រើន​ហើយ។ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ គេ​ទទួល​បាន​អាសនៈ​តិច អ៊ីចឹង​បាន​ន័យ​ថា អ្វី​ដែល​គេ​ចង់​បាន​ហ្នឹង គឺ​ការ​គាំទ្រ​ពិតប្រាកដ​ពី​ម្ចាស់​ឆ្នោត។ ខ្ញុំ​ហាក់​​នៅ​យល់​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​ហ្នឹង ហាក់បីដូចជា​ពួកគេ​មិន​ទាន់​អស់​អាល័យ​ពី​មេដឹកនាំ ពី​គណបក្ស​ហ្នឹង​នៅ​ឡើយ​ទេ ដូចជា​មើល​មិន​ឃើញ​សញ្ញា​នៃ​ការ​គាំទ្រ​គណបក្ស​ពីរ​ហ្នឹង នៅ​ពេល​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​ហ្នឹង»។ ​

ទន្ទឹម​នឹង​គណបក្ស​ចំនួន​២ ដែល​ប្រកាស​មិន​ទទួល​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​គេ​ប្រសិទ្ធិ​នាម​ជា​អ្នក​នយោបាយ​ស៊ី​កេរ​ឪពុក​ហាក់​បង្ហាញ​ជំហរ​ចង់​បាន​កៅអី​របស់​បក្សប្រឆាំង​យ៉ាង​ខ្លាំង។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​រង​ការ​ចោទ​ថា មិន​ត្រឹមតែ​ចង់​បាន​អាសនៈ​បក្ស​ប្រឆាំង​ទេ ថែម​ទាំង​ចង់​បាន​ស្លាក និង​បង្គោល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត។

តាម​រយៈ​រូបថត​ដែល​គេ​បង្ហោះ​ត​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ហែក​បដា​គណបក្ស​សង្គ្រោះ​ជាតិ ចោល ហើយ​យក​បដា​បក្ស​ខ្លួន​ទៅ​បិទ​នៅ​លើ​បង្គោល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​មុខ​អនុវិទ្យាល័យ​ក្ដាត ក្នុង​ឃុំ​កោះតូច ស្រុក​ទឹកឈូរ ខែត្រ​កំពត។ ​ក្រៅ​ពី​នេះ ក៏​មាន​គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ក៏​បាន​ប្រកាស​ទទួល​យក​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី គ.ជ.ប ផង​ដែរ ខណៈ​ដែល​អនុប្រធាន និង​សមាជិក គ.ជ.ប ២​នាក់ បាន​លា​ឈប់​ដោយ​យល់​ថា ការ​បែង​ចែក​កៅអី​ដែល​ក្បត់​នឹង​ឆន្ទៈ​រាស្ត្រ​នឹង​ធ្វើ​ឲ្យ​មន្ត្រី គ.ជ.ប ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិ។ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រំលាយ​គណបក្ស​ប្រឆាំង និង​យក​កៅអី​បក្ស​ប្រឆាំង​ចែក​គ្នា ដោយ​មិន​ខ្លាច​ស្អុយ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​ណា​មិន​ពេញ​ចិត្ត​អាច​ប្រកែក​មិន​ទទួល​យក​អាសនៈ​បក្ស​ប្រឆាំង​បាន ដោយ​លោក​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក នឹង​ទទួល​យក​អាសនៈ​នៅ​សេសសល់​ទាំង​អស់។

​លោក សន ជ័យ មើល​ឃើញ​ថា ការ​បោះឆ្នោត​ខាង​មុខ នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​កើន​សំឡេង​នោះ​ទេ តែ​ក្ដីបារម្ភ​របស់​លោក​គឺ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​អស់​អាល័យ​នឹង​លែង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment