លោក ហ៊ុន សែន​ ឲ្យ​មន្ត្រី​ខ្លួនទាក់​ទាញ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​​បក្សប្រជាជន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ | ម៉ោង 5:05 PM
http://vodhotnews.com

នយោបាយ

រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី​​​​ ហ៊ុន សែន


លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​ប្រាប់​ទៅ​កាន់សមាជិក​ខ្លួន​​ឲ្យ​ទាក់​ទាញអតីតមេឃុំ​ចៅ​សង្កាត់​បក្ស​ប្រឆាំងដែល​ត្រូវ​បាន​រំលាយ​​ឲ្យ​ចុះ​ចូល​ជា​មួយ​បក្សប្រជាជន​ ​ដើម្បី​បញ្ជៀស​ការ​ប្រមូល​ផ្តុំ​កម្លាំង​ថ្មីប្រឆាំងទៅ​និង​រដ្ឋា​ភិ​បាល​​របស់​លោក។

ក្នុង​សារ​សំឡេង​ដែល​គេ​ចែក​ចាយ​តគ្នា​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​បុកប្រមាណ​ជាង​១២នាទី លោក​ ហ៊ុន សែន បានប្រាប់​ទៅ​កាន់​សមាជិក​សមាជិកាបក្សប្រជាជន​​ដែល​បាន​បាត់​បង់​តំណែង​មេឃុំ​ចៅ​សង្កាត់ កុំ​ទាម​ទារ​ចង់​ធ្វើ​មេឃុំ​ចៅ​សង្កាត់​ឡើង​វិញបន្ទាប់ពីគណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ដោយ​ថាត្រូវ​រក្សា​តួនាទីទាំង​នោះ​ដើម្បី​ទុក​ឲ្យសមាជិក​បក្ស​ប្រឆាំង​​ចុះ​ចូល ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា និង​ជៀស​វាង​ទៅ​ប្រមូល​ផ្តុំ​បង្កើត​បក្ស​ថ្មី ឬ​ត្រលប់​​ទៅ​បក្សចាស់​របស់​ពួក​គេវិញ។

លោក​ថា៖ «អញ្ចឹងនៅពេលដែលយើងបំបាត់នៅកម្លាំងនេះបូកជាមួយមួយចំនួនភ័យខ្លាចរត់ទៅខាង​​ក្រៅគឺពួកនេះគ្មានលទ្ធភាពធ្វើបាតុកម្មប្រឆាំងនឹងយើងទេ។ ឯចំណែកទៅអនាគតកុំភ្លេចថាពួកគេមិន​​ត្រូវបានកាត់សិទ្ធិនយោបាយទេ បើគេទៅប្រមូលផ្តុំគណបក្សនយោបាយបង្កើតគណបក្សនយោបាយ​​ថ្មីគេរួបរួមគ្នាឡើងវិញនូវកម្លាំង។ បើទោះបីមេដឹកនាំរបស់គេមួយចំនួនត្រូវបានហាមឃាត់ ក៏ប៉ុន្តែយើងមិនត្រូវមើលស្រាលថាពួកគេនៅមានលទ្ធភាពដើម្បីជ្រើសរើសមេដឹកនាំ ហើយថវិការហិរញ្ញវត្ថុគេអាចលួចលាក់បញ្ជូនពីខាងក្រៅចូលមកក្នុងប្រទេសតាមរយៈចៅហ្វាយរបស់ពួកគេផងដែរ»។

សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និយាយទៅកាន់សមាជិកគណបក្សលោកនេះ ហាក់ខុសពីសារដែលលោកថ្លែងនៅសាធារណៈកាលពីពេលថ្មីៗនេះ គឺលោកថាមន្ត្រីគណបក្សសង្គ្រោះជាតិ​ចុះចូលជាមួយគណបក្សប្រជាជនឬអត់នោះលោកមិនខ្វល់ទេ។​

លោកថ្លែងថា៖ «គេឲ្យខ្លួនមានឱកាសហើយ គេដាក់ជណ្តើរឲ្យខ្លួនឡើង ហើយខ្លួនមិនឡើងទេ ចុះនរកក៏ចុះទៅស្មានថាមុខដូចម៉ែគេ! ចេះនិយាយចុះ ហ្នឹងបានតែឮសូរសំឡេងអញ្ចឹង សំឡេងខ្លាំងណាស់ដូចអត់ក្រៀមក្រំអីដូចថ្ងៃមុនហ្ហេ! មិនម៉ោទេមុខដូចម៉ែអញហ្ហេរ!»។

បើ​ទោះ​ជា​យ៉ាង​នេះក្តី​ អតីតសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ​មួយចំនួនថា​ពួកគេ​ មិន​ព្រម​ចុះចូលជាមួយគណបក្សកាន់អំណាចឡើយ បើទោះបីមានការអំពាវនាវ​ពីលោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ជា​ច្រើន​ដង​ក៏​ដោយ​។

​​ដំបូងឡើយលោកនាយករដ្ឋមន្ត្រីហ៊ុន​សែន ប្រកាសថា ទុកពេលត្រឹមថ្ងៃទី២៤ខែវិច្ឆិកានេះ ដើម្បីឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែការកំណត់នេះ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៦ខែវិច្ឆិកាបន្ត៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន​ ឲ្យ​មន្ត្រី​ខ្លួនទាក់​ទាញ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​​បក្សប្រជាជន"

  1. ?? says:

    HUN SEN evil act is over Cambodian knew all about it . that showing the end of this regime . GOD bless Cambodia

Leave a Reply

Submit Comment