អង្គការអន្តរជាតិតំណាងឲ្យ១១៩ស្ថាប័ន ថ្កោលទោសលោក ហ៊ុន សែន ក្រោយបញ្ជាបិទ CCHR

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) (រូបភាពពី Phnom Penh Post)


អង្គការអន្ដរជាតិមួយ ដែលតំណាងឲ្យបណ្តុំអង្គរជាតិចំនួន១១៩ បានថ្កោលទោសប្រមុខរដ្ឋាភិបាលកម្ពុជា ដែល បានថ្លែងសារព្រមានបិទអង្គការសិទ្ធិមនុស្ស កាលពីពេលថ្មីៗនេះ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ឆ្លើយតបថា សេចក្ដីថ្លែងការណ៍នោះ គ្មានឥទ្ធិពលមកលើកម្ពុជាឡើយ។

កាលពីថ្ងៃទី២៦ខែវិច្ឆិកា ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហៅកាត់ថា CCHR ដោយចោទថា អង្គការមួយនេះ បានបម្រើបរទេស និងមានជាប់ពាក់ព័ន្ធ នឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៨ វិច្ឆិកាម្សិលមិញ បណ្ដាញ​អង្គការ​សកល ​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅកាត់ថា “IFEX” ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា និងតំណាងឲ្យអង្គការចំនួន១១៩ស្ថាប័ននោះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការព្រមាននេះថា ពុំមានមូលដ្ឋានច្បាស់លាស់ និងថា ​អាច​ឈាន​ទៅ​​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​មួយ រឹតត្បិត​សេរីភាព​សារព័ត៌មាន នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។

បើតាមសេចក្ដីថ្លែងការណ៍ បណ្ដាញ​អង្គការ​សកល​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ជឿជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានប្រកាន់ខ្ជាប់នូវឯករាជ្យភាពរបស់ខ្លួន ដោយមិនប្រកាន់គណបក្សនយោបាយ និងធ្វើការ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់អង្គការ IFEX បន្ដថា ចំណាត់​ការ​របស់រដ្ឋាភិបាល នឹងប្រាប់ទៅពិភពលោកថា កម្ពុជា មិនបានគោពតាមអ្វី ដែលខ្លួនបានសន្យា ដោយធានាឲ្យមានការបញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សេរីនោះទេ។

នាយិកាប្រតិប្រតិអង្គការ IFEX លោកស្រី Annie Game មានប្រសាសន៍ក្នុងសេចក្ដីការណ៍នោះថា ការបញ្ជាឲ្យបិទអង្គការ CCHR នឹងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែយាប់យឺន ខណៈក្រុមអង្គការសង្គមស៊ីវិល និងសំឡេងឯករាជ្យមួយចំនួនទៀត ក៏កំពុងទទួលរងការរឹតត្បិតសិទ្ធិសេរីភាព។

 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍នេះ មិនមានឥទ្ធិពលលើកម្ពុជានោះទេ និងថា រដ្ឋាភិបាល កំពុងបន្ដការស៊ើបអង្កេតលើអង្គការ CCHR នេះ។

 

នាយិកា​អង្គការសីលការ លោកស្រី​ ធីតា ឃឹះ បង្ហាញក្ដីបារម្ភខ្លាំង ដោយថា ការព្រមានបិទអង្គការសិទ្ធិមនុស្សនេះ នឹងធ្វើឲ្យបណ្ដុំអង្គការសង្គមស៊ីវិលផ្សេងទៀត មានការភិតភ័យ និងមិនហ៊ានធ្វើសកម្មភាពចូលរួមក្នុងសង្គមដូចមុន។

 

ក្រោយបញ្ជាដោយផ្ទាល់មាត់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះ​អាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​ឯករាជ្យ​របស់​ខ្លួន​ពី​គណបក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​ បន្ត​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការព្រមានពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺមិនដល់រយៈពេល៣ខែផង បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានមួយចំនួន ដែលដំណើរការក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសិទ្ធិមនុស្ស CCHR ត្រូវបានបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅឆ្នាំ២០០២ ហើយក្រោយមកលោកបានលាឈប់ និងត្រូវបានដឹកនាំបន្ដដោយលោក អ៊ូ វរៈ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣។ ហើយលោកស្រី ចក់ សុភាព បានដឹកនាំស្ថាប័នសិទ្ធិមនុស្សនេះ បន្ដរហូតដល់ពេលបច្ចុប្បន្ន៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

One Response to "អង្គការអន្តរជាតិតំណាងឲ្យ១១៩ស្ថាប័ន ថ្កោលទោសលោក ហ៊ុន សែន ក្រោយបញ្ជាបិទ CCHR"

  1. Anonymous says:

    គណបក្សខ្លះបង្កើតដោយួួន ហូ ជីមីុញ ឆ្នាំ ១៩៥១ តើគេគួររំលាយចោលដែរឬទេ? ហើយអង្គការនេះបង្កើតយូរមកហើយហេតុអីមកចង់រំលាយចោលនៅពេលនេះ? ច្បាប់គេមិនអនុញ្ញាតិឲធ្វើបកក្រោយអញ្ចឹងទេ! គួរគិតពីអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន នឹងប្រយោជន៍ជាតិ នឹងត្រូវចេះខ្មាស់ពិភពលោកទាំងឡាយ ជាពិសេសប្រទេសកុំម្មុយនីស្តយួន ចិន ក៏គេដូរមេដឹកនាំគេញឹកញ្ញាប់ដែរ ។

Leave a Reply

Submit Comment