ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ប្រកាស​រួម​កម្លាំង​បន្ត​សកម្មភាព​នយោបាយ​ទៅ​មុខ

ដោយ អាស៊ីសេរី
2017-11-28

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ផ្ញើ​ជូន​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Screenshot
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ផ្ញើ​ជូន​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Screenshot


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ពី​ខាង​ក្រៅ​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​ប្រកាន់​ជំហរ​ថា គណបក្ស​ខ្លួន​​នៅ​តែ​រឹងមាំ​ដដែល​ ហើយ​ត្រៀម​បន្ត​សកម្មភាព​របស់​ខ្លួន​ទៅ​មុខ​ទៀត បើ​ទោះ​បី​ជា​គណបក្ស​​ត្រូវ​បាន​អាជ្ញាធរ​របស់​​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រុះរើ​កម្ទេច​ស្លាក​គណបក្ស​​អស់​ហើយ​​ក៏ដោយ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ថ្នាក់​ដឹក​នាំ​​គណបក្ស​ក៏​កំពុង​រក​​វិធី​ដើម្បី​ទាក់ទង​ជាមួយ​​សកម្មជន​នៅ​ខាង​​​ក្នុង​ប្រទេស​ឲ្យ​បាន​ងាយ​ស្រួល ​ដើម្បី​ពង្រឹង​សាមគ្គីភាព​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​មន្ត្រី​ថ្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​​ប្រទេស សម្ដែង​​ការ​កោត​សរសើរ​ចំពោះ​សកម្មជន​គណបក្ស​នៅ​ខាង​ក្នុង​ប្រទេស ដែល​មាន​ឆន្ទៈ​ស្មោះស្ម័គ្រ​រួម​រស់​ជា​មួយ​គណបក្ស​ដោយ​មិន​ចុះ​ចូល​តាម​ការ​អូសទាញ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​នោះ។

​​​​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លិប​តាម​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​នៅ​តែ​បន្ត​សកម្មភាព​នយោបាយ​ដ៏​ឥត​ងាករេ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នកស្រី មូរ សុខហួរ អះអាង​ទៀត​ថា​ នៅ​ក្នុង​ស្ថានភាព​ដែល​សកម្មជន​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ខាង​ក្រៅ​ប្រទេស​កន្លង​មក​ក្ដី​ ក៏​ប៉ុន្តែ​ក្នុង​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ថ្នាក់​ដឹក​នាំ​គណបក្ស​នឹង​រៀបចំ​ឲ្យ​មាន​ការ​ទាក់ទង​ជាមួយ​​សកម្មជន​គណបក្ស​ទាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បាន​ងាយ​ស្រួល​ជាង​មុន ដើម្បី​បន្ត​ការងារ​នយោបាយ​របស់​គណបក្ស​ទៅ​មុខ​ទៀត៖ «លើស​ពី​នេះ​ទៅ​ទៀត គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ មាន​ជំនឿ​ច្បាស់​ណាស់​ថា បងប្អូន​នឹង​តស៊ូ​រក្សា​តទៅ​នូវ​មនសិការ​ស្នេហា​ជាតិ​ យើង​នឹង​បន្ត​រស់​នៅ​ក្រោម​ដំបូល​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​នឹង​តស៊ូ​ទៅ​ទៀត​ ដើម្បី​ទាមទារ​មក​វិញ​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិមនុស្ស​ជូន​ដល់​ប្រទេស​កម្ពុជា វិញ ឲ្យ​ទាល់​តែ​បាន​ នៅ​ពេល​ឆាប់ៗ​នេះ»

ចំណែក​ឯ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក ថាន សុរិទ្ធ អះអាង​ថា សមាជិក​គណបក្ស​លោក​នៅ​ខេត្ត​កំពង់ចាម សម្ដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​​ថ្នាក់​ដឹក​នាំ​គណបក្ស​​ប្រកាស​រួម​សាមគ្គី​គ្នា​ដើម្បី​បន្ត​យុទ្ធនាការ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ នោះ។ លោក​អះអាង​ទៀត​ថា​ សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ ​ដើម្បី​បន្ត​ជីវិត​នយោបាយ​ឲ្យ​រស់​រវើក​ជាមួយ​មន្ត្រី​ថ្នាក់​ដឹក​នាំ​គណបក្ស​ដោយ​ឥត​រុញរា​ឡើយ៖ «បើ​បាន​គណបក្ស​សង្គ្រោះ​ជាតិ មក​វិញ អ្នក​ដែល​សប្បាយ​ជា​ង​គេ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ​ដែល​សប្បាយ​ជាង​គេ​ ហើយ​កន្លង​មក​ឃើញ​មាន​ការ​ចុះ​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ មិន​មែន​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ទៅ​តាម​ទេ​ ប្រជាពលរដ្ឋ​គាត់​យល់​ច្បាស់​ណាស់​អំពី​ស្ថានភាព​នយោបាយ។ គាត់​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឮ​ដំណឹង​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​រឹងមាំ​ឡើង​វិញ​ ទាក់ទង​នឹង​គោលជំហរ​ គឺ​កុំ​បារម្ភ​ឲ្យ​សោះ​ ដោយ​ថ្នាក់​ក្រោយ​មាន​ភាព​រឹងមាំ​ណាស់​ ដោយ​រង់ចាំ​តែ​ព័ត៌មាន​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​តែ​ប៉ុណ្ណឹង​ទេ»

​​​​​​​​​​​​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ប្រកាស​ពង្រឹង​សាមគ្គី​ភាព​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​​​លោក សុខ ឥសាន ធ្លាប់​បាន​អះអាង​ថា សកម្មជន​គណបក្ស​ប្រឆាំង​រាប់​ពាន់​នាក់​បាន​មក​សុំ​​ចុះ​ចូល​ជាមួយ​គណបក្ស​លោក​ ហើយ​លោក​ថា ការ​ចុះ​ចូល​នេះ​ទំនង​ដោយ​សារ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ៖ «អ៊ីចឹង​ទេ​យើង​មិន​អាច​ងើយ​បង​ប្អូន​ធ្លាក់​ខ្លួន​ទទួល​រង​ដោយ​អយុត្តិធម៌​ដោយ​មេ​បក្ស​ប្រឆាំង និង​ក្រុម​មេ​បក្ស​ប្រឆាំង​នោះ​ទេ ត្រូវ​តែ​អូសទាញ​អប់រំ​បងប្អូន​ឲ្យ​មាន​ការ​គិតគូរ ហើយ​មាន​ការ​ភ្ញាក់​រលឹក ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួន​ដើម្បី​មក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា»

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​ជម្រះ​ក្ដី​រំលាយ​គណបក្ស​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ គឺ​បន្ទាប់​​ពី​​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​សំណុំ​រឿង​រំលាយ​គណបក្ស​​ដែល​ប្ដឹង​ដោយ​គណបក្ស​នយោបាយ​២ កាល​ពី​ពេល​ថ្មីៗ​នេះ។

ទោះ​ជា​យ៉ាង​ណា ​មន្ត្រី​ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សកម្មជន​ដែល​ចុះចូល​គណបក្ស​កាន់​អំណាច​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​​ឱសានវាទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ឱកាស​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ គឺ​មាន​សមាជិក​​ក្រុម​ប្រឹក្សា​ប្រហែល​ជាង ២០០​នាក់​ដែល​បាន​ចុះចូល​គណបក្ស​កាន់​អំណាច​នោះ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ស្រប​ពេល​​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង រី​ឯ​ចំនួន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា តិចតួច​នោះ​​ លោក​ថា ​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ទៅ​ដៃគូ​ប្រកួត​ដែល​ស​បញ្ជាក់​ថា គណបក្ស​មួយ​នេះ ​មាន​ភាព​រឹងមាំ​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​​ធ្វើ​ឲ្យ​គណបក្ស​នេះ​មិន​អាច​បំបែក​បាន​ដោយ​ងាយ​ស្រួល​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ប្រកាស​រួម​កម្លាំង​បន្ត​សកម្មភាព​នយោបាយ​ទៅ​មុខ"

  1. Sam says:

    To form an exile political party may be an alternative way to keep in touch with people inside.

  2. xxx says:

    បើយើងប្រព្រឹត្តនូវអំពើដែលល្អ ទោះយូរឬឆាប់ផលល្អនឹងមកដល់យើងជាក់ជាពុំខាន
    បើយើងប្រព្រឹត្តនូវអំពើដែលអាក្រក់ នោះមិនយូរមិនឆាប់ផល់អាក្រក់នឹងមកដល់ខ្លួនយើងឬគ្រួសារយើងវិញជាពុំខានឡើយ

  3. xxx says:

    រាស្ត្រជាម្ចាស់អំណាច រាស្ត្រអាចផ្ដល់អំណាចឲ្យបាន តែរាស្ត្រក៏អាចដកអំណាចវិញបានដែរ អាស្រ័យលើឆន្ទ:រាស្ត្រ

Leave a Reply

Submit Comment