លោក ហ៊ុន សែន ស្នើ​ក្រសួង​មហាផ្ទៃ​ពិចារណា​ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

ដោយ មួង ណារ៉េត
2017-11-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ និង​ពិចារណា​ក្នុង​ការ​បិទ​ទ្វារ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)។ ក្រោយ​ចេញ​សារ​ព្រមាន​ភ្លាមៗ​បែប​នេះ​របស់​លោក ហ៊ុន សែន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​គួរ​មាន​​ការ​ពិគ្រោះ​យោបល់ និង​សន្ទនា​ប្រកប​ដោយ​អត្ថន័យ ចៀសវាង​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ ដោយ​លោក​សំអាង​លើ​សារ​នយោបាយ​របស់​លោក កឹម សុខា នៅ​បរទេស កាល​ពី​ចុង​ឆ្នាំ​២០១៣ ដែល​លោក ហ៊ុន សែន សង្ស័យ​ថា មាន​ជន​បរទេស​នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​ស្ថាប័ន​ផ្នែក​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

នេះ​ជា​ការ​ថ្លែង​មួយ​ថ្មី​ទៀត​របស់​លោក ហ៊ុន សែន ដែល​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ កំពុង​ព្យាយាម​បោស​សំអាត​សំឡេង​ប្រឆាំង និង​សំឡេង​សង្គម​ស៊ីវិល​ឲ្យ​អស់។ ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា ទង្វើ​របស់​លោក ហ៊ុន សែន នឹង​មិន​បាន​សុខ​យូរ​ឡើយ។ ក្រៅ​ពី​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី​កំពុង​ធ្វើ​ឲ្យ​ពូជពង្សវង្សត្រកូល​របស់​លោក ត្រូវ​ប្រឈម​មុខ​ចំពោះ​ប្រវត្តិសាស្ត្រ​កាន់​តែ​អាក្រក់​ទៅៗ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​នឹង​ការ​រិះគន់​ឡើយ ដោយ​​ស្នើ​​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បន្ទាប់​ពី​លោក​បាន​សម្រេច​ផែនការ​ជា​បន្តបន្ទាប់​បាន​ដូច​បំណង​របស់​លោក​រួច​មក​ហើយ។ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ យល់​ឃើញ​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នេះ អាច​នឹង​​ត្រូវ​បិទ​ទ្វារ​ប្រសិន​បើ​រក​ឃើញ​ថា មាន​ជន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​មែន៖ «»។

នយោបាយ​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បិទ​ទ្វារ​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​មាតា​ធម្មជាតិ​ជាដើម។ ការ​សម្រេច​ចិត្ត​បិទ​ទ្វារ​នេះ នៅ​មិន​ទាន់​គិត​ដល់​ស្ថាប័ន​សារព័ត៌មាន ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​កម្ចាត់​បក្ស​ប្រឆាំង​ឲ្យ​ចេញ​ពី​ឆាក​នយោបាយ​នៅ​ឡើយ​ផង។

ស្រប​ពេល​បុរស​ខ្លាំង និង​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម បញ្ចេញ​សាច់ដុំ​បន្ថែម​ទៀត​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ជា​គោលដៅ​របស់​លោក ហ៊ុន សែន ត្រូវ​កម្ទេច​បន្ត​ទៀត​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ភ្លាម​ដែរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​កម្រាស់​ជាង ២​ទំព័រ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា ជា​ស្ថាប័ន​នេះ​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំង​អស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ។ កិច្ច​គាំពារ​ទាំង​ហើយ​នេះ គឺ​ជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ​ចាត់​ទុក​ថា លោក ហ៊ុន សែន ពេល​នេះ​កំពុង​មួម៉ៅ​មិន​ដឹង​រឿង ដោយ​ព្យាយាម​មិន​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង ហើយ​ជា​ញឹកញាប់​តែ​សាច​ទឹក​ដាក់​អ្នក​ដទៃ។ លោក​បន្ត​ថា លោក ហ៊ុន សែន កំពុង​តែ​កើត​ជំងឺ​ខ្លាច មាន​ការ​សងសឹក​វិញ​ពី​គូ​ប្រកួត​ដែល​លោក​បាន​កម្ចាត់​ចោល ម៉្លោះ​ហើយ​បាន​ជា​ពេល​នេះ លោក ហ៊ុន សែន ស្វែង​រក​គ្រប់​វិធី​ដើម្បី​ប្រឆាំង​នឹង​សំឡេង​ជំទាស់​និង​លោក៖ «»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មក​នេះ មាន​មនុស្ស​ជា​ច្រើន​​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​ក្លាយ​ជា​អ្នក​នយោបាយ។ អ្នក​នយោបាយ​ទាំង​នោះ​មាន​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ផង និង​គណបក្ស​កាន់​អំណាច​ផង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ គាំទ្រ​សិទ្ធិ​បុគ្គល​គ្រប់​រូប​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្ដី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពុំ​ដែល​ទទួល​រង​ឥទ្ធិពល​អ្វី​ទាំង​អស់​ពី​អតីត​បុគ្គលិក​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment