អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​២​លាន​ដុល្លារ​សម្រាប់​ការ​អង្កេត​និង​ដោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2017-11-22
RFA

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


សហរដ្ឋអាមេរិក ប្រកាស​ផ្ដល់​ជំនួយ​ជា​កញ្ចប់​ថវិកា​ចំនួន ២​លាន​ដុល្លារ សម្រាប់​បម្រើ​ឲ្យ​ការអង្កេត និង​ដោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ហើយ​នឹង​អាច​បន្ត​ផ្ដល់​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់។

ការ​ផ្ដល់​ថវិកា​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រកួតប្រជែង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ក្រុម​អ្នក​ឯកទេស​ជាតិ ឬ​អន្តរជាតិ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ។ អង្គការ​ជា​ដៃគូ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ដើម្បី​ទទួល​បាន​ថវិកា​សម្រាប់​បំពេញ​ការងារ​នេះ ត្រូវ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដោយ​ត្រូវ​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ទំនើប​បំផុត​សម្រាប់​ការ​ដោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នេះ។

​ឯកអគ្គរដ្ឋទូត​អាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​ថ្ងៃ​ទី​២២ វិច្ឆិកា របស់​ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​ភ្នំពេញ ថា សហរដ្ឋអាមេរិក​បាន​ជួយ​ដល់​ការ​ដោះ​មីន​មនុស្សធម៌​នៅ​កម្ពុជា អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា សហរដ្ឋអាមេរិក មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​កេរដំណែល​កាល​ពី​សម័យ​សង្គ្រាម ហើយ​ថា ការ​ផ្ដល់​ថវិកា​ថ្មី​នេះ គឺ​ជា​ការ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​នេះ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ក្នុង​ការ​បោសសម្អាត​សំណល់​កាល​ពី​សម័យ​សង្គ្រាម។

​ក្នុង​រយៈពេល ២​ទសវត្សរ៍​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក បាន​ចំណាយ​ថវិកា​ចំនួន​ជាង ១៣១​លាន​ដុល្លារ ជួយ​ដោះ​មីន និង​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​នេះ។

លោក វីល្លៀម ហៃដ្ដ៍ ធ្លាប់​លាត​ត្រដាង​ថា ពាក់កណ្ដាល​នៃ​ទឹក​ប្រាក់​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​យុទ្ធភណ្ឌ​ដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ប្រាក់​ចំនួន​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស ពោល​គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០​ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក។

​ការ​ប្រកាស​ផ្ដល់​ថវិកា​នេះ គឺ​ស្រប​ពេល​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន បាន​ឧបត្ថម្ភ​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ដោះ​មីន​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឺឈាង បាន​សន្យា​ប្រាប់​លោក ហ៊ុន សែន ថា​ការ​ផ្ដល់​ជំនួយ​ដល់​កម្មវិធី​ដោះ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គឺ​ជា​សកម្មភាព​អាទិភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment