លោក សុខ ឥសានៈ សមាជិក​អតីត​គណបក្ស​ប្រឆាំង​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​អាច​នឹង​កើន​ដល់​ជិត​១​ពាន់​នាក់

ដោយ ញឹម សុផល
23/11/2017
RFI

media
លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (សហការី)


នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​កំណត់​ទទួល​មន្ត្រី​ជាន់​ខ្ពស់​និង​ចៅ​សង្កាត់ មេឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ សមាជិក​បំរុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្នុង​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន នឹង​ដល់​ទី​ត្រូវ​បញ្ចប់។ កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​រហូត​ដល់​សមាជិក​បំរុង​របស់​អតីត​គណបក្ស​ប្រឆាំង​ផង​ដែរ ក្នុង​ការ​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច។

រហូត​មក​ដល់​ល្ងាច​ម្សិល​មិញ មន្ត្រី​ជាន់​ខ្ពស់ មេឃុំ ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា និង​សមាជិក​ក្រុម​ប្រឹក្សា​បំរុង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រមាណ​ជា​ជាង​៥០០​នាក់។

តាម​របាយការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​វិច្ឆិកា​ម្សិល​មិញ ចំនួន​មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង មាន​តែ​តំណាង​រាស្ត្រ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក​ឡុង ប៊ុន្នី។ ក្រៅ​ពី​នោះ មាន​ក្រុម​ប្រឹក្សា​ខេត្ត​៧​នាក់ ក្រុម​ប្រឹក្សា​ស្រុក​ក្រុង ៤៤​នាក់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ៥១០​នាក់ ក្នុង​នោះ​មាន​មេឃុំ ចៅ​សង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុម​ប្រឹក្សា មក​ពី​៣៦៧​ឃុំ-សង្កាត់។

ក៏​ប៉ុន្តែ​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា​ការ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​បាន​កើន​ឡើង​ដល់​ជាង​៦០០​នាក់​ហើយ ហើយ​នឹង​អាច​លោត​ដល់​ពី​៧០០​ទៅ​៨០០​នាក់ នៅ​ថ្ងៃ​សុក្រ​ស្អែក ដែល​ជា​ថ្មី​កំណត់​ចុង​ក្រោយ។

នៅ​មិន​មាន​ប្រតិកម្ម​ណា​មួយ​ពី​សំណាក់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​កាន់​តែ​ច្រើន​ទៅៗ​នៅ​ពេល​នេះ​ទេ ក៏​ប៉ុន្តែ​កន្លង​មក​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ថា​ការ​ចាក​ចេញ​របស់​សមាជិក​ទាំង​ថ្នាក់​លើ​និង​ថ្នាក់​ក្រោម​ថា​ជា​ចំនួន​តិច​តួច ធៀប​ទៅ​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​អតីត​គណបក្ស​ប្រឆាំង​កាន់​កាប់​នៅ​ទូទាំង​ប្រទេស​ចំនួន​ជាង​៥​ពាន់​នាក់។

សូម​រំលឹក​ថា ការ​ចុះ​ចូល​របស់​មន្ត្រី មេឃុំ ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខណៈ​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​វិច្ឆិកា។លោក​ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ថា​នឹង​ផ្តល់​ជូន​ដល់​អ្នក​ចុះ​ចូល​ឬ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នូវ​មុខ​តំណែង និង​តួ​នាទី​ការងារ​ដដែល៕

What Next?

Recent Articles

One Response to "លោក សុខ ឥសានៈ សមាជិក​អតីត​គណបក្ស​ប្រឆាំង​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​អាច​នឹង​កើន​ដល់​ជិត​១​ពាន់​នាក់"

  1. Anonymous says:

    Totally wrong. Please America help Cambodian people out of Killer Hun Sen and Hun Sen group. Cambodian people die everyday.

Leave a Reply

Submit Comment