អ្នកច្បាប់​ថា ICC អាច​មាន​ភស្តុតាង​គ្រប់គ្រាន់​កាត់ទោស​លោក ហ៊ុន សែន ពី​ការ​សម្លាប់​មនុស្ស

ដោយ ទីន ហ្សាការីយ៉ា
2017-11-22
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean


អ្នកច្បាប់​ពន្យល់​ថា លោក ហ៊ុន សែន កំពុង​លាត​ត្រដាង​ភស្តុតាង​កាន់​តែ​ច្បាស់​ពី​ចេតនា​របស់​លោក​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស ចង់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង ដោយ​គ្រាន់តែ​ការសំដែង​មតិ និង​បាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​ជាតិ អន្តរជាតិ តែ​បែរ​ជា លោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ​ទៅវិញ។

អ្នកវិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​បង្ហាញ​ពី​ភាព​ឃោរឃៅ​របស់​ខ្លួន និង​កំពុងតែ​ទាញ​នាវា​ប្រជាធិបតេយ្យ​របស់​កម្ពុជា ធ្លាក់​ចូល​របប​ផ្ដាច់ការ​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ប្រកាស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​រូបលោក​នោះ ពី​ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារជីវិត​ឡើយ។

លោក​មេធាវី ហែម សុជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ថា បើសិនជា​ការ​សម្លាប់​មនុស្ស​ទោះបីជា​ស្ថិត​នៅ​ក្នុង​រង្វង់​បាតុកម្ម​ក្ដី ឬ​មិនមែន​បាតុកម្ម​ក្ដី ដោយ​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ គឺជា​បទល្មើស។ ហើយ​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាន​យុត្តាធិការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ឬក៏​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់។ «»

ការ​លើកឡើង​របស់​អ្នកច្បាប់​នេះ នៅ​ស្រប​ពេល​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ពាក់ព័ន្ធ​នឹង​ចេតនា​សម្លាប់​ហ្វូង​បាតុករ​ដោយ​អហិង្សា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​អំពី​ចេតនា​ឧក្រិដ្ឋ​នេះ។

មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខនេះ។ លោក​អះអាង​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។

លោក រីឆាត រ៉ូជើរ (Richard Rogers) បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួមមាន​សម្ដី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ដែរ។ លោក​មេធាវី​បរទេស​រូប​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់៖ «សម្ដី​របស់​លោក ហ៊ុន សែន គឺជា​ភស្តុតាង​ដាក់​បន្ទុក​មួយ ដែល​បង្ហាញ​ច្បាស់​ណាស់​អំពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​បក្ស​កាន់អំណាច។ នេះ​ជា​ចេតនា​ឧក្រិដ្ឋ​ដែល​លោក ហ៊ុន សែន មាន​តាំង​ពីមុន និង​ទៅ​អនាគត។ ទាំង​នេះ​ហើយ​ដែល​រឹតតែ​បន្ថែម​ទម្ងន់​ទៅ​លើ​ភស្តុតាង​ជាច្រើន​ផ្សេងទៀត​ដែល​យើង​ប្រមូល​បាន​ដើម្បី​គាំទ្រ​ពាក្យបណ្ដឹង ដែល​យើង​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កន្លងមក។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ពិនិត្យមើល​អាទិភាព​នៃ​សំណុំ​រឿង​នេះ»

លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ​ជាច្រើនលើក ច្រើន​សារ។ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារមឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ ២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។ ជាថ្មី​ម្ដងទៀត លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​មាន​ការ​សោកស្ដាយ ដែល​មិនបាន​សម្លាប់​ក្រុម​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​កាលពី​ឆ្នាំ​២០១៣ បើ​លោក​ដឹង​ថា អ្នក​ទាំងនោះ ជា​ក្រុម​ក្បត់ជាតិ​លោក​សម្លាប់ចោល​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ វា​គួរ​តែ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែបនេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុងនាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។

កាលពី​ឆ្នាំ​២០១៣ និង ឆ្នាំ​២០១៤ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្សប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ហើយក៏​មិន​គួរ​ប្រើ​ពាក្យ​ប្រមាថ​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ។ «»

ទាក់ទង​នឹង​បញ្ហា​នេះ លោក​មេធាវី ហែម សុជាតិ បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​អនុវត្ត​របប​ប្រជាធិបតេយ្យ ហើយ​ការ​ផ្ដន្ទាទោស​បុគ្គល ឬ​ក្រុម​ណាមួយ ត្រូវ​គោរព​តាមច្បាប់​ដោយ​ប្រើប្រាស់​យន្តការ​របស់​តុលាការ។ រីឯ​កងកម្លាំងប្រដាប់អាវុធ​វិញ ក៏​ត្រូវ​មាន​ក្រមសីលធម៌ និង​ប្រើប្រាស់​អាវុធ​ស្របតាម​ច្បាប់​ដែល​មាន​ជា​ធរមាន និង​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការប្រើប្រាស់​កងកម្លាំង ទៅលើ​ជន​ស៊ីវិល​ជាដើម។ ចំពោះ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​ការ​សោកស្ដាយ​ដែល​លោក​មិនបាន​សម្លាប់​ក្រុម​អ្នកធ្វើ​បាតុកម្ម​នោះ គឺជា​រឿង​សុខ​ច្បាប់។ «»

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាដើម។ គណបក្សប្រឆាំង​វិញ ក៏​គ្រោង​ដាក់ពាក្យ​ប្ដឹង​បន្ថែម​ទៀត​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ប្ដឹង​លោក​ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​ក្រុម អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ការ​រំលាយ​បក្ស​ប្រឆាំង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកច្បាប់​ថា ICC អាច​មាន​ភស្តុតាង​គ្រប់គ្រាន់​កាត់ទោស​លោក ហ៊ុន សែន ពី​ការ​សម្លាប់​មនុស្ស"

  1. Anonymous says:

    Cambodian people all 15 millions support ICC court please brings Hun Sen to judge for human criminal.

Leave a Reply

Submit Comment