គ.ជ.ប បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ពិសេស​មួយ ដើម្បី​វាយ​បក​លើ​ព័ត៌មាន​អវិជ្ជមាន

ដោយ វ៉ា សំណព្វ
06/12/2017
RFI

media
លោក ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)


គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប) បាន​សម្រេច​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ពិសេស​មួយ ដែល​មាន​តួនាទី​ក្នុង​ការ​ឆ្លើយ​បំភ្លឺ ឬ​លើក​យោបល់​ជូន​ប្រធាន​ គ.ជ.ប ក្នុង​ករណី​ដែល​មាន​ការ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពាក់​ព័ន្ធ​នឹង គ.ជ.ប ឬ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទាំង​មូល។ ក្រុម​ថ្មី​នេះ​ មាន​សមាសភាព​ចំនួន​៧​រូប ប៉ុន្តែ​មិន​មាន​តួនាទី​ដូច​អ្នក​នាំ​ពាក្យ​ គ.ជ.ប នោះ​ទេ។

ក្រុម​ប្រតិកម្ម​ព័ត៌មាន​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក នឹង​ធ្វើ​ជា​សេនាធិការ​របស់​ប្រធាន គ.ជ.ប រូប​នេះ សម្រាប់​ទប់​ស្កាត់ និង​វាយ​បក រាល់​ព័ត៌មាន​អវិជ្ជមាន មក​លើ​ប្រធាន គ.ជ.ប និង គ.ជ.ប ទាំង​មូល។ ក្រុម​ថ្មី​នេះ មាន​សមាសភាព​ចំនួន​៧​រូប ដែល​មាន​លោក សោម សូរីដា អគ្គលេខាធិការ​រង គ.ជ.ប ជា​ប្រធាន លោក ឡេង សុជា ទី​ប្រឹក្សា​លោក ស៊ិក ប៊ុនហុក ជា​អនុប្រធាន និង​អម​ដោយ​សមាជិក​ចំនួន​៥​រូប​ទៀត ដែល​សុទ្ធ​សឹង​ជា​ទី​ប្រឹក្សា និង​ប្រធាន​នាយកដ្ឋាន​សំខាន់ៗ​របស់ គ.ជ.ប។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ចុះ​ថ្ងៃ​ទី ០៤ ធ្នូ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

បើ​យោង​តាម​សេចក្តី​សម្រេច​នេះ “ក្រុម​ប្រតិកម្ម​ព័ត៌មាន” ថ្មី​នេះ នឹង​មិន​ដើរ​តួនាទី​ជំនួស​អ្នក​នាំ​ពាក្យ គ.ជ.ប របស់​លោក ហង្ស ពុទ្ធា នោះ​ទេ តែ​ក្រុម​ថ្មី​នេះ នឹង​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នក​នាំ​ពាក្យ គ.ជ.ប ក្នុង​ករណី​ដែល​មាន​ព័ត៌មាន​អវិជ្ជមាន​ណា​មួយ ពាក់​ព័ន្ធ​នឹង គ.ជ.ប ឬ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទាំង​មូល។ ក្រុម​ថ្មី​នេះ ក៏​មាន​ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ពី​គ្រប់​នាយកដ្ឋាន​ពាក់​ព័ន្ធ និង​ប្រមូល​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ជា​សាធារណៈ ដើម្បី​ធ្វើ​ការ​វិភាគ​នូវ​ព័ត៌មាន​អវិជ្ជមាន ការ​បង្ខូច​កិត្តិយស គ.ជ.ប ឬ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ បំភ័ន្ត​សាធារណៈ​មតិ ដែល​ធ្វើ​ឲ្យ​អាប់​ឱន​ដល់ គ.ជ.ប ឬ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សង្ស័យ ឬ​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ដើម។

អ្វី​ជា​ការ​កត់​សំគាល់ ការ​សម្រេច​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ថ្មី​ស្រឡាង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​រិះគន់ និង​វាយ​ប្រហារ​ទៅ​លើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​កម្ពុជា​មួយ​នេះ ក្រោយ​ពី​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ បាន​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ទាំង​ថ្នាក់​ជាតិ​និង​មូលដ្ឋាន ដែល​នៅ​សេស​សល់​ពី​ការ​រំលាយ តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ទៅ​បែង​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង។ ហើយ​កាល​ពី​ថ្ងៃ​ទី ០២ ធ្នូ កន្លង​ទៅ គឺ​ជា​លើក​ទី​១​ដែរ ដែល​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង ទៅ​នឹង​ការ​រិះគន់ ទាក់​ទង​នឹង​ឯករាជ្យ​ភាព និង​តួនាទី​របស់ គ.ជ.ប ដោយ​បាន​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា ជា​ពួក​អគតិ ដែល​បាន​បំផ្លោង​ព័ត៌មាន​វាយ​ប្រហារ​មក​លើ​ការងារ​របស់ គ.ជ.ប ក្នុង​គោល​បំណង​បំផ្លាញ​ទំនុក​ចិត្ត​សាធារណៈ​មតិ លើ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​២០១៨ ៕

What Next?

Recent Articles

3 Responses to "គ.ជ.ប បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ពិសេស​មួយ ដើម្បី​វាយ​បក​លើ​ព័ត៌មាន​អវិជ្ជមាន"

  1. xxx says:

    ប្រជារាស្ត្រទូទាំងប្រទេសមានភ្នែកនិងមានខួក្បាលសម្រាប់មើលនិងគិតថាទង្វើរបស់អ្នកត្រូវឬខុសអាក្រក់ឬល្អ
    {កុំត្រូវតែយើងម្នាក់ គេផ្សេងទាំងអស់សុទ្ធតែខុស}

  2. ឡយ says:

    ចាស់ៗអស់ហើយ​ ម្តេចមិនទុកគំរូល្អៗ អោយក្មេងជំនាន់ក្រោយមើលផង លោកម្ចាស់

  3. people says:

    This NEC department betray cambodian people’ and share the the idea of robber to give seats of CNRP ‘. What a crook people’ this guy not respect cambodian people ‘GOD will punish him soon ‘. GOD bless all cambodian people’

Leave a Reply

Submit Comment