មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​​ពលរដ្ឋ ក្រោយ​តំណាងរាស្ត្រ​ថ្មី​ ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង

សមាជិក​សភា​ថ្មី​មកពី​គណបក្ស​ចំនួន ៣ ពេល​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ម្សិលមិញ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​តំណាងរាស្ត្រ​ថ្មី​ទាំង ៤៤ ​រូប​បាន​ធ្វើ​ពិធី​ស្បថ​នៅ​ព្រះបរមរាជវាំង ដោយ​មិន​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជាធិបតី កាលពី​ម្សិលមិញ​ដើម្បី​ចូល​កាន់​តំណែង ខណៈ​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ ដែល​មិន​ទទួល​ស្គាល់​សមាជិក​សភា​ថ្មី​ទាំងនោះ​ជា​តំណាង​របស់​ពួកគេ ដោយសារ​ថា​សមាជិក​សភា​ទាំង​នោះ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ដែល​រាស្ត្រ​បាន​បោះឆ្នោត​ឲ្យ​។

ជាមួយ​គ្នា​នេះ​អាសនៈ​ចំនួន ១១ ​ទៀត​ក្នុង​ចំណោម​អាសនៈ ៥៥ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សល់​ពី​ការ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ចំនួន​ ៣ ​អស់​ ៤៤ ហើយ​នោះ​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

គណបក្ស​កាន់​អំណាច​ដែល​ទទួល​បាន​ចំណែក​ដែរ​នេះ​ដោយសារ​តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​​របស់​លោក ខឹម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក​ ក្រវ៉ាញ ដារ៉ន បដិសេធ​ក្នុង​ការ​ទទួល​យក​អាសនៈ​ ១១ ដែល​សល់​ពី​ការ​បែងចែក​នោះ​។ ក្នុង​នោះ​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចុះចូល ជាមួយ​បក្ស​កាន់​អំណាច​គឺ​លោក​ ឡុង ប៊ុន្នី ក៏​មាន​សំណាង​បាន​ទទួល​អាសនៈ​តំណាងរាស្ត្រ​នេះ​វិញ​ដែរ​។

នៅ​ម៉ោង​ជាង ៤ រសៀល​ម្សិលមិញ​តំណាងរាស្ត្រ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​ ៤១ រូប​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង ៣ រូប​ផ្សេង​ទៀត​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឃន៍​សេដ្ឋកិច្ច​បាន​យាង និង​អញ្ចើញ​ធ្វើ​សច្ចាប្រណិធាន នា​ព្រះបរមរាជវាំង​មុន​ចូល​កាន់​តំណែង បន្ទាប់ពី​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ផ្តល់​សុពលភាព​ជា​អ្នក​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ចន្ទ​។

លោក អាំង សំបូរ ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​ចូលរួម​ធ្វើ​សច្ចាប្រណិធាន​នា​ព្រះបរមរាជវាំង​ថ្លែង​ថា​ពិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​។

លោក​ថ្លែង​ថា​៖ «​ជាធម្មតា​ទេ​ក្នុង​ឋានៈ​យើង​ជា​តំណាងរាស្ត្រ​មាន​តែ​ធ្វើ​តាម​តួនាទី​នឹង​ភារកិច្ច​របស់​យើង​។ [​យើង​] ​សប្បាយ​រីករាយ​»​។ លោក​បន្ត​ថា​លោក​បាន​ប្តេជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​​ដោយ​ស្មោះ​ត្រង់ និង​មាន​គម្រោង​ចុះ​មូលដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ជួប​ប្រជាពលរដ្ឋ​។

លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រើ​សិទ្ធិ​ជា​ឯកជន​របស់​លោក​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដោយ​យោង​តាម មាត្រា ៧៦ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​រដ្ឋសភា​។

លោក​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា​៖ «​សូម​ប្រកាស​មិន​ទទួល​ស្គាល់​តំណាងរាស្ត្រ​ចំនួន ៥៥ រូប​ដែល​មិន​បាន​ទទួល​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​គណបក្ស​នយោបាយ​ណា​មួយ តាមរយៈ​ការ​បោះឆ្នោត​ថា​ជា​តំណាងរាស្ត្រ​ឡើយ​»​។

អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​ក៏​បាន​បដិសេធ​ទទួល​ស្គាល់​អ្នក​តំណាងរាស្ត្រ​ទាំង​នេះ​ផង​ដែរ​ដោយ​រិះគន់​ថា​ជា​ «​តំណាងរាស្ត្រ​សេះ​ហោះ តំណាងរាស្ត្រ​អត់​រាស្ត្រ​…»​។

លោក​ កែវ ភារម្យ អាយុ ៤៣ ឆ្នាំ​ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​ថ្លែង​ថា លោក​មិន​អាច​ទទួល​ស្គាល់​តំណាងរាស្ត្រ​ថ្មី​ដែល​ស្បថ​ចូល​កាន់​តំណែង​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​ដោយ​ពលរដ្ឋ​នោះ​ទេ​។ ​«​សម្រាប់​ទស្សនៈ​ខ្ញុំ ធម្មតា​រាស្ត្រ​គេ​ស្រលាញ់​បក្ស​ណា​មួយ ដូច្នេះ​គេ​បោះ​ឲ្យ​បក្ស​នោះ​ពី​ព្រោះ​គេ​ស្រឡាញ់​គោលការណ៍​បោះ​ឲ្យ​បក្ស​ហ្នឹង ប៉ុន្តែ​មនុស្ស​ដែល​គេ​មិន​បាន​បោះឆ្នោត​ឲ្យ​បែរ​ជា​ទៅ​ទទួល​តំណែង​ហ្នឹង​ខ្ញុំ​យល់​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​»​។ «​គេ​មិន​បាន​បោះ​ឲ្យ បើ​និយាយ​ពី​ផ្លូវ​ច្បាប់​គឺ​វា​ស្រប​ហើយ ប៉ុន្តែ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ឯកភាព​នោះ​ទេ​»​។

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ប្រាប់​ឈ្មោះ​ ត្រឹមតែ ធួក អាយុ ៤០ ថ្លែង​ថា​លោក​មិន​ទទួល​ស្គាល់​សមាជិក​សភា​ថ្មី​ដាច់​ខាត​ដោយសារ​ពួកគេ​មិន​ត្រូវ​បាន​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។ លោក​ថ្លែង​ថា​៖ «​គេ​ធ្វើ​មិន​ត្រឹមត្រូវ មិន​ឆ្លង​កាត់​ការ​បោះឆ្នោត យើង​មិន​ទទួល​ស្គាល់​ដាច់ខាត​។ គ្មាន​ពី​ណា​ទទួល​យក​បាន​ទេ បើ​ទៅ​លួច​របស់​គេ​អ៊ីចឹង​នោះ​»​។

ប៉ុន្តែ​យុវជន​ម្នាក់​ទៀត​ឈ្មោះ ធារី ឆយវ៉ាន់នី អាយុ ១៨ ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​ដែល​ទើប​តែ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ថា លោក​នឹង​ទៅ​ចូលរួម​បោះឆ្នោត បើ​ទោះបី​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ក៏ដោយ​។ ​«​បើ​អត់​បក្សប្រឆាំង​ក៏​មាន​បក្ស​ផ្សេង​ទៀត​ដែរ​។ ខ្ញុំ​នឹង​ធ្វើការ​សម្រេច​ចិត្ត​នា​ថ្ងៃ​បោះឆ្នោត​នោះ​»​។ នៅ​ពេល​សួរ​អំពី​ការ​ទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី​លោក​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយតប តែ​ថា​ «​អត់​អី​ទេ​»​។

លោក អ៊ុំ តារាវុធ នាយក​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​បាន​ថ្លែង​ថា​លោក​មាន​ភារកិច្ច​នៅ​តាម​ខេត្ត ហើយ​មិន​ដឹង​ពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​ទ្រង់​អវត្តមាន​ពី​ព្រះរាជពិធី​សច្ចាប្រណិធាន​របស់​តំណាងរាស្ត្រ​ថ្មី​កាលពី​ម្សិលមិញ​ទេ​។

ប៉ុន្តែ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ជា​ព្រះញាតិវង្ស​តែ​មួយ​អង្គ​គត់​ដែល​ជា​អតីត​សមាជិក​គណបក្ស​ប្រឆាំង​មាន​បន្ទូល​ថា​៖ «​ក្នុង​ឱកាស​ខ្លះ ក្នុង​ពេល​កន្លង​មក​ព្រះមហាក្សត្រ​នឹង​តែងតាំង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព្រះបរមរាជវាំង​ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សច្ចាប្រណិធាន​»​។

លោក ឡុង បុត្តា អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា តំណាងរាស្ត្រ​ថ្មី​ទាំង​នោះ​នឹង​ត្រូវ​គេ​ចារ​ឈ្មោះ​អាក្រក់​ក្នុង​ប្រវតិ្តសាស្ត្រ​បន្ទាប់ពី​បាន​ទទួល​យក​តំណែង​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​ដែល​ការ​ធ្វើ​បែប​នេះ​គឺ​គ្មាន​កិត្តិយស​អ្វី​ទាំងអស់​។ «​ប្រជារាស្ត្រ​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ប្រវត្តិសាស្ត្រ​នឹង​ដាក់​អ្នក​ជា​អ្នក​បំផ្លាញ​ជាតិ​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា បើ​មិន​ទទួល​ស្គាល់​ក៏​មិន​បញ្ហា​ដែរ​។ «​បើ​អ្នក​ឯង​មិន​ទទួល​ស្គាល់ រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា និង​អ្វីៗ​ទាំងអស់​មាន​ស្លាប់​ឯណា ផ្ទុយ​ទៅ​វិញ​នៅ​តែ​មាន​ការ​រីកចម្រើន និង​កាន់តែ​ល្អ​ថែម​ទៀត​ផង​។ រឿង​មិន​ទទួល​ស្គាល់​នោះ មិន​ទទួល​ស្គាល់​តាំង​ពី​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០១៣ ​ម្ល៉េះ​…»​។

លោក​បន្ថែម​ថា​៖ «​ទោះបី​មាន​ឧបសគ្គ​ធំ តូច​យ៉ាង​ណា​ក៏​មិន​អាច​មក​រារាំង​ដំណើរ​ឈាន​ទៅ​មុខ​របស់​នាវា​កម្ពុជា​បាន​ដែរ ផ្ទុយ​ទៅ​វិញ​បើ​ហ៊ាន​យក​ជើង​មក​ទប់​បាក់ជើង បើ​យក​ដៃ​មក​ទប់​បាក់ដៃ​ជា​មិន​ខាន​ទេ​។ មើល​ឃើញ​ឧទាហរណ៍​ស្រាប់​ហើយ តែ​បើ​មិន​ជឿ​សាក​មើល​ទៀត​ទៅ​នោះ​នឹង​បាន​ឃើញ​ជាក់​ជា​មិន​ខាន​ឡើយ​»៕

រាយការណ៍​បន្ថែម​ដោយ Leonie Kijewski


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

7 Responses to "មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​​ពលរដ្ឋ ក្រោយ​តំណាងរាស្ត្រ​ថ្មី​ ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង"

  1. Phan Phan says:

    ល្អណាស់ បានឃើញមុខពួកអាចោរមួយចំនួនហើយ នៅសល់មួយចំនួនទៀត ហើយយកឈ្មោះពួកវា ចារទុកក្នុងប្រវត្តិសាស្ត្រ ទាំង ១២៣ នាក់ តែម្តង គឺមាន ក្រុមមេចោរ ៦៧ និង មេចោរ ម្នាក់ និង ក្រុមទទួលផលចោរកម្ម ៤១ និង មេក្រុមទទួលផលចោរកម្ម ៣។

  2. Phan Phan says:

    មាន ម្នាក់នោះ ឈ្មោះ អាំង សំបូរ មកពីគណបក្សហ៊្វុនស៊ិនប៉ិច ថា គេនឹងចុះមូលដ្ឋានក្នុងពេលឆាប់ៗដើម្បីជួបប្រជាពលរដ្ឋ។ នៅហ៊ាន ទៅជួបគេទៀត លោកឯងទៅជួបអ្នកណាលោក ចោរ (ខ្ញុំមិនប្រើពាក្យអាស្វាទេ គឺប្រើពាក្យ លោកចោរ) បើគេអត់មានបោះឆ្នោតឲ្យផងហ្នឹង?

  3. Anonymous says:

    soon this nation will be no more KIN dump of KAMPOUCHEA any more. GOD bless Cambodia

  4. Anonymous says:

    soon this nation will be no more KING dump of KAMPOUCHEA any more. GOD bless Cambodia

  5. Sam says:

    People should welcome them with rotten eggs

  6. Phanna says:

    សូមលោកដែលសរសេរអត្ថបទ​ ឈប់ប្រើពាក្យតំណាងរាស្ត្រជាបន្ទាន់សម្រាប់ពពួកឈ្លើងអស់នេះ​ ព្រោះបើប្រើពាក្យដំណាងរាស្ត្រ​ មានន័យថាឲ្យតម្លៃដល់ពួកវា​ ដូច្នេះអ្នកសរសេរពាក្យនេះ​ ក៏ក្បត់ឆន្ទះរាស្ត្រដែរ

  7. Mitra says:

    ខ្ញំុមិនសុខចិត្តទេ​​​ បើខ្ញំុអត់មានបោះឆ្នោតឲ្យផងហ្នឹង? ទេវតាគង់មានភ្នែក

Leave a Reply

Submit Comment