អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​អន្តរាគមន៍​បញ្ឈប់​ការ​ប៉ុនប៉ង​បិទ​CCHR

ដោយ សេក បណ្ឌិត
2017-11-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​ប្រទេស​អ្នក​ផ្ដល់​ជំនួយ អន្តរាគមន៍​ជា​បន្ទាន់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ឈប់​ការ​ប៉ុនប៉ង​បិទ​ទ្វារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដោយ​ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ និង​​មិន​លើ​មូលដ្ឋាន​ច្បាប់។

​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បង្ហាញ​អំពី​ការ​ភ័យ​ខ្លាច​របស់គាត់ មិន​ត្រឹមតែ​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី​នោះ​ទេ គឺ​លោក​ក៏​ភ័យ​ខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​ចូលរួម​អង្គការ​សមាគម​ផង​ដែរ។

​ប្រសាសន៍​របស់​លោក ប្រ៊ែដ អាដាម គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​សារ​លោក ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ភ្នំពេញ ដោយ​លោក​ចោទ​ថា មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដោយ​បរទេស។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «ការ​ពិត​អា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​ភ្នំពេញ ត្រូវ​តែ​បិទ​ចោល ព្រោះ​អា​ហ្នឹង​ធ្វើ​តាម​បរទេស។ ក្រសួង​មហាផ្ទៃ មើល ព្រោះ​អាហ្នឹង​បរទេស​អ្នក​ឲ្យ​បង្កើត មិន​មែន​ខ្មែរ​បង្កើត​ទេ។ មើល​អា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​ភ្នំពេញ ហ្នឹង​មួយ​ទៀត អា​ហ្នឹង​វា​ខុស​រឿង។ បើ​អង្គការ​ក្រៅ​ប្រទេស​គេ​មក​បង្កើត​សុំ​ច្បាប់​យើង អា​ហ្នឹង​មិន​ថា​ទេ តែ​នេះ​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បរទេស​ឱ្យ​បង្កើត ឱ្យ​ធ្វើ​នេះ ឱ្យ​ធ្វើ​នោះ»។​

​លោក ហ៊ុន សែន ថ្លែង​សំដៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០២។ មជ្ឈមណ្ឌល​នេះ​ធ្វើ​ការងារ​ជា​ច្រើន​ផ្ដោតលើ​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដែល​ត្រូវ​បាន​ទទួល​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដូចជា​សិទ្ធិ​អប់រំ សិទ្ធិ​ដីធ្លី រួម​ទាំង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​បង់​ថ្លៃ​ដល់​ជនរងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា។

ទោះ​ជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​មជ្ឈមណ្ឌល​នេះ​ក្ដី ក៏​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ទី​២៧ វិច្ឆិកា ថា លោក​នៅ​ពិនិត្យ​មើល​ហេតុផល​ច្បាស់លាស់​ជា​មុន​សិន៖ «មិន​មែន​តែ​សិទ្ធិមនុស្ស​ទេ អង្គការ​ណា​ក៏ដោយ យើង​គ្រប់គ្រង​តាម​លក្ខន្តិកៈ​របស់​គេ​ដែល​បាន​តម្កល់។ ការ​បិទ​នេះ ខ្ញុំ​មិន​ទាន់​អាច​ជម្រាបជូន​បាន ដោយសារ​កិច្ចការ​នេះ ត្រូវ​តែ​មាន​ហេតុផល​ច្បាស់លាស់ មិន​អាច​ថា​ធ្វើ​អ្វី​មួយ​គ្មាន​ហេតុផល​បាន​ទេ»

​ស្ថាបនិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក កឹម សុខា បាន​លាលែង​ពី​មជ្ឈមណ្ឌល​នេះ​ទៅ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស នៅ​ឆ្នាំ​២០០៧ ហើយ​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧។ លោក​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ក្បត់​ជាតិ។

​ការ​បិទ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ អិន.ឌី.អាយ (NDI) កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បិទ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ការ​ចាប់​អតីត​អ្នក​កាសែត​អាស៊ីសេរី ការ​រំលាយ​គណបក្ស​ប្រឆាំង ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​យុទ្ធនាការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សង្គម​ស៊ីវិល មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ ការ​ព្យាយាម​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​នេះ គឺ​លោក ហ៊ុន សែន ធ្វើ​ឡើង​រយៈពេល ១០​ថ្ងៃ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment