បទ​វិភាគ៖ តើ​​កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ?

ដោយ ជុន ច័ន្ទបុត្រ
2017-11-21
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។ AFP


គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​បាត់​ទៅ​ហើយ។ ប្រតិកម្ម​នានា បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ មន្ត្រី​រាជការ​ក្រសួង​សា្ថប័ន​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​អំណាច​របស់​លោក ហ៊ុន សែន បាន​ចេញ​សារ​គាំទ្រ។ ចិន​ដែល​ស្រូប​ផល​សេដ្ឋកិច្ច​ខ្មែរ​ច្រើន​ជាង​គេ​ក៏​ឯកភាព។

​មហា​អំណាច​លោក​ខាង​លិច​ដែល​ជា​​ទីផ្សារ​ធំ​ជាង​គេ​របស់​ខ្មែរ ព្រមាន​ដាក់​ទណ្ឌកម្ម ខណៈ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ពី​គ្រប់​និន្នាការ​កំពុង​ឈឺ​ចិត្ត​ឈឺ​ចាប់ ស្រឡាំងកាំង ចាប់​ផ្ដើម​បរិហារ និង​សម្ដែង​ក្ដី​បារម្ភ​តាម​បណ្ដាញ​សង្គម។

តើ​សង្គម​កម្ពុជា នឹង​ប្រឈម​មុខ​ចំពោះ​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​រំលាយ?

ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាង ១០០​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល ជា​របត់​នយោបាយ​មួយ​ដ៏​ធំ​ក្នុង​សង្គម​កម្ពុជា នា​ដើម​សតវត្ស​ទី​២១​នេះ។

ព្រឹត្តិការណ៍​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​តាម​ការ​គ្រោង​ទុក ដែល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​មហិច្ឆតា​លេប​ត្របាក់​អំណាច​ផ្តាច់​មុខ​តែ​ឯង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​លោក ហ៊ុន សែន ចង់​ឲ្យ​ប្រាកដ​ថា លោក​ត្រូវតែ​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ​ជាដាច់ខាត នឹង​អាល​បាន​កាន់​អំណាច​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត។ លោក​ថែមទាំង​បោះ​សម្ដី​ជារឿយៗ​ថា “ទោះ​តម្លៃ​ណា​ក៏ដោយ លោក​ត្រូវ​តែ​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​រក្សា​សន្តិភាព​ដែល​បានមក​ដោយ​លំបាក”។ សន្តិភាព​ក្នុង​ន័យ​នេះ មិន​មែន​សំដៅ​លើ​ភាព​ស្ងប់ស្ងាត់ ឬ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឡើយ។ សន្តិភាព​ក្នុង​ន័យ​របស់​លោក ហ៊ុន សែន នេះ ទំនង​សំដៅលើ​អំណាច​ផ្តាច់មុខ​របស់​បក្ខ​ពួក​ខ្លួន​ដែល​មិន​មាន​នរណា​ម្នាក់​ហ៊ាន​តវ៉ា ឬ​ជំទាស់​ប៉ុណ្ណោះ។

​សាលដីកា​ដែល​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា សូត្រ​រត់​មាត់​ថា ជា​ឧបករណ៍​រក្សា​សន្តិភាព ការ​អភិវឌ្ឍន៍ កំចាត់​បក្ស​ក្បត់​ជាតិ និង​រារាំង​ការ​លូកដៃ​ចូល​ពី​សំណាក់​បរទេស​នោះ នាំ​មក​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​មក​ដល់​ប្រជាជាតិ​ដោយ​ជៀស​មិន​រួច។

ង​ហោច​ណាស់​មាន​បញ្ហា​ប្រឈម​ចម្បង​ចំនួន ៣ ដែល​អាច​កើត​ឡើង​រួម​មាន៖ បង្ករ​ការ​ខឹងសំបារ​ពី​សំណាក់​ប្រជាពលរដ្ឋ ​សេដ្ឋកិច្ច​ធ្លាក់ចុះ ​និង​ការ​បង្កើត​ទីលាន​ប្រកួតប្រជែង​របស់​មហា​អំណាច​នៅ​ក្នុង​ទឹកដី​ខ្មែរ។

​ពិត​មែន​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ខឹងសម្បារ។ ខឹង​ពេល​នេះ មិន​មែន​ដូច​លើក​មុន​ដែល​ខឹង​នឹង​អំពើ​ពុករលួយ ខឹង​នឹង​ការ​រំលោភ​ដីធ្លី​ទេ ប៉ុន្តែ​ពួកគាត់​ខឹង ព្រោះ​តែ​សាលដីកា​កំហែង​យក​សន្លឹក​ឆ្នោត​ពី​ពួក​គាត់។ សាលដីកា​នេះ បាន​ជាន់​ឈ្លី​កម្លាំង​ញើស​ឈាម កម្លាំង​ទឹកចិត្ត​រាស្ត្រ​ប្រមាណ​ជាង ៣​លាន​នាក់ យក​ទៅ​ឲ្យ​អ្នក​ដែល​គាត់​ស្អប់ និង​អ្នក​ដែល​ពួកគាត់​មិន​បោះ​ឆ្នោត​អោយ។ សាលដីកា​នេះ​មិន​ខុស​អី​ពី​សំណើច​ដែល​ចំអក​ប្រជាពលរដ្ឋ​ថា បក្ស​កាន់​អំណាច ក្រុម​កាន់​កាំភ្លើង​នៅ​ស្រុក​ខ្មែរ ពិតជា​អាចធ្វើ​អ្វី​ទាំង​អស់​បាន​តាម​អំពើ​ចិត្ត ដោយ​មិន​មាន​ឧបសគ្គ​រារាំង។ កំហឹង​នេះ កាន់​តែ​ឆេះ​នៅ​ពេល​ដែល​មន្ត្រី​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច ចុះ​ទៅ​រុះរើ​ស្លាក​បក្ស​ប្រឆាំង​បោះចោល នឹង​កាន់​តែ​ងំ​ទៅ​ទៀត នៅ​ពេល​ដែល​សេវា​សាធារណៈ​ប្រែ​មក​ពី​ល្អ​ទៅ​ជា​អាក្រក់​ដូចដើម​វិញ។ ពលរដ្ឋ​មិនតិច​នាក់​ទេ​ដែល​ចេញមក​ដៀល​ដៀមដាម​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក អ្នក​ខ្លះ​ថា ជា​អំពើ​ឆក់ អ្នក​ខ្លះ​ថា ជា​ការ​ប្លន់​សន្លឹក​ឆ្នោត​ជាដើម។ កំហឹង​ក្នុង​ចិត្ត​ទាំង​នេះ ប្រដូច​បាន​នឹង​អុស​ស្ងួត​មួយ​ដុំ​ ដែល​កំពុង​គរ​លើ​គ្នា​ដែល​អាច​នឹង​ឆាបឆេះ។

​បន្ទាប់ពី​ពលរដ្ឋ​ខឹងសម្បារ​កាន់​តែ​ខ្លាំង ការ​គាបសង្កត់​ផ្នែក​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​នយោបាយ​ក៏​កាន់​តែ​ខ្លាំង​ដែរ។ គំនាប​នេះ នឹង​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​ដែល​រារាំង​កំណើន​សេដ្ឋកិច្ច​ជាតិ។

​វិស័យ​ដំបូង​ដែល​នឹង​ប៉ះពាល់​គឺ​វិស័យ​សំណង់ និង​អចលនទ្រព្យ។ វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ​បាន​រួម​ចំណែក​ចាក់​បញ្ចូល​ថវិកា​ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ។ នៅ​ពេល​ដែល​មាន​បញ្ហា​នយោបាយ​ភ្លាម ពោល​គឺ​ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​លោក​ កឹម សុខា មក​ម្ល៉េះ កំណើន​នៃ​ការ​លក់​ផ្ទះល្វែង និង​ខុនដូ ចាប់​ផ្ដើម​ស្គាល់​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ រហូត​មក​ទល់​ពេល​នេះ ការ​លក់​ដី​ឡូត៍​ក៏​កាន់តែ​ទ្រឹង​គ្មាន​អ្នក​ទិញ។ បើទោះជា​ឈ្មួញ​ប្រើ​យុទ្ធសាស្ត្រ​លក់​បែប​ណា ក៏​អ្នក​ដែល​មាន​ចំណូល​ខ្ពស់​និង​មធ្យម មិន​ហ៊ាន​ប្រថុយ​វិនិយោគ​ប៉ុន្មាន​ឡើយ។ បើ​ទំនាស់​នយោបាយ​នៅ​តែ​បន្ត នឹង​នាំ​ឲ្យ​មាន​តែ​អ្នក​លក់​ផ្ទះ លក់​ដី តែ​គ្មាន​អ្នក​ទិញ។ វិបត្តិ​នេះ អាច​នឹង​រាលដាល​ដល់​វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ ដែល​នឹង​អាច​ក្លាយ​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ។

​បញ្ហា​សេដ្ឋកិច្ច​មួយ​ទៀត គឺ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា។ បើ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​លោក ហ៊ុន សែន នៅ​តែ​ផ្គើន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក រហូត​ដល់​ប្រទេស​មហា​អំណាច​ទាំង​ដាក់​ទណ្ឌកម្ម​ផង អ្នក​ដែល​រង​ផល​ប៉ះពាល់ គឺ​មិនមែន​គ្រួសារ​របស់​បុរស​ខ្លាំង ហ៊ុន សែន ឡើយ។ គ្រួសារ​លោក​នៅតែ​រស់​នៅ​ក្នុង​វិមាន លុយ​ចាយ​រាប់​ដំណ​មិន​អស់ ព្រោះតែ​សម្បត្តិ​មហាសាល​ដែល​បាន​មក​ពី…។ លោកអ្នក​នាង​ប្រហែល​អាច​សន្និដ្ឋាន​ពី​របៀប​រក​ចំណូល​នៃ​គ្រួសារ​ត្រកូល “ហ៊ុន” ដោយ​ខ្លួន​ឯង​បាន​ហើយ ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាង ៣០​ឆ្នាំ​មក​នេះ។

​អ្នក​ដែល​ងាយ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ គឺ​កម្មករ​ទាំង​ជាង ៧០​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ការ​រោងចក្រ… អស់​ការងារ អស់​លុយ​ទិញ​អង្ករ អស់​ប្រាក់​សងបំណុល​ធនាគារ នាំ​ឲ្យ​កើត​ការ​ក្តៅក្រហាយ​ថែម​ទៀត។ ត្រង់​ចំណុច​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​ពឹង​លើ​ទីផ្សារ​ចិន បាន​ទេ ព្រោះ​ចិន ក៏​រក​ស៊ី​លក់​ទំនិញ​ដូច​ខ្មែរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែរ។

ម្យ៉ាង​ដោយសារ​កត្តា​អនុគ្រោះ​ពន្ធ និង​ការ​ផ្តល់​កូតា​នាំ​ទំនិញ​ខ្មែរ​ទៅ​កាន់​អឺរ៉ុប និង​អាមេរិក​នេះ​ហើយ​នាំ​ឲ្យ​វិនិយោគិន​ចិន ជា​ច្រើន​នាក់ មក​រក​ស៊ី​បើក​រោងចក្រ​នៅ​ស្រុក​ខ្មែរ។ ស្រុក​ខ្មែរ​សព្វថ្ងៃ​មាន​តែ​កម្លាំង​កម្មករ​ផលិត​ប៉ុណ្ណោះ ចំណែក​ធនធាន​វត្ថុធាតុ​ដើម​ត្រូវ​នាំចូល​ពី​បរទេស​ទាំង​អស់។ ទាហរណ៍៖ នៅ​ពេល​រោងចក្រ​កាត់ដេរ​មួយ​បើក​នៅ​ស្រុក​ខ្មែរ ស្រុក​ខ្មែរ​មាន​កម្មករ​ធ្វើ​ការ​ប្តូរ​កម្លាំង​យក​លុយ​ពី​ថៅកែ តែ​ថៅកែ​បាន​យក​ក្រណាត់​មក​ពី​ចិន ពី​វៀតណាម យក​ម៉ាស៊ីន​ដេរ ពី​ថៃ ពី​ជប៉ុន សូម្បី​ឥដ្ឋ ឬ​ការ៉ូ​ក្រាល​ដី ព្រម​ទាំង​ស៊ីម៉ង់​សង់​រោងចក្រ ក៏​ត្រូវ​នាំ​ចូល​ដែរ។ ហេតុ​នេះ បើសិន​ជា​មាន​ឧបសគ្គ​នៃ​ការ​នាំ​ចេញ​តែ​បន្តិច នោះ​ឈ្មួញ​នឹង​មិន​រើស​កម្ពុជា ដើម្បី​បើក​រោងចក្រ​ទេ។

​នៅ​ពេល​កម្មករ​មាន​បញ្ហា ម្ចាស់​ផ្ទះជួល ក៏​គ្មាន​អ្នក​ជួល អ្នក​លក់ដូរ​របរ​កំប៉ិកកំប៉ុក​តាម​រោងចក្រ​មិន​អាច​រក្សា​របរ​រក​ស៊ី​បាន ហើយ​កំណើន​ភាព​ក្រីក្រ​អាច​នឹង​កាន់តែ​រីក​ធំ។ នេះ​ជា​ការ​វិភាគ​ត្រួសៗ ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច។

បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​កើត​ចេញ​ពី​ទង្វើ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន នេះ គឺ​ការ​ដែល​លោក​បង្ក​លក្ខណៈ​អោយ​បរទេស ជាពិសេស​បរទេស​ដែល​ចាំតែ​កេង​ចំណេញ​នយោបាយ និង​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា ចូល​មក​ប្រកួតប្រជែង​ហែកហួរ​ប្រទេស​កម្ពុជា ជា​ថ្មី​ម្តង​ទៀត។ លោក ហ៊ុន សែន បាន​លើក​ជើង​ពាន​ជូន​ចិន ថា​មាន​តែ​ចិន ទេ​ដែល​គិតគូរ​ដល់​កម្ពុជា ជួយ​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត៊

“ខ្មែរ​ចេះតែ​កិន ចិន​ចេះតែ​កត់” ចិន​កត់​យូរៗ​រហូត​ដល់​ខ្មែរ​ជំពាក់​ចិន ជាង ៣​ពាន់​លាន​ដុល្លារ ហើយ​និន្នាការ​ជំពាក់​បំណុល​នេះ​ក៏​កាន់តែ​កើន​ឡើង។ ចិន​ក៏​ថែម​ទាំង​ប្រកាស​ជំហរ​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន អោយ​រំលាយ​បក្ស​ប្រឆាំង​ផង។ ជំហរ​បែប​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ចំៗ ដែល​រដ្ឋាភិបាល​ចិន ចង់​ប្រើប្រាស់​ខ្មែរ​វាយ​សំពង​សហរដ្ឋអាមេរិក ជា​សត្រូវ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​តាម​រយៈ​វោហា​សាស្ត្រ​របស់​លោក ហ៊ុន សែន។ ចិន​ថែម​ទាំង​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា ខណៈ​ដែល​រុស្ស៊ី ក៏​ចូល​ជួយ​ការ​បោះឆ្នោត ចំណែក​ឯ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ព្រមាន​មិន​គាំទ្រ មិន​ទទួល​ស្គាល់​ការបោះឆ្នោត។

​បើសិនជា​ដំណើរការ​នយោបាយ​មិន​អាច​វិល​ត្រលប់​ទៅជា​ល្អ​វិញ​ទេ​នោះ កម្ពុជា​អាច​ទទួលរង​នឹង​វិបត្តិ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដោយ​ចៀស​មិន​រួច។ មហាអំណាច​មុខ​ដដែលៗ នឹង​ត្រូវ​អ្នក​កាន់​អំណាច​បង្កលក្ខណៈ និង​បើក​ផ្លូវ​អោយ​មក​ប្រកួតប្រជែង​អំណាច​គ្នា​ក្នុង​ដី​សុវណ្ណ​ភូមិ​ដ៏​កម្សត់​នេះ​ដូច​កាល​ទស្សវត្ស​ឆ្នាំ​១៩៧០។

​តើ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​​ធំ​ជាង​គេ​នៅ​កម្ពុជា ដើម្បី​បាន​កាន់​អំណាច​តែឯង ពិត​ជា​ធ្វើ​កម្ពុជា មាន​សុខសន្តិភាព ឬ​ក៏​នាំ​កម្ពុជា ទៅ​កាន់​ភាព​អន្តរាយ និង​ភាព​អន្ធការ​ម្ដង​ជា​ថ្មី​ទៀត? មាន​តែ​ពេល​វេលា​ទេ​ដែល​អាច​នឹង​បញ្ជាក់ និង​កត់​ត្រាទុក​ក្នុង​ប្រវត្តិសាស្ត្រ​ចំពោះ​ទង្វើ​របស់​អ្នកដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "បទ​វិភាគ៖ តើ​​កម្ពុជា​អាច​នឹង​ប្រឈម​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ?"

  1. Anonymous says:

    I’M not wonder about this reason this is mean bloody . wait and see in two month Cambodian need some kind of miracle no wonder about it. GOD bless Cambodia

Leave a Reply

Submit Comment