តំណាងរាស្ត្រ​អូស្ត្រាលី​ប្ដេជ្ញា​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ពិនិត្យ​មើល​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ខ្មែរ

ដោយ តាំង សារ៉ាដា
2017-11-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។
តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler)។ Photo courtesy of Mark Butler’s facebook



តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ ប្ដេជ្ញា​ថា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ត្រូវ​ពិនិត្យ​មើល​ទ្រព្យសម្បត្តិ និង​ភាគហ៊ុន​របស់​ក្រុម​គ្រួសារ មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​របស់​លោក ហ៊ុន សែន ដែល​បាន​យក​លុយ​​កខ្វក់​ពី​កម្ពុជា មក​បើក​ភាគហ៊ុន ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី។

តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​អូស្ត្រាលី​រូប​នេះ នឹង​ជំរុញ​អោយ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ប្រើ​វិធានការ​ជាក់លាក់​មួយ​ដើម្បី​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ចំ​កណ្ដាល​បេះដូង​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ខាង​ក្រោម​គឺ​ជា​អត្ថបទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក តាំង សារ៉ាដា ជាមួយ​លោក ម៉ាក បាត់លើរ៍ (Mark Butler)៖

តាំង សារ៉ាដា៖ សួស្តី លោក ម៉ាក បាត់លើរ៍!

ម៉ាក បាត់លើរ៍៖ សួស្តី សារ៉ាដា!

តាំង សារ៉ាដា៖ សប្បាយ​រីករាយ​ណាស់​ដែល​បាន​ជួប​លោក​ម្ដង​ទៀត! ដូច​លោក​បាន​ដឹង​ហើយ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បោះពួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​បិទ​បណ្តាញ​សា​ព័ត៌មាន​ឯករាជ្យ បិទ​អង្គការ​ជាតិ និង​អន្តរជាតិ ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពីរ​រូប រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឥឡូវ​នេះ លោក ហ៊ុន សែន កំពុង​រក​វិធី​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទៀត។ ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ តើ​លោក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​អន្តរាគមន៍​លើ​បញ្ហា​កម្ពុជា ក្នុង​កាលៈទេសៈ​បែប​នេះ?

ម៉ាក បាត់លើរ៍៖ សកម្មភាព​របស់​លោក ហ៊ុន សែន ឬ​របប​របស់​លោក ហ៊ុន សែន ទាំង​មូល​ពិត​ជា​បាន​ធ្វើ​ទាំង​កម្រោល​ដែល​ខ្ញុំ​បាន​កត់សំគាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ជាពិសេស សេរីភាព​ក្នុង​ការធ្វើ​នយោបាយ សេរីភាព​សារព័ត៌មាន សេរីភាព​ក្នុង​ជួប​ប្រជុំ និង​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ សមាគម​ក្រៅ​រដ្ឋា​បាល និង​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ របប​របស់​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​ទាំង​អស់​នេះ​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​ទៅ​ទៀត​នោះ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាម​មិន​អោយ​ក្រុម​មន្ត្រី​បក្ស​នេះ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ ដែល​ស្មើ​មួយ​អាណត្តិ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា។ ការ​រំលោភ​ទាំង​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ចំ​បេះដូង​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តែម្តង ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​មាន​វិធានការ​ជាក់លាក់​លើ​បញ្ហា​នេះ។

តាំង សារ៉ាដា៖ តើ​អ្វី​ដែល​ជា​ជំ​ហាន​ជាក់លាក់​របស់​លោក​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​នេះ​នោះ​បាទ?

ម៉ាក បាត់លើរ៍៖ រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋមន្ត្រី​ការបរទេស​ស្រមោល​ពី​ខាង​បក្ស​ប្រឆាំង​ដែល​ជា​សហការី​របស់​ខ្ញុំ គឺ​លោកស្រី ភែននី វ៉ុង (Penny Wong) បាន​និយាយ​ជា​សាធារណៈ​ហើយ​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង​យ៉ាង​ខ្លាំង​អំពី​វិធានការ​របស់​លោក ហ៊ុន សែន ក្នុង​រយៈ ពេល​ចុង​ក្រោយ​នេះ។ យើង​ក៏​កំពុង​តាម​ដាន​មើល​ផង​ដែរ​អំពី​ការ​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ ដូច្នេះ​ខ្ញុំ​នឹង​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ស្រមោល​របស់​យើង គឺ​លោកស្រី ភែននី វ៉ុង ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​សរសេរ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​អូស្ត្រាលី ថែម​ទៀត​ដែរ ដើម្បី​ចង់​ដឹង​ថា តើ​វិធានការ​ជាក់លាក់​អ្វី​ដែល​ពួកគេ​នឹង​ពិចារណា​ចាត់​វិធានការ​ទៅ​លើ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ។ ឥឡូវ​នេះ​វា​ច្បាស់​ណាស់​ទៅ​ហើយ​សម្រាប់​ខ្ញុំ ថា​កម្ពុជា នឹង​គ្មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន នឹង​គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រឈម​ជាមួយ​ការ​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។

តាំង សារ៉ាដា៖ តើ​វិធានការ​អ្វី​ខ្លះ​ដែល​លោក​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា នោះ? ឧទាហរណ៍​ដូច​ជា​នៅ​សហរដ្ឋអាមេរិក តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក កំពុង​បោះ​ជំហាន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដូច​ជា​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន មិន​អោយ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។ ចំណែក​សេតវិមាន​វិញ បាន​គំរាម​អំពី​ហានិភ័យ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ តើ​អូស្ត្រាលី មាន​គម្រោង​ធ្វើ​ដូច្នេះ​ទេ?

​ម៉ាក បាត់លើរ៍៖ ខ្ញុំ​ក៏​ចង់​អោយ​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​របស់​ប្រទេស​អូស្ត្រាលី មាន​វិធានការ​ច្បាស់លាស់​លើ​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ពិចារណា​ចាត់​វិធានការ​ណា​មួយ​ឲ្យ​សមស្រប​ទៅ​នឹង​ទំហំ​នៃ​ការ​ប្រព្រឹត្ត​របស់​លោក ហ៊ុន សែន។ ចំណាត់ការ​ណា​មួយ​ដែល​យើង​នឹង​ធ្វើ គឺ​នឹង​មិន​ឲ្យ​ប៉ះពាល់ ឈឺ​ចាប់​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ទេ។ ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា តើ​រដ្ឋាភិបាល​អូស្ត្រាលី នឹង​ចាត់​វិធានការ​អ្វី​នៅ​ឡើយ​ទេ។ ប៉ុន្តែ យើង​នឹង​ពិនិត្យ​មើល​ទណ្ឌកម្ម​ដែល​បណ្ដា​ប្រទេស​ទាំង​ឡាយ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ធ្វើ​រួច​មក​ហើយ​នោះ។ ខ្ញុំ​នឹង​តវ៉ា​អំពី​បញ្ហា​នេះ ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ដើម្បី​ស្វែង​រក​វិធានការ​ជាក់លាក់​ណា​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។

តាំង សារ៉ាដា៖ ចុះ​ចំណែក​ការ​បង្កក​ទ្រព្យសម្បត្តិ​វិញ​យ៉ាង​ម៉េច​ដែរ? ដូច​លោក​ដឹង​ស្រាប់​ហើយ​ថា ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​ការ​ជួញដូរ​គ្រឿង​ញៀន ការ​ជួញដូរ​ឈើ​ប្រណិត និង​ការ​លាង​លុយ​ខ្មៅ​ជាដើម កំពុង​មាន​ទ្រព្យ​សម្បត្តិ និង​ភាគហ៊ុន​ជា​ច្រើន​សម្បើម​ណាស់​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ពី​ជំនួញ​ភាគហ៊ុន​របស់​លោក​បាន​ជួយ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា។ តើ​ក្រុម​របស់​លោក ក៏​ដូចជា​រដ្ឋាភិបាល​អូស្ត្រាលី មាន​បាន​ពិនិត្យ​លើ​បញ្ហា​នេះ​ដែរ​ទេ?

ម៉ាក បាត់លើរ៍៖ ខ្ញុំ​គិត​ថា វា​ការ​សមរម្យ​ដែល​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ត្រូវ​ពិនិត្យ​លើ​បញ្ហា​ទាំង​នេះ ជាពិសេស​ក្រុមគ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​របស់​លោក ហ៊ុន សែន ដែល​បាន​យក​លុយ​ពី​សកម្មភាព​ខ្មៅ​កខ្វក់​នៅ​កម្ពុជា មក​ចាយ​សប្បាយ​សោយ​សុខ​ក្នុង​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ឬ​នៅតាម​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត។ ករណី​ទាំង​នេះ យើង​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ល្អិតល្អន់ ពីព្រោះ​ខ្ញុំ​បាន​ឃើញ​ច្បាស់​ហើយ​ថា របប​របស់​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​ល្មើស​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​មិន​ទាន់​អាច​ស្មាន​ទុក​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ចាត់​វិធានការ​បែប​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ ខ្ញុំ​​សន្យា​ថា នឹង​ជម្រាប​ទៅ​រដ្ឋាភិបាល​អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ក៏​ដូចជា​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ទៅ​លើ​សកម្មភាព​រំលោភ​ច្បាប់​របស់​លោក ហ៊ុន សែន ទាំង​កម្រោល​នោះ។

​តាំង សារ៉ាដា៖ តើ​លទ្ធភាព​នៃ​លក្ខខណ្ឌ​ជាក់លាក់​របស់​លោក​មាន​អ្វី​ខ្លះ​ដែរ​បាទ?

​ម៉ាក បាត់លើរ៍៖ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ស្រមោល​របស់​អូស្ត្រាលី តាមរយៈ​ការ​ធ្វើ​សវនាការ​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​ការ​ឆ្លើយ​ឆ្លង​ពី​ឯកអគ្គរដ្ឋទូត​របស់​យើង​ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​ក៏​បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី ជូលី ប៊ីហ្សប់ (Julie Bishop)។ យើង​កំពុង​ស្នើ​ឲ្យ​យក​បញ្ហា​កម្ពុជា​នេះ ទៅ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​រដ្ឋ​សភា​អូស្ត្រាលី​ផង​ដែរ។ អ្វី​ដែល​ពួក​ខ្ញុំ​កំពុង​ប្រឹងប្រែង​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​រដ្ឋាភិបាល និង​សភា​អូស្ត្រាលី យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ខ្លាំង។

​តាំង សារ៉ាដា៖ ដូច​លោក​បាន​ដឹង​ហើយ​ថា ប្រទេស​ចិន រុស៊្សី វៀតណាម បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ខ្លួន​លោក កឹម សុខា។ ជាមួយគ្នា​លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​សាធារណៈ​ទៅ​ហើយ​ថា លោក​មិន​ខ្វល់​អំពី​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ដោយ​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ ចំណែក​អូស្ត្រាលី វិញ តើ​មាន​ជំហរ​យ៉ាង​ណា​ដែរ?

​ម៉ាក បាត់លើរ៍៖ រាល់​ការ​បោះឆ្នោត​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​បោះឆ្នោត​គ្មាន​បាន​ការ ជា​ការ​បោះឆ្នោត​បែប​កំប្លុកកំប្លែង និង​ជា​ការ​បោះឆ្នោត​ដែល​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ នេះ​នៅ​មិន​ទាន់​គិត​ដល់​កា​រំលោភ​ដល់​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ផង។ ដូច​ខ្ញុំ​បាន​និយាយ​អ៊‍ីចឹង ថា​អូស្ត្រាលី និង​បណ្តា​ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភពលោក ត្រូវ​ពិចារណា​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​ជា​ទីបំផុត​អំពី​វិធានការ​របស់​ពួកគេ​ទៅ​កម្ពុជា។

​តាំង សារ៉ាដា៖ លោក ហ៊ុន សែន បាន​គំរាម​សម្លាប់​មនុស្ស​រាប់រយ​នាក់ ប្រសិនបើ​ហ៊ាន​បះបោរ​ដើម្បី​ការ​ផ្តាស់​ប្តូរ​ណា​មួយ​កើត​ឡើង។ ជាង​នេះ​ទៅ​ទៀត អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ក៏​បាន​សម្តែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ថា លោក​មិន​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​ ប្រហែល ២​លាន​នាក់​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ការ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៣ នោះ។ ប្រសិនបើ​អ្នក​នយោបាយ​ជាន់​ខ្ពស់​ក្នុង​ប្រទេស​អូស្ត្រាលី ប្រើ​ភាសារ​ដូច​លោក ហ៊ុន សែន ដូច្នេះ តើ​នឹង​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ណា​ដែរ? តើ​ជីវភាព​នយោបាយ​របស់​អ្នក​ដែល​ប្រើ​ភាសា​គំរាម​ដូច្នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ខ្លះ?

​ម៉ាក បាត់លើរ៍៖ ការ​និយាយ​បែប​លោក ហ៊ុន សែន នេះ គឺ​មិន​អាច​អត់ឱន​ឲ្យ​បាន​ជាដាច់ខាត។ សម្តី​បែប​នេះ ត្រូវ​ចាត់​ទុក​ថា ជា​ចេតនា​ឧក្រិដ្ឋ ដែល​កុំ​ថា​មេដឹកនាំ​ប្រទេស សូម្បីតែ​ពលរដ្ឋ​សាមញ​ក៏​មាន​ទោស​ដែរ។ ពេល​ខ្លះ​ពលរដ្ឋ​អូស្ត្រាលី ស្ទើរ​តែ​មិន​យល់​សោះ តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​បែប​នេះ ព្រោះ​អី ពលរដ្ឋ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​សេរី​ដទៃ​ទៀត សុទ្ធ​តែ​មាន​សិទ្ធិសេរីភាព​ពេញលេញ គ្មាន​ការ​រឹតត្បិត​ដូច្នេះ​នោះ​ទេ។

តាំង សារ៉ាដា៖ ជា​ចុង​ក្រោយ​តែ​លោក​មាន​អ្វី​ផ្តាំផ្ញើរ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ដែរ​ទេ?

​ម៉ាក បាត់លើរ៍៖ អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​នៅ​ពេល​នេះ មាន​មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភពលោក​ដែល​នៅ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​យើង​នឹង​នៅ​តែ​បន្ត​រិះរក​គ្រប់​វិធានការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​អន្តរជាតិ បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី ២៥​ឆ្នាំ​កន្លង​ទៅ​នេះ។

តាំង សារ៉ាដា៖ សូម​អគុណ​ច្រើន លោក ម៉ាក បាត់លើរ៍!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តំណាងរាស្ត្រ​អូស្ត្រាលី​ប្ដេជ្ញា​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ពិនិត្យ​មើល​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ខ្មែរ"

  1. people says:

    Please do the action sir’ not just talking ‘ this government leaded by former veitcong khmer rough is the robber and killer ‘now he rob all the M-P seats from CNRP gave to the crooks who people never vote to them but they are not human being ‘ so this government is illegal ‘ Please do anything to block them not do business or what so ever outside the country. GOD bless all cambodian people’

Leave a Reply

Submit Comment