រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ

ដោយ វ៉ែន សុមេធ
2017-12-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​នំ​ចំណី​ដែល​គ្មាន​គុណភាព​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​នំ​ចំណី​ដែល​គ្មាន​គុណភាព​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ដើម្បី​រួម​ចំណែក​ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។

​មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​សកម្មភាព​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​សកម្ម​ក្នុង​ការងារ​ចុះ​ត្រួត​ពិនិត្យ​រក​មុខ​ទំនិញ​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ជា​បន្តបន្ទាប់​មក​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ នា​ឱកាស​ចូលរួម​សម្ពោធ​អគារ​មន្ទីរ​ពិសោធន៍​គុណភាព​ចំណី​អាហារ ឬ​ទំនិញ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​ធ្នូ បាន​លើក​ទឹក​ចិត្ត​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំចូល​តាម​ច្រក​កំពង់ផែ និង​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​សុវត្ថិភាព​ចំណីអាហារ​គ្មាន​សារធាតុ​គីមី និង​មិន​ខូច​គុណភាព។

លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​ថា តាមរយៈ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មន្ទីរ​ពិសោធន៍​នេះ នឹង​អាច​ជួយ​ដល់​សកម្មភាព​ចុះ​ត្រួតពិនិត្យ​រក​ទំនិញ​ខូច​គុណភាព ពិសេស​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ មាន​ភាព​ងាយស្រួលនិង​មាន​ប្រសិទ្ធភាព។

​ចំណែក​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត ឲ្យ​ដឹង​ដែរ​ថា មន្ទីរ​ពិសោធន៍​ខ្នាត​តូច​នេះ នឹង​អាច​ជួយ​ឲ្យ​មន្ត្រី​ជំនាញ​មាន​លទ្ធភាព​ច្រើន​ថែម​ទៀត​ក្នុង​ការងារ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ដែល​ឈ្មួញ​បាន​នាំ​ចូល និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នានា ក្នុង​មូលដ្ឋាន​នេះ ដើម្បី​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ គាំទ្រ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​ខេត្ត​នេះ ដែល​សកម្មភាព​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ទៅ​លើ​គ្រប់មុខ​ទំនិញ ស្វែង​រក​សារធាតុ​គីមី និង​ទំនិញ​ខូច​គុណ​ជាដើម ដើម្បី​ជួយ​ការពារ​សុខភាព​អ្នក​ទទួល​ទាន។

​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​ក៏​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​នាំ​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ ការ​នាំចូល​ទំនិញ​ខូចគុណភាព ពិសេស​ដាក់​លក់​ទំនិញ​មាន​ដាក់​សារធាតុ​គីមី ត្រូវ​បញ្ជូន​សំណុំរឿង​បទល្មើស​នេះ​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​បន្ថែម៖ «ជា​សមត្ថកិច្ច​របស់​មន្ត្រី​តុលាការ និង​ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ​ផង​ដែរ គួរ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​ការ​ព្រមាន​កុំ​ឲ្យ​បុគ្គល​ផ្សេងៗ និង​ក្រោយៗ​ទៀត​ធ្វើ​ទង្វើ​ខុស​ឆ្គង​ជា​បន្ត​ទៀត​​ថ្ងៃ​ក្រោយ។ ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ជំនាញ​រឹបអូស​រាល់​មុខទំនិញ​ខូច​គុណភាព​ទាំង​អស់ និង​ត្រូវ​នាំ​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​នាំ​ចូល​ទំនិញ​ខូចគុណភាព​ទាំង​អស់​ហ្នឹង​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ដើម្បី​ជា​ការ​ព្រមាន​ដោយ​មិន​ត្រូវ​ទទួលយក​ការ​សម្របសម្រួល​ណា​មួយ​ទៀត​ទេ។ ព្រោះ​បញ្ហា​នេះ ប្រសិនបើ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ចេះ​តែ​មាន​ការ​លើក​លែង​ទោស ឬ​ធ្វើការ​សម្របសម្រួល​ណា​មួយ​ជាមួយ​ជន​ប្រព្រឹត្ត​កំហុស​ឆ្គង​នាំ​ចូល ឬ​ដាក់​លក់​ទំនិញ​ខូច​គុណភាព ពិសេស​មាន​លួច​ដាក់​សារធាតុ​គីមី​ទៅ​លើ​មុខ​ម្ហូប ឬ​អាហារ​ជាដើម វា​អាច​ក្លាយ​ជា​ទម្លាប់​មិន​ល្អ​មួយ ហើយ​ក៏​​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ផង​ដែរ»

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ដុត​កម្ទេច​មុខ​ទំនិញ និង​មុខ​ម្ហូប​អាហារ​ខូចគុណភាព​ជា​ច្រើន​ប្រភេទ សរុប​មាន​ចំនួន​ជាង ៦​ពាន់​គីឡូក្រាម (៦.០៨០) នៅ​ទីលាន​ចាក់​សំរាម ស្ថិត​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ កាល​ពី​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ ពិធី​នេះ ក៏​មាន​វត្តមាន​លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ចូលរួម​ផង។

​លោក​ថា សកម្ម​ភាព​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល និង​នាំចេញ​របស់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល ១១​ខែ ដើម​ឆ្នាំ​២០១៧ នេះ រឹបអូស​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​បាន​ជាង ១​ពាន់​កេស (១.១១៤) ឬ​ស្មើ​ជាង ៥០០​គីឡូក្រាម។ រឹបអូស​ទំនិញ​ខូច​គុណភាព​នៅ​លើ​ទីផ្សារ​មាន​ដូចជា​ភេសជ្ជៈ​កំប៉ុង ដប គ្រឿង​ឧបភោគ បរិភោគ​មាន​ចំនួន​ជាង ៧០០​គីឡូក្រាម (៧១១) និង​រឹប​អូស​គ្រឿង​សមុទ្រ​ស្រស់ៗ បន្លែ ត្រី​សាច់ និង​ប្រហិត​ជាដើម​បាន​ជាង ១០០​គីឡូក្រាម (១២២)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment