ទោះ​រងការ​ចោទ​រឿង​បដិវដ្តន៍​ពណ៌​ ទូត​អាមេរិក​បញ្ជាក់​​ជំហរ​ពង្រឹង​ចំណង​ការទូត​ និងសេដ្ឋ​កិច្ច​ជា​មួយ​កម្ពុជា

នយោបាយ

​រូបឯកសារ៖ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​William Heidt​


30 វិច្ឆិកា 2017
នៅ វណ្ណារិន
វីអូអេខ្មែរ

ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​VOA​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​​លោក​ ​William Heidt​​ បំភ្លឺ​ថា ​អាមេរិក​ ​គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ទេ​ តែនៅ​បន្តកិច្ច​សហការ​និង​ជួយ​ជំរុញ​​សេដ្ឋកិច្ច​។​

បើ​ទោះ​ជា​មាន​ភាព​ល្អក់​ក​ករក្នុង​ទំនាក់ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ ​និង​មាន​ការ​ចោទ​នា​នា​ដល់​សហ​រដ្ឋ​អាមេរិក​ ​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​នេះ​ ​នៅ​តែ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​ការ​ពង្រឹង​ទីផ្សារ​និង​ទាក់ទាញ​វិនិយោគ​ទុន​អាមេរិក​មក​ប្រទេស​កម្ពុជា​ ​លើ​វិស័យពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​ ​ដែល​ជា​វិស័យ​ឈាន​មុខ​នៅ​លើ​ពិភព​លោក​ក្នុង​ពេល​បច្ចុប្បន្ន។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​William Heidt​ ​ដែល​ផ្តល់​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ដល់​ ​VOA​ ​កាល​ពី​ថ្ងៃ​ពុធ។​

​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​VOA​ ​និង​មាន​ផ្សាយផ្ទាល់​ (Live) តាម​ហ្វេសប៊ុក​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក​ ​William Heidt​ ​បញ្ជាក់​ប្រាប់​ VOA​ ​ថា​ការ​ចោទ​ប្រកាន់​នា​នា​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​និង​អ្នកគាំ​ទ្រ​របស់​ខ្លួន រួម​ទាំង​ការ​ចោទ​ថា ​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​បក្ស​ជំទាស់​សង្គ្រោះជាតិ​ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​បក្ស​កាន់​អំណាច​គឺ​ជា​ ​«រឿង​មិន​ពិត»។​ ​ទោះ​យ៉ាង​ណាក៏​ដោយ​ ​លោក​ថា​ការ​ចោទ​បែប​នេះ​គឺ​គ្មាន​នរណា​ ​ម្នាក់​ជឿ​នោះទេ​ ​ហើយ​លោក​ក៏​មិន​ចំណាយ​ពេល​ច្រើន​ផង​ដែរ​ក្នុង​ការ​បញ្ជាក់​ក្នុង​រឿង​នេះ។​ ​លោក​ ​William Heidt​ ​ក៏​សង្កត់​បន្ថែម​ថា​ ​អ្វី​ដែល​លោក​ផ្តោត​សំខាន់​គឺ ​ការ​ជួយ​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ ​និង​ផ្សារ​ភ្ជាប់​អ្នក​វិនិយោគ​អាមេរិក​ផ្នែក​បច្ចេក​វិទ្យា​ជា​មួយ​នឹង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​កម្ពុជា​ដែល​សព្វថ្ងៃ​នេះមាន​យ៉ាង​ហោច​ណាស់​ជាង​១២០​ក្រុម​ហ៊ុន​ហើយ​ភាគ​ច្រើន​គឺ​ជា​ សហគ្រិន​វ័យក្មេង​កម្ពុជា​ និង​ខ្មែរ​អាមេរិក​កាំង។

បទសម្ភាសន៍​ផ្តាច់មុខ៖​ ជាមួយ​ ​លោក​ William Heidt​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា


លោក​ William Heidt​ ​ក៏​បាន​ឱ្យ​ដឹង​ថា​បេសកកម្ម​របស់​លោក​ ​គឺ​ផ្តោត​លើការ​ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​គឺ​ លើ​ផ្នែក​ពាណិជ្ជ​កម្ម។​ ​លោក​ថា ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ដែល​លោក​បាន​មក​កាន់​ស្រុក​ខ្មែរ​ ​លោក​បាន​ជួយ​ជំរុញ​ការ​នាំ​ចូល​ផលិតផល​ធ្វើ​ដំណើរ​ដូច​ជា​ ការបូប​យួរ​ដៃ​ឱ្យ​មាន​ការ​នាំ​ចូល​ទៅ​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​គិត​ពន្ធ។​ ​លើស​ពី​នេះ​ទៀត​លោក​បាន​ផ្សារ​ភ្ជាប់​ម្ចាស់​រោង​ចក្រ​អ្នក​ផលិត​នៅ​កម្ពុជា​ និង​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក។​

ថ្លែង​ដោយ​មាន​អ្នក​បក​ប្រែ​ពិសេស​ ​លោក​ ​William Heidt​ ​ថា​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​បេសកកម្មការ​ទូត​រយៈ​៣ឆ្នាំ​របស់​លោក​គឺ៖

«ជា​ជំហាន​ស្នូល​បន្ទាប់​ទៅ​ទៀត​នោះ​ ​គឺ ​ខ្ញុំ​ព្យាយាម​តភ្ជាប់​វិស័យ​បច្ចេក​វិទ្យា​កម្ពុជា​ ​ទៅ​នឹង​វិស័យ​បច្ចេក​វិទ្យា​របស់​សហ​រដ្ឋ​អាមេរិក​ធំៗ​ ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​ខ្លាំង​នៅ​តាម​តំបន់​នា​នា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា​នៅ​សិង្ហបុរី​ ​និង​ទីក្រុង​ហូជីមីញ។​ ​ខ្ញុំ​គិត​ថា ​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ ក៏ប៉ុន្តែ​មិនទាន់​មាន​ការ​ភ្ជាប់​គ្នា​នៅ​ឡើយ​នោះ​ទេ​រវាង​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​ទៅ​បណ្តាញ​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក​ធំៗ​ក្នុង​តំបន់»។​

​លោក​សង្ឃឹម​ថា​ នឹង​ព្យាយាម​ធ្វើ​កិច្ចការ​នេះ​នៅ​ដើម​ឆ្នាំ​ ២០១៨​ខាង​មុខ។

កាល​ពី​ដើម​ខែ​កញ្ញា​ ​កន្លង​ទៅ​ ​ភ្លាម​ៗ​ក្រោយ​ការ​ចាប់​ខ្លួន​ ​ប្រធាន​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ​គឺ​ ​លោក​ ​កឹម សុខា​ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​ និង​សារព័ត៌មាន​ស្និត​នឹង​រដ្ឋា​ភិបាល​លោក​ ហ៊ុន សែន​ ​បាន​បើក​យុទ្ធនា​ការ​មួយ​ ​ដោយ​ចោទ​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គណ​បក្ស​ជំទាស់​ក្នុង​ប៉ុនប៉ង​ផ្តួល​រំលំ​លោក​ ​ហ៊ុន សែន​ ​ដោយ​ផ្នែក​លើ​សារ​វីដេអូ​ខ្លី​មួយ​ដែល​លោក​ ​កឹម សុខា​ថ្លែង​ពី​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​លោក​ ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ខ្លួន​ តាំង​ពី​ចុង​ឆ្នាំ​២០១៣​ ​មក​នោះ។​ ​មួយ​ខែ​ក្រោយ​មក​ ​នៅ​ក្នុង​ខែ​តុលា​ ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បង្កើត​វីដេអូ​មួយ​ ដែល​មាន​រយៈ​ពេល​ជិត​១ម៉ោង​ ចោទ​ប្រកាន់​រដ្ឋាភិបាល​អាមេរិក​ ​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​ថា​ ជា​អ្នក​ជំរុញ​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៣​ ​ដើម​ឆ្នាំ២០១៤។​ ​ភ្លាមៗ​ក្រោយ​ពី​មាន​ការ​ចោទប្រកាន់​ទំាង​នោះ​ស្ថានទូត​អាមេរិក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទំាង​នោះ។

ទោះយ៉ាង​ណា​ក៏​ដោយ​ ​ឆ្លើយ​ទៅ​នឹង​សំនួរ​ ​VOA​ ក្នុង​បទ​សម្ភាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ ​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​William Heidt​ ​បញ្ជាក់​ជា​ថ្មី​ថា៖

«សម្រាប់​ខ្ញុំ​ ​ខ្ញុំមិនបាន​ចំណាយ​ពេល​វេលា​ច្រើន​ចំពោះ​រឿង​នេះ​ទេ​ ​ពី​ព្រោះ​ថា​នៅ​សហរដ្ឋ​អាមេរិក​ ទាំង​រដ្ឋា​ភិបាល​អាមេរិក​ ​ទាំង​សង្គម​អាមេរិក​ក្តីមិនជឿ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ​ ​ហើយ​យើង​ចាត់​ទុក​ថា​វា​ជា​រឿង​មិន​ពិត។​ ​ហើយ​យើង​នៅ​តែ​ចាត់​ទុក​កម្ពុជា​ថា ​ជា​ដៃគូ​ដ៏​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ហើយ​យើង​នឹង​នៅ​តែ​បន្ត​ធ្វើ​បែប​នេះចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ ​គឺ យើង​នៅ​តែ​មិន​ជឿទេ​ ​ព្រោះ​វា​មិនមែន​ជា​ការ​ពិត»។

លោក​បន្ថែម​ថា៖​

«បាទ!​ហើយ​អ្វី​ដែល​ខ្ញុំ​ ​ធ្វើ​ហ្នឹង​គឺ ​ខ្ញុំ​និយាយ​ពី​ចំណុច​វិជ្ជមាន​ទំាងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​ ​ការ​ងារ​សេដ្ឋកិច្ច​ដែល​ខ្ញុំ​បាន​និយាយ​ខាង​ដើម»។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​លោក​ ​កឹម សុខា​ ​ដោយ​ចោទ​ថា​ បាន​ឃុប​ឃិត​ជា​មួយ​បរទេស​ផ្តួល​រំលំ​រដ្ឋាភិបាល​ គណ​បក្ស​ប្រជា​កម្ពុជា​ បាន​នាំ​ដល់​ការ​រំលាយ​បក្ស​នេះ​ ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ។​ ​ការ​រំលាយ​បក្ស​ជំទាស់​ដែល​មាន​អ្នក​គាំទ្រ​ជាង​ ​៤០ភាគ​រយ​កាល​ពី​ពេល​បោះឆ្នោត​កន្លង​ទៅ​ បង្ក​ឱ្យ​មាន​ប្រតិកម្ម​ធ្ងន់​ពី​សំណាក់​បស្ចិម​ប្រទេស​ ប្រឆំាង​នឹង​ការ​រំលាយ​នេះ ​រួម​ទំាង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ដល់​កម្ពុជា​ផង​ដែរ។

​លោក​ ​William Heidt​ ​បញ្ជាក់​ថា​ ការ​រំលាយ​បក្សសង្គ្រោះជាតិ​ ​គឺ​ជា​ រឿង​ ​«គួឱ្យ​សោក​ស្តាយ»​ និង​ជា​ក្តី​បារម្ភ​ដ៏​ធំ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​របប​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។​ ​លោក​ថា​ ដូច​ដែល​សេតវិមាន​បាន​ប្រកាស​កន្លង​មក​ ហើយ​រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ពិនិត្យ​មើល​ឡើងវិញ​នយោបាយ​ការ​បរទេស​ជា​មួយ​ប្រទេស​កម្ពុជា​ផង​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់ ​VOA​ ​ចំពោះ​ការ​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​ក្រុម​ប្រទេស​ ​ដែល​រួច​ផុត​ពន្ធ នាំ​ចូល​ទៅ​សហ​រដ្ឋ​ ​អាមេរិក​ ​GSP​ ឬ​ ​Generalized System of Preference​ ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បញ្ជាក់​ថា​ រដ្ឋ​បាល​របស់​លោក​ប្រធា​នា​ធិបតី Donald Trump​ ​កំពុង​ពិនិត្យ​ឡើង​វិញ​ ​ចំពោះ​ក្រុម​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ ​GSP​ ​ទូទាំង​ពិភព​លោក​រួម​ទាំង​ក្រុម​ប្រទេស​នៅ​អាស៊ី។​ ​លោក​ ​Heidt​ ​ថា ​តាម​ចំណាត់​ថ្មីៗ​របស់​ប្រធានា​ធិបតី ​Donald Trump​ ​នឹង​មាន​ការ​សើរើ​ ​ហើយ​ដាក់​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​ ដែល​ទទួល​បាន​ GSP​ ឡើង​វិញ​ ​ដោយ​ផ្នែក​ទៅ​លើ​ ​ការ​គោរព​សិទ្ធិ​កម្មករ​ ​និង​ការ​ការពារ​កម្ម​សិទ្ធិ​បញ្ញា។

ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ​ ​VOA​ ​នៅថ្ងៃពុធ​នេះ​ ​លោក​ ​William Heidt​ ​ក៏​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​ចេតនា​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រឹត​ចំណង​ទាក់ទង​រវាង​កម្ពុជា​អាមេរិក​ ​ក្នុង​រយៈ​ពេល​២ឆ្នាំ​នៃ​បេសកកម្ម​ការ​ទូត​របស់​លោក​ ​មក​ប្រទេស​កម្ពុជា។​ ​លោក​ថា ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​មិន​បាន​«ផ្តល់​សញ្ញា​ណា​មួយ​ឱ្យ​ច្បាស់​លាស់»​ ​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

លោក​ ​ ​William Heidt​ ​បញ្ជាក់​ថា៖​

«អ្វី​ដែល​យើង​ក្រឡេក​មើល​ឃើញ​កន្លង​មក​ចំពោះ​វិធាន​ការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​មក​លើ​សហ​រដ្ឋ​អាមេរិក​នោះ​ ​គឺ​ មាន​ទាំងការ​កាត់​ផ្តាច់​នូវ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​ ​ហើយ​និង​ស្ថាន​ភាព​នយោបាយ​ចុង​ក្រោយ​នេះ។​ ​អ៊ីចឹង​ខ្ញុំ​ហាក់​ដូច​ជា ​មើល​ឃើញ​ថា ​ដូច​ជា​មិន​មាន​ចេតនា​ស្មោះត្រង់​ណា​មួយ​ ​នៅ​ក្នុង​ការ​ចង់ឱ្យ​មាន​នូវ​ទំនាក់ទំនង​ល្អ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ»។​

​លោក ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ ​VOA​ ​ថា រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​មិន​មាន​គោល​បំណង​ណា​មួយ​យក​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សត្រូវ​នោះ​ទេ​ ​ដោយ​កម្ពុជា​ព្យាយាម​ធ្វើ​ការងារ​ជា​មួយ​អាមេរិក​ រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ភេរវកម្ម​ជា​ដើម។​ ​ក៏​ប៉ុន្តែ​ លោក​ ​ផៃ ស៊ីផាន​ ​ស្នើ​ឱ្យ​លោក​ទូត​ ​William Heidt​ ​គោរព​តាម​គោល​ការណ៍​របស់​លោក​ប្រធានា​ធិបតី​ ​Donald Trump​ ​ដែល​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នា​នា។​ ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ដដែល​បាន​បន្ត​ថា​ អាមេរិក​ក៏​គួរ​តែ​បំបាត់ចំណុច​អវិជ្ជមាន​តូចៗ​មួយ​ចំនួន​ដូច​ជា​ ការ​បិទ​មិន​ផ្តល់​Visa​ ​ដល់​មន្ត្រី​កម្ពុជា​ពាក់ព័ន្ធ ​និង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ ដែល​ប្រព្រឹត្ត​ខុស​មក​កម្ពុជា​វិញ​ ​ការប្រមាថ​របស់​អ្នក​នយោបាយ​អាមេរិក​មក​លើ​លោក​ ​ហ៊ុន សែន​ ​ការ​គាំពារ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​បង្កើត​ចលនា​ប្រឆំាង​នឹង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ការ​លុប​បំបាត់​បំណុល​ដែល​កម្ពុជា​ជំពាក់​សហ​រដ្ឋ​អាមេរិក​ជា​ដើម​។

លោក​បន្ថែម​ថា៖​

«ហើយ​ការ​ប៉ះពាល់​ចំណុចតូចៗ​ទេ​ ​ដែល​គួរ​តែ​លោក​មន្ត្រី​ទូត​ហ្នឹង​ ​គួរតែ​រក្សា​ស្ថានភាព​មួយ​ ​ឱ្យ​បាន​វិជ្ជមាន​ក្នុង​ការ​គ្រប់គ្រង​នៃ​ការ​បែក​បាក់​នេះ។ ​ហើយខ្ញុំសូម​ជម្រាប​ជូន​ ​ថា​កម្ពុជា​អត់​មាន​ទិស​ដៅ​បែក​បាក់​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ជា​ជាង​ការ​ដែល​កម្ពុជា​ទទួល​បាន​ពាក្យ​សម្តី​ ​ស្ថាន​ទូត ​និង​អ្នក​នៅ​ជុំវិញ​ស្ថាន​ទូត​ ដែល​ចោទ​ប្រកាន់​ថា ​កម្ពុជា​មាន​ភាពលម្អៀង​ទៅ​កាន់​ប្រទេស​ចិន​ច្រើន​ជាង​ ​អ៊ីចឹង​ហ្អា។​នេះ​វា​គឺជា​ ការ​ចោទ​ប្រកាន់​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន»។​

​ការ​លើក​ឡើង​របស់​លោក​ ​ផៃ ស៊ីផាន​ ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ ​គ្រា​ដែល​គណៈប្រតិភូ​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​បក្ស​កុម្មុយនិស្ត​ចិន​ ​រយៈ​ពេល​៤ថ្ងៃ​នៅ​ទី​ក្រុង​ប៉េកាំង។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ដែល​ ​VOA​ ​បាន​ទទួល​ឱ្យ​ដឹង​ថា​លោក​ ​ហ៊ុន សែន​ក៏​នឹង​គ្រោង​ណាត់​ជួប​ ​លោក​ ហ្ស៊ី ជីនពីង (Xi Jinping) ​ដែល​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​ប្រធានាធិបតី​ចិន​ ​រួម​ទាំង​មន្ត្រី​សំខាន់​របស់​ចិន​មួយ​ចំនួន​ទៀត​ផង​ដែរ៕​

What Next?

Recent Articles

One Response to "ទោះ​រងការ​ចោទ​រឿង​បដិវដ្តន៍​ពណ៌​ ទូត​អាមេរិក​បញ្ជាក់​​ជំហរ​ពង្រឹង​ចំណង​ការទូត​ និងសេដ្ឋ​កិច្ច​ជា​មួយ​កម្ពុជា"

  1. Phan Phan says:

    បើអញ្ចឹង ប្រជាធិបតេយ្យនៅកម្ពុជា ពិជារលាយមែនហើយ បើសហរដ្ឋអាមេរិកមិនជួយពលរដ្ឋខ្មែរ។ ជួយពង្រឹងទីផ្សានាំចេញ មានន័យថា ជួយហ៊ុនសែន ឲ្យកាន់តែរឹងមាំ ហើយហ៊ុនសែន យកភាពរឹងមាំនេះ ទៅប្រាប់ពលរដ្ឋខ្មែរថា ខ្លួនបានដឹកនាំប្រទេសឲ្យមានភាពរឹងមាំ មិនមែនអាមេរិកជួយទេ។ នេះក៏មានន័យថែមទៀតថា សហរដ្ឋអាមេរិកទទួលស្គាល់ការរំលាយគណបក្សសង្គ្រោះជាតិថាស្របច្បាប់ ដូចហ៊ុនសែនថាអញ្ចឹង។

Leave a Reply

Submit Comment