ពលរដ្ឋ​ខ្មែរ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អនុវត្ត​សេចក្ដី​សម្រេច​ចំពោះ​កម្ពុជា

ដោយ មួង ណារ៉េត
2017-11-28
RFA

ស្ដាប់ និង​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean
ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ទាមទារ​ឲ្យ​ ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yun Samean


ប្រជា​សហគមន៍​ខ្មែរ​គ្រោង​ធ្វើ​មហាបាតុកម្ម​នៅ​មុខ​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​អាមេរិក អនុវត្ត​ឲ្យ​បាន​ឆាប់ៗ​នូវ​សេចក្ដី​សម្រេច​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក មួង ណារ៉េត ដូច​តទៅ៖

ពលរដ្ឋ​សហគមន៍​ខ្មែរ គ្រោង​ធ្វើបាតុកម្ម​នៅមុខ​សេត​វិមាន របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​អាមេរិក អនុវត្ត​ឲ្យ​បាន​ឆាប់ៗ នូវ​សេចក្ដី​សម្រេច​របស់​សមាជិក​ព្រឹទ្ធិ​សភា ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ។

បាតុកម្ម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ខាង​មុខ ដែល​គាប់​ជួន​នឹង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ត្រូវ​ធ្វើ​នៅ​ចំ​ខាងមុខ​កន្លែង​ធ្វើការ​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក​បែប​នេះ ត្រូវ​បាន​សមាជិក​ម្នាក់ នៅ​ក្នុង​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នេះ​បញ្ជាក់​ថា គឺ​ធ្វើ​ក្នុង​គោលបំណង​ផ្ញើ​សារ ឲ្យ​ឮ​ដល់​មន្ត្រី​រដ្ឋបាល និង​លោក ដូណាល់ ត្រាំ ដោយ​ផ្ទាល់​អំពី​ក្ដី​កង្វល់ និង​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ ចំពោះ​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​កាន់អំណាច កំពុង​ប្រព្រឹត្ត​នៅ​កម្ពុជា។

លោក អ៊ុង ឫទ្ធី ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៨ ខែ​វិច្ឆិកា ថា ការ​តវ៉ា​ដោយ​អហិង្សា​នេះ គឺ​ដើម្បី​ពន្លឿន​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ឆាប់​អនុវត្ត​សេចក្ដី​សម្រេច របស់​ព្រឹទ្ធសភា​អាមេរិក ក្នុង​ការ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដូច​បច្ចុប្បន្ន​នេះ​តទៅទៀត៖ «យើង​សង្ឃឹម​ថា លោក ត្រាំ និង​អ្នក​ធ្វើការ​ជាមួយ​គាត់​បាន​ឃើញ ហើយ​រៀបចំ​ធ្វើការ​ជា​បន្ទាន់ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​វិវាទ​មាន​ដំណោះស្រាយ​ឆាប់ៗ។ យើង​មិន​អាច​រង់ចាំ​បានទេ។ កាលណា​យើង​រង់ចាំ​យូរ វា​នឹង​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ផ្សេងៗ ដែល​កំពុង​កើត​មាននៅ​កម្ពុជា»

ចំណុច​ទី​៨ នៃ​សេចក្ដី​សម្រេច​លេខ ២៧៩ ដែល​ស្នើ​ឡើង ដោយ​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប គឺ​លោក ចន ម៉ាកខេន (John McCain) ពី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក ឌិក ឌើប៊ិន (Dick Durbin) មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ដែល​ត្រូវ​បាន​ព្រឹទ្ធសភា​ពេញអង្គ​របស់​សហរដ្ឋ​អាមេរិក អនុម័ត​ជា​ឯកច្ឆន្ទ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នោះ​ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា បើ​រដ្ឋាភិបាល​នេះ មិន​អើពើ​ទៅ​នឹង​អនុសាសន៍ របស់​សហគមន៍​អន្តរជាតិ និង​បើ​នៅ​បន្ត​ឲ្យ​បរិយាកាស​នយោបាយ នៅ​តែ​មាន​ភាព​រឹតត្បិត និង​មានការ​គំរាមកំហែង ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅទៀត នោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នឹង​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាងមុខ​នោះ​ទេ ព្រោះ​ការបោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយក៏​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ដែរ ដោយសារ​ដំណើរការ​បោះឆ្នោត មិនបាន​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ​ត្រឹមត្រូវ។

សេចក្តី​សម្រេច​ដដែល ​ទាមទារ ៨​ចំណុច​ធំៗ រួម​ទាំង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ផង​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការ​ថ្កោលទោស រាល់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​ផ្នែក​នយោបាយ នៅ​ប្រទេស​កម្ពុជា និង​ទាមទារ​ឲ្យ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​កើត​មាននៅ​កម្ពុជា និង​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស នៃ​ក្រសួង​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ខាងលើ ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​ជន​ដែល​គ្រោះថ្នាក់ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។

លោក អ៊ុង ឫទ្ធី បញ្ជាក់​បន្ថែម​ទៀត​ថា មុន​បាតុកម្ម​នៅ​ថ្ងៃទី១០ ខែ​ធ្នូ នោះ ក៏​នឹង​មាន​បាតុកម្ម​មួយ​ផ្សេងទៀត ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ អាទិត្យ ទី៣ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ច្រើន​ជាង​គេ គឺ​ក្នុង​គោលបំណង ឲ្យ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ ប្រញាប់​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ដើម្បី​ផ្ញើ​សារ​ដល់​សមាជិក និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ អំពី​ការ​យកចិត្តទុកដាក់ របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។

ចំណែក​ឯ ពលរដ្ឋ​សហគមន៍​ខ្មែរ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ឯណោះ​វិញ ដោយមាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​មួយ​ចំនួន ពី​ខាង​គណបក្ស​សង្គ្រោះជាតិ​ផង បាន​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ដើម្បី​សម្ដែង​ការជំទាស់ ទៅ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ គោលបំណង​រួម អ្នក​តវ៉ា​មាន ៦ ចំណុច​ធំៗ ផ្តោត​សំខាន់ លើ​ការ​ទាមទារ​ឲ្យ​ផ្ដល់​នីតិសម្បទា ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥៥ រូប​ឡើងវិញ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កាណាដា ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ អ្នក​តវ៉ា​ម្នាក់​បាន អាន​សារលិខិត របស់​ក្រុម​បាតុករ ផ្ញើ​ជូន​ទៅ​នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា​លោក ចះស្ទីន ទ្រូដូ (Justin Trudeau) ឲ្យ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​ក្នុង​បញ្ហា​វិបត្តិ​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ៖ «រដ្ឋាភិបាល​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ ហ៊ុន សែន បាន​ប្រព្រឹត្ត​អំពើ​អនីត្យានុកូល រំលោភ​លើ​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ច្បាប់​ធម្មនុញ្ញ។ សកម្មភាព​ប្រើប្រាស់​តុលាការ និង​អាជ្ញាធរ​ចាប់ចង ដាក់គុក​តាមតែ​អំពើ​ចិត្ត គឺ​ទម្រង់​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។ សូម​ឯកឧត្តម​ចាត់ការ​ជាបន្ទាន់»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីររូប ក្នុង​នោះ​មាន​លោក គង់ សភា ដែល​ត្រូវ​បាន​កង​អង្គរក្ស​លោក ហ៊ុន សែន វាយដំ​ឲ្យ​រង​របួស​បាក់​ក្តោង​ច្រមុះ និង​រហែក​ក្រដាសត្រចៀក កាលពី​ឆ្នាំ​២០១៥ ក៏បាន​ចូលរួម​ក្នុង​បាតុកម្ម​នេះ ដោយ​ឆ្លៀតឱកាស ប្រកាស​ប្រាប់​ពិភពលោក អំពី​ភាព​នៅ​តែ​ស្របច្បាប់​នៃ​តំណាងរាស្ត្រ​ទាំង ៥៥ រូប​របស់​គណបក្ស​សង្គ្រោះជាតិ៖ «រាល់​ការ​ដែល​ប្លន់​អំណាច​របស់​ប្រជាពលរដ្ឋ​ជាង​ពលរដ្ឋ​ជាង ៣ លាន​នាក់ ដោយ​ជន​ផ្ដាច់ការ​រលោក ហ៊ុន សែន ទៅ​ចែក​ឲ្យ​ចោរ ពួក​ស្រលាញ់​អំណាច ពួក​ស្រលាញ់​លាភសក្ការៈ យើង​មិន​អាច​ទទួលស្គាល់​ជាដាច់ខាត នូវ​ការ​ប្លន់​អំណាច​របស់​ប្រជាពលរដ្ឋ។ យើង​ទាំងអស់​គ្នា​សូម​ប្រកាស​ជា​ឱឡារិក​ថា យើង​ជា​តំណាងរាស្ត្រ​ស្របច្បាប់ និង​ស្រប​រដ្ឋធម្មនុញ្ញ។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ស្នេហា​ជាតិ​ទាំងអស់ បន្ត​រួបរួម​គ្នា សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​មួយ​ជា​វិជ្ជមាន​នៅ​កម្ពុជា»

ស្ត្រី​ពីរ​នាក់​ដែល​ចូលរួម​តវ៉ា​ដែរ បង្ហាញ​ភាព​ក្ដៅ​ងំ​ក្នុង​ចិត្ត បើទោះបី​ស្ថិត​ក្រោម​អាកាសធាតុ​ត្រជាក់​ធ្លាក់​ព្រិល​យ៉ាង​ណា​ក្តី។ ពួកគាត់​ខឹងសម្បា​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​បែង​ចែង​កៅអី​តំណាងរាស្ត្រ​ស្របច្បាប់​របស់​គណបក្ស​សង្គ្រោះជាតិ ទៅ​ឲ្យ​មន្ត្រី​ដែល​មិន​បាន​ជាប់ឆ្នោត៖ «ចោរប្លន់​សន្លឹក​ឆ្នោតជាតិ។ ថោកទាប​ណាស់​អា​មន្ត្រី​ក្បត់ជាតិ​ទាំងអស់​នោះ។ ចាំ​ទុក​ណា៎​! ថ្ងៃ​ណា​បាបកម្ម​អ្នកឯង​មាន​! ខ្ញុំ​ខឹង​ណាស់ ខ្ញុំ​បញ្ចេញ​កំហឹង​ថ្ងៃនេះ។ ខ្ញុំ​ខឹង​មែនទែន។ ពួក​អ្នកឯង​ក្បត់ជាតិ នឹង​គេច​ផុត​ពី​សំណាញ់​ច្បាប់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឡើយ ចាំ​ឲ្យ​ច្បាស់។ បរាជ័យ ហ៊ុន សែន​! យើង​ខ្ញុំ​រាល់ថ្ងៃ ជឿ​ថា​សង្គ្រោះជាតិ​រលាយ​មែន តែ​ទឹកចិត្ត​ប្រជាពលរដ្ឋ​អត់​រលាយ​ទេ។ នៅ​តែ​ជំហរ​រឹង​ដដែល ស្ថិត​ក្នុង​បេះដូង​ខ្មែរ​ជានិច្ច​បក្ស​សង្គ្រោះជាតិ។ យើង​នឹង​តតាំង​ជាមួយ​អ្នកឯង យក​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពិតប្រាកដ នៅ​ប្រទេស​កម្ពុជា​បងប្អូន»

រលក​តវ៉ា​របស់​ពលរដ្ឋ​សហគមន៍​ខ្មែរ នេះ​បាន​កក្រើក​ឡើង​កាន់​តែ​ខ្លាំង នៅ​ក្រោយ​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ​បានសម្រេច និង​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា កំពុង​បង្កើន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​ជួប​ប្រជុំ និង​តវ៉ា​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment