រដ្ឋាភិបាល ​​និង​អ្នកតំណាងរាស្ត្រ​បក្ស​កាន់​អំណាច​មិន​បារម្ភ​នឹង​ការកើន​បំណុល​បរទេស

សេដ្ឋកិច្ច

លោក​ អូន​ ព័ន្ឋមុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​ ថ្លែង​ការពារ​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ ឆ្នាំ​ ២០១៨​ នៅក្នុង​រដ្ឋសភា​ កាលពីថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA)


06 ធ្នូ 2017
ហ៊ុល រស្មី
វីអូអេខ្មែរ

«តើ​សម័យ​ណា​ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង​ដល់​ជនបទ​ មាន​ផ្លូវ​ក្រោម​ដី​ ​មាន​ផ្លូវ​លើ​ដី​ មានផ្លូវ​លើ​អាកាស»?

នៅ​ក្នុង​ថ្ងៃ​រដ្ឋាភិបាល​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង​៦​ពាន់​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​មួយរូប​ ​បាន​បង្ហាញ​ពី​ក្តី​រំភើប​ចំពោះ​ផែនការ​ចាយវាយ​នោះ​ ​ហើយ​ថែម​ទាំង​កោត​សរសើរ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​មិន​ដាច់​ពី​មាត់​ផង​ដែរ​ទាក់​ទិន​នឹង​ការ​រីកចម្រើន​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ពី​ក្រុង​ដល់​ជនបទ។

លោក​ស្រី ​ឡោក ខេង​ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​មណ្ឌល​ភ្នំពេញ​ថ្លែង​ក្នុង​សភា​ជាតិ​ខ្មែរ​កាល​ពី​ពាក់​កណ្តាល​ ខែ​វិច្ឆិកា​ថា៖​

«តើ​សម័យ​ណា​ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង​ដល់​ជនបទ​ មាន​ផ្លូវ​ក្រោម​ដី​ ​មាន​ផ្លូវ​លើ​ដី​ មានផ្លូវ​លើ​អាកាស»?​

អ្នក​តំណាងរាស្ត្រ​រូប​នោះ​ក៏​មិនបាន​លើក​ពីចម្ងល់​អំពី​ការ​ខ្ចី​ប្រាក់​របស់​រដ្ឋាភិបាល​ ដែល​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ថវិកា​ជាតិ​ឆ្នាំ​ ​២០១៨​បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​សម្រាប់​ឆ្នាំ​ ​២០១៨​ ប្រមាណ​ជា ​១.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកស្រប​តាម​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨។​ ​អ្នក​តំណាង​រាស្ត្រ​ ៦៤ ​នាក់​ផ្សេងទៀត​ ដែល​ចូលរួម​ប្រជុំ​នា​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នោះបា​ន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ហើយ​ក៏​មិន​បាន​សួរ​ដេញ​ដោល​ផង​ដែរ​ចំពោះ​ផែន​ការ​ខ្ចី​នេះ​។

រូបឯកសារ៖ លោកស្រី​ ឡោក ខេង​ សមាជិក​សភាមកពីគណបក្ស​ប្រជាជនកម្ពុជា​ថ្លែងកោតសរសើរ​ពីការ​រីក​ចម្រើន​ក្នុង​ប្រទេស​នារដ្ឋសភា កាលពីថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោកស្រី​ ឡោក ខេង​ សមាជិក​សភាមកពីគណបក្ស​ប្រជាជនកម្ពុជា​ថ្លែងកោតសរសើរ​ពីការ​រីក​ចម្រើន​ក្នុង​ប្រទេស​នារដ្ឋសភា កាលពីថ្ងៃទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)


នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០១៧​ ​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​នានា​ សរុប​មាន​ទឹកប្រាក់​ចំនួន ​៧៣២,០៦​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ ​៧៤,៨៣​ភាគរយ​នៃ​ពិដាន​ដែល​ច្បាប់​អនុញ្ញាត។ នេះ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញផ្សាយ​ដោយ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​។

​គោល​ដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ​ គឺ​សុទ្ធ​តែ​សម្រាប់​ហិរញ្ញ​ប្បទាន​លើ​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចិរភាព​នៃ​កំណើន​រយៈ​ពេល​វែង ​និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ ឬ​ផលិត​ភាព​កសិកម្ម​ ដែល​ក្នុង​នោះ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ គ្រប​ដណ្តប់​ប្រមាណ​ ៩៤,​៣៧ ភាគរយ​ និង​វិស័យ​អាទិភាព​ផ្សេងទៀត​ប្រមាណ​ ៥,៦៣​ភាគរយ។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ពន្យល់​ថា៖​ «ជារួម​ឥណទាន​ទាំងនេះ​ សុទ្ធ​សឹង​ជា​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​ខ្ពស់​ ​ដោយមាន​ធាតុអំណោយ​ជា​មធ្យម​ ៥២,១០ភាគរយ»។

​យោង​តាម​ព្រឹត្តិបត្រ​ដដែល​នោះ​ឲ្យ​ដឹង​បន្ត​ថា​ ​បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៣​ ​រហូត​ដល់​ឆមាស​ទី១​ ឆ្នាំ​ ២០១៧​ ​រាជរដ្ឋាភិបាល​បាន​ចុះកិច្ច​ព្រម​ព្រៀង​ខ្ចី​ឥណទាន​ សម្បទានជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ សរុប​ចំនួន​ប្រមាណ​៩.២៩៥,២៦​ លាន​ដុល្លារ​អាមេរិក​។​ ឥណទាន​ទាំងនោះ​ត្រូវ​បាន​ចាយ​ទៅ​គោល​ដៅ​សំខាន់​ៗ​ពីរ​ ​គឺវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប​ដណ្តប់​ ៨២,១២​ភាគរយ​ និង​វិស័យ​អាទិភាព​ផ្សេង​ទៀត ​១២,៨៨​ភាគរយ។​

​អ្នក​វិភាគ​កិច្ចអភិវឌ្ឍ​សង្គមនៅ​កម្ពុជា​ ​និង​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​មិន​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​បំណុល​ដែល​រដ្ឋាភិបាល​ ​បាន​បង្កើន​ជា​រៀងរាល់​ឆ្នាំនោះ​ទេ​ តែ​ពួកគេ​បារម្ភ​ថា​ បំណុល​ដែល​ចេះ​តែ​រីកសាយ​ធំ​ឡើងៗ​នេះ​ ​អាច​នឹង​ធ្វើ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​វ័ណ្ឌក​ ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​សាកលលោក​។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ បានប្រាប់​ VOA ​ថា​បំណុល​នៅ​កម្ពុជា​ មាន​ពីរ​ប្រភេទ​ គឺ​បំណុល​កម្រិត​មូលដ្ឋាន​ ដែល​សំដៅ​ដល់​ការ​ខ្ចីបុល​របស់​រាស្ត្រ​ជាមួយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ រីឯ​បំណុល​មួយ​ទៀត​នោះ​គឺ​ បំណុល​ថ្នាក់​ជាតិ​ ដែល​រដ្ឋាភិបាល​ខ្ចី​ពី​ប្រទេស​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងៗ ​ដើម្បី​បម្រើ​ដល់​កិច្ច​អភិវឌ្ឍ​ប្រទេស​។

​លោក​មានប្រសាសន៍​ថា​ ​បំណុល​ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ ពោល​គឺ​ បំណុល​សាធារណៈ​ ​មាន​ទំនាក់​ទំនង​សំខាន់​ ​ជាមួយ​នឹង​សុខភាព​ហិរញ្ញវត្ថុ​របស់​រាស្ត្រ​ដែល​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯក​ជន សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ និង​ពង្រីក​អាជីវកម្ម​។ លោក​អះអាង​ថា​ ក្នុង​ករណី​ដែល​រដ្ឋាភិបាល​បាន​ប្រើ​លុយ​ដែល​ខ្ចី​ពី​បរទេស​មក​ប្រើចំ​ទិសដៅ​និង​ពេញ​ដោយ​គុណភាព​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សាធារណៈ​នោះ​ នោះ​រាស្ត្រ​ក៏​បានផល​ចំណេញ​ ហើយ​រដ្ឋ​ក៏​ងាយ​ស្រួល​ទាញ​យក​សាច់​ប្រាក់​ទៅ​សង​គេ​វិញ​ផង​ដែរ។​

​លោក​ ​មាស នី​ ​បាន​ពន្យល់​ថា៖​

«​បាទ​អីចឹង​បំណុល​ទាំងពីរ​នេះ​ បើ​យើង​មើល​ទៅ​ វាទាក់​ទង​គ្នា​ បើ​សិន​ជា​បំណុល​ថ្នាក់​ជាតិ​ យក​មក​ប្រើ​ត្រូវ​ហ្នឹង​រឿង​ ប្រើ​នៅ​លើ​ផ្លូវ​ត្រូវ នោះវានឹង​អាច​ជួយ​បន្ធូរបន្ថយ​បំណុល​នៅក្នុង​ថ្នាក់​មូលដ្ឋាន​ ដែល​គ្រួសារ​នីមួយ​ៗ​អាច​រស់​បាន​ហើយ​យក​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​វិញ​។ ក៏ប៉ុន្តែ​បើ​សិន​ជា​ បំណុល​ថ្នាក់​ជាតិ​នោះ​មិនបាន​យក​មក​ដោះស្រាយ​ឲ្យ​ត្រូវ​រឿង​ឲ្យ​ចំ​ទៅលើរឿង​ដែល​បញ្ហា​សង្គមនិង​សេដ្ឋកិច្ច​នោះ​ទេ​ នឹង​ផ្តល់​ផល​វិបាក​ទៅ​ឲ្យ​រាស្ត្រ​នៅ​ខាងក្រោម​ទៀត​បាទ។ ឧទាហរណ៍​ដូចជា​យើង​ ថា​យក​បំណុល​គេ​មក​ធ្វើ​ផ្លូវ​ ប៉ុន្តែ​បើផ្លូវ​នោះ​សម្រាប់​តែ​ចូល​ទៅក្នុង​ចម្ការ​ របស់​ឧកញ៉ា​ធំ​ៗ​ ប៉ុន្តែ​ដល់​ពេលរាស្ត្រ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​មិន​មាន​ផ្លូវ​សម្រាប់​ដឹក​ សម្ភារៈ​ផលិតផល​កសិកម្ម​របស់​ខ្លួន​មក​លក់​នៅ​ទីផ្សារ​ អាហ្នឹង​គឺ​ បានន័យ​ថា​ ការ​អភិវឌ្ឍ​បែប​ហ្នឹង​ បំណុល​បែប​ហ្នឹង​គឺមិនត្រូវ​ បាន​យក​មក​គាំទ្រ​ទៅដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ទេ​បាទ​»។​

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)


​អ្នក​វិភាគ​រូប​នេះ​ ​បាន​បញ្ជាក់​បន្ត​ថា​ បំណុល​ជា​អាវុធ​មុខ​ពី​ ដែល​អាច​បើកផ្លូវ​ឲ្យ​ប្រទេសប្រើ​ប្រាស់​សម្រាប់​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ ​ហើយ​ក៏​អាច​ទាញ​ប្រទេសឲ្យ​ស្ថិត​ក្រោម​អាណានិគម​បរទេស​ខាង​ហិរញ្ញវត្ថុ​ផង​ដែរ។​ ​លោក​មើល​ឃើញ​ថា​ ​ប្រាក់​កម្ចី​ដែល​កម្ពុជា​ ទទួល​បាន​ពី​ចិន​ ជា​បញ្ហា​មួយ​គួរ​ឲ្យ​បារម្ភ​ ​ប្រសិន​បើ​ការ​ប្រើ​ប្រាស់​កម្ចី​មិន​មាន​ប្រសិទ្ធភាព​នោះ។​

​«ហើយ​សម្រាប់​បំណុល​ពី​ប្រទេស​ចិន​ បើ​សិន​ជា​រដ្ឋាភិបាល​ មាន​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ដែល​ត្រឹមត្រូវ​ ដែល​មាន​តម្លាភាព​នោះ​ ហើយ​មាន​គណនេយ្យ​ភាព​នោះ​អា​ហ្នឹង​ វា​មិន​បញ្ហា​អី​ទេ​ ក៏ប៉ុន្តែ​បើ​សិន​ជា​ រដ្ឋាភិបាល​មួយ​ដែល​ រុំព័ទ្ធ​ទៅដោយ​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម​ នោះ​វាអាច​នឹង​ការ​ប្រើ​ប្រាស់​លុយ​បំណុល​ហ្នឹង​ ប្រើប្រាស់​ដោយ​ខុស​ផ្លូវ​ ហើយ​សម្រាប់​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ ដែល​មិនមែន​ជា​ប្រយោជន៍​របស់​ពលរដ្ឋ​ នៅ​ក្នុង​ប្រទេស​ខ្លះ​មាន​បញ្ហា​អីចឹង​ដែរ​បាទ​។ ហើយ​ការ​ពឹង​ផ្អែក​ទៅលើ​បំណុល​ពី​ប្រទេស​តែ​មួយ​ច្រើន​ពេក​ ដូចជា​យើង​ពឹង​ទៅលើ​ប្រទេស​ចិន​អីចឹង​ទៅ​ វា​នឹង​អាច​មាន​ផល​ប៉ះពាល់​ទៅលើ​ឯករាជ្យ​ភាព​របស់ប្រទេស​មួយ​ហ្នឹង»។​

លោក​ ​មាស នី​ បាន​ថ្លែង​បន្តថា៖​

«​នៅ​ពេលណា​ដែលបំណុល​ហ្នឹង​ធ្ងន់​ធ្ងរ​ទៅ​ ហើយ​យើង​មិន​មាន​លទ្ធភាព​ដោះស្រាយ​សង​ ទី​ចុង​បំផុត​ គេ​នឹង​អាច​យក​បំណុល​ហ្នឹង​មក​ធ្វើ​ជា​ របៀប​អាណានិគម​ ដែល​គេ​ទាមទារ​យក​នេះ​ គេ​ទាម​ទារ​យក​នោះ​ ឬ​ក៏​ទាមទារ ឧទាហរណ៍​ដូច​នៅ​ប្រទេស​ខ្លះ​គឺ​ គេ​ទាមទារ​រ៉ែ​ និង​ថាមពល​ក្នុង​ប្រទេស​ទាំងអស់​ហ្នឹង​ គឺ​ត្រូវ​តែ​ឲ្យ​គេ​អ្នកវិនិយោគទុន​ទាំង​អស់​បាន​ន័យ​ថា​ គេ​ម៉ៅ​ផ្តាច់​។ ហើយ​នេះ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ ប្រទេស​ក្រីក្រ​មួយ​ចំនួន​ គឺ​អត់​មាន​លទ្ធភាព​អី​នឹង​ឆ្លើយ​ ទប់​ទល់​ជាមួយ​គេ​ទេ​ ក្រៅ​ពី​បណ្តោយ​ឲ្យ​គេ​ ធ្វើ​ស្អី​ដូច​ជា​ ក្រោម​ឃ្លេ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពីលោក​ ​គីម សុភៈ​ ​នាយកខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក​ មាស​ សុខ​ដេរ​សាន​ អ្នកនាំពាក្យ​នៃក្រសួង​ដដែល​នេះ​ តែមិន​អាច​ទាក់​ទងបាន។ ​VOA​ ​ក៏ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ប៉ែន ធីរុង​ អគ្គ​នាយកនៃ​នាយកដ្ឋាន​គ្រប់​គ្រង​បំណុល​ និង​សហប្រតិ​បត្តិការ​អន្តរជាតិ​ តែ​ក៏​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ដែរ។​

​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ថ្លែង​នៅ​ក្នុង​សភា​ជាតិ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅថា​ ​រដ្ឋាភិបាល​មាន​ផែនការ​គិត​គូរ​ច្បាស់​លាស់​ចំពោះ​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ដែល​នឹង​មិន​អាច​នាំ​កម្ពុជា​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​នោះ​ឡើយ។​

ថ្លែង​ទៅ​កាន់​អង្គ​សភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ ​លោក​ ​អូន ព័ន្ធមុនីរ័ត្ន​ ​បាន​ការពារ​ផែនការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០១៨​ ថា៖​

«ខ្ញុំបាទ​សូម​គូស​បញ្ជាក់​ថា​ ជា​រួម​ ការ​បង្កើន​ទំហំ​នៃ​ការ​ខ្ចី​នេះ​ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ​ ព្រោះថា​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ នោះ​សមត្ថភាព​សង​របស់​កម្ពុជា​ក៏​កើន​ខ្ពស់​ជាងមុន​ដែរ​ ហើយ​នៅ​ក្នុង​ការ​អនុវត្ត​រាជរដ្ឋាភិបាល​នឹង​បន្ត​គោរព​ដោ​យឥត​ងាក​រេ​នូវ​គោលការណ៍​គ្រឹះ​ ទាំងបួន​យ៉ាង​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ នៅ​ក្នុង​ការ​គ្រប់​គ្រង​បំណុល»។​

​លោក​រដ្ឋមន្ត្រី​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖​

«​មួយ​ត្រូវខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​ ដែល​ស្ថានភាព​ថវិកា​ និង​សេដ្ឋកិច្ច​អាច​ទ្រាំ​ទ្របាន​។ ពីរ​ ត្រូវ​តែ​ខ្ចី​ឥណទាន​ ដែល​មាន​កម្រិត​សម្បទាន ឬ​លក្ខណៈ​អនុគ្រោះ​ខ្ពស់​។ បី​ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ ទ្រទ្រង់​ចិរភាព​នៃ​កំណើន​ និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ ឬ​ផលិតភាព ផលិត​កម្ម និង​បួន​ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ​ ប្រកបដោយ​តម្លាភាព​ គណនេយ្យ​ភាព​ ប្រសិទ្ធភាព​ និង​សក្តិសិទ្ធភាព​ខ្ពស់​បំផុត»។​

យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bulletin) ​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧​បាន​ឲ្យ​ដឹងថា​ ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០១៧​ កម្ពុជា​បាន​ខ្ចី​ប្រាក់​ជា​លក្ខណៈ​ទេ្វភាគី​ពី​ប្រទេស​ចិន​ ជិត ​៤៣​ភាគរយ​ ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​រួមមាន​ ប្រទេស​ឥណ្ឌា​ កូរ៉េខាង​ត្បូង​ ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម។​ ​សម្រាប់​ការ​ខ្ចី​ជា​លក្ខណៈ​ពហុភាគី​ កម្ពុជា​បាន​ខ្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank) ​ជាង​ ២២​ភាគរយ​ ​គឺ​ខ្ពស់​ជាង​ធនាគារ​ពិភពលោក​ (World Bank) ​ដែល​ចំនួន​នៃ​ភាគរយ​សម្រាប់​ការ​ខ្ចី​របស់​កម្ពុជា​គឺ​ ​១០ភាគរយ​ ដែល​ខ្ពស់​ជាងបណ្តា​មូលនិធិ​អន្តរជាតិ​ផ្សេងៗ​ទៀត​។

​កម្ពុជា​ក៏បាន​ខ្ចី​តាមរយៈ​រូបិយប័ណ្ណ​ដែល​ក្នុង​នោះ​គឺ ​អាមេរិកជា​ម្ចាស់​បំណុល​ធំជាង​គេ​ ក្នុង​ចំណោម​ប្រាំបី​ប្រទេស។​ ​អាមេរិក​រួមចំណែក​ផ្តល់​កម្ចី​រូបិយប័ណ្ណ​ដល់​កម្ពុជា​ដែលស្មើនឹង​ ជាង​៣៣​ភាគ​រយ​ ធៀប​នឹង​ប្រទេស​ចិន ​ដែល​រួម​ចំណែក​តែ​ជាង ​១៥ភាគរយនៃ​បំណុល​រូបិយប័ណ្ណ​។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ពន្យល់​ថា​ កម្ចី​ទាំង​អម្បាលមាណ​ត្រូវ​បាន​យក​មក​ប្រើ​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ រូម​មាន​៖​ ផ្លូវថ្នល់​ ស្ពាន​ ផ្លូវដែក​ កំពង់​ផែ​ អាកាសយានដ្ឋាន​ ប្រព័ន្ធ​ធារាសាស្ត្រ​ អគ្គិសនី​ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​ស្ថានីយ​សម្អាត​ទឹក​កខ្វក់​។​ កម្ចី​ក៏​ត្រូវបាន​យក​មកបម្រើ​ដល់​វិស័យ​អាទិភាព​ផ្សេង​ទៀត​ រូម​មាន​ សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ទេសចរណ៍​ អប់រំ​ សេវា​សាធារណៈ​ សុខាភិបាល​ និង​ដីធ្លី។

​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញផ្សាយ​កាល​ពី​ខែកញ្ញាដដែលនោះ​ បាន​ពណ៌នា​អំពី​កម្រិត​បំណុល​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​បាន​ និង​មាន​កម្រិត​គ្រោះថ្នាក់​ខាង​ហិរញ្ញវត្ថុ​ទាប​ផង​ដែរ។ ព្រឹត្តិបត្រ​នោះ​បាន​បង្ហាញ​ថា​ អនុបាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ ធៀប​នឹង​ ផលិតផល​ក្នុងស្រុក​សរុប​ហៅ​កាត់​ថា​ (ផ.ស.ស) ឬGDP ឬ​ (Gross Domestic Product) មាន​ត្រឹម​កម្រិត​ ២២,​ ៨​ភាគរយ។​ ​ចំណែក​ឯ​អនុបាត​បច្ចុប្បន្ន​ ​ធៀប​នឹង​ការ​នាំចេញ​ ចំណូល​ថវិកាជាតិ​ និង​អនុបាត​សេវា​ ​បំណុល​ផ្សេង​ ​ទៀត​ ក៏​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​ប្រសើរ​នៅឡើយ ដែរ។​

​ព្រឹត្តិបត្រ​ដដែល​បាន​បញ្ជាក់​ថា៖ «ជា​សន្និដ្ឋាន​ ដោយ​ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​ អន្តរជាតិ​ លទ្ធផល​ខាង​លើ​នេះ​ បញ្ជាក់​ថា​ ស្ថាន​ភាព​បំណុល​សាធារណៈ​កម្ពុជា​ បច្ចុប្បន្ន​មាន​ ចិរភាព​ និង​ ហានិភ័យ​កម្រិតទាប»។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ កម្ពុជា​គួរ​តែ​ប្រយ័ត្ន​ប្រយែង​ចំពោះ​បំណុល​ខ្លួន​ បើ​ទោះ​ណា​ជា​ស្ថាន​ភាព​បំណុល​ពេលនេះ​ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ខ្ពស់​ ហើយ​កម្ពុជា​ដែល​ជា ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅឡើយ​ ក៏​ត្រូវ​កាត់​បន្ថយ​ការ​ខ្ចី​បុល​ខ្លួន​លើ​ប្រទេស​ចិន​ផង​ដែរ។​ ហើយ​បើ​យោង​តាម​ ​របាយការណ៍​ស្តី​ពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ចេញផ្សាយ​កាលពី​ខែ​វិច្ឆិកា​ ដោយ​ធនាគារ​ពិភពលោក​ ក៏​បាន​បញ្ជាក់ឲ្យ​ដឹង​ថា​ ​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​បំផុត​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​

​លោក​ ​ង៉ែត ជូ​ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Emerging Markets​ Consulting (EMC) ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ បំណុល​សាធារណៈ​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ​ដែល​មិន​គួរឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​ តែ​លោក​អះអាង​ថាបំណុល​សាធារណៈ​របស់​កម្ពុជា​បច្ចុប្បន្ន​បាន​ឡើង​ពី​៣០​ ទៅ​ ៤០​ភាគរយ​រួច​ទៅ​ហើយ​ធៀប​នឹង​ GDP។​

​«បើ​តាម​ទិន្នន័យ​ខ្ញុំ​មើល​ទៅ​វា​ វា​ចូល​ជិត​ ៤០​ភាគរយ​នៃ​ GDP ​មិនមែន​មកដល់​ ២០ភាគរយ​នៃ GDP ​ទេ។ សម្រាប់​យោបល់​ខ្ញុំ​ ខ្ញុំ​ថា​ អ្វី​ដែល​យើង​ទទួល​កម្ចី​ច្រើន​ពី​បរទេស​ វា​គឺជា​ ឱកាស​ ហើយ​បើ​តាម​ពិត​ទៅ​ ប៉ុន្តែ​ក្នុង​ន័យ​ណា​ យើង​ចាត់​ចែង​ ធនធាន​ទាំងអស់​ហ្នឹង​មានប្រសិទ្ធភាព​កម្រិត​ណា?​ ហើយ​មាន​តម្លាភាព​ប៉ុណ្ណា​ អា​ហ្នឹង​គឺជា ​ក្តី​កង្វល់​ផ្សេង​ទៀត​របស់​ពលរដ្ឋ​ទូទៅ​។​ ហើយ​ខ្ញុំ​គិត​ថា​ ទោះ​យ៉ាង​ណា​កម្រិត​នៃ​កម្ពុជា​គួរ​តែ​មាន​ផែនការ​ថា​ ខ្លួន​នឹង​ខ្ចី​កម្ចី​បរទេស​ហ្នឹង​ត្រឹម​ប៉ុន្មាន​ភាគរយនៃ​ GDP ​របស់​ខ្លួន​ គួរតែ​កំណត់​ទុកឲ្យ​ហើយ​ បើ​យោបល់​ខ្ញុំ​ កម្រិត​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​ពេល​បច្ចុប្បន្ន​នេះ​ ការ​ខ្ចី​បរទេស​មិន​គួរណា​លើស​ពី​ ៥០ភាគរយ​នៃ​ GDP​ ទេ»។​

អ្នក​ជំនាញ​រូប​នេះ​ ​បាន​ថ្លែង​បន្ត​ថា​ ​កម្ពុជា​ ​ត្រូវ​ធ្វើ​ពិពិធកម្ម​នៃ​ការខ្ចីបុល​របស់​ខ្លួន​ កុំ​ឲ្យ​ជ្រុល​ខ្លួនដូច​ ប្រ​ទេស​ស្រីលង្កា​ ដែល​ត្រូវ​គេ​រាយការណ៍​ថា​បានជំពាក់​ចិន​វ័ណ្ឌក​ រហូត​ត្រូវ​បង្ខំចិត្ត​ផ្តល់ទីតាំង​ស្នូល​ដែល​ជា​ប្រភព​ដង្ហើមសេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ទៅ​ប្រទេស​ចិន​។​ លោក​ថា​ ការ​ធ្វើឲ្យ​មាន​ភាព​ចម្រុះ​នៃ​ប្រភព​ប្រាក់​កម្ចី​ ជា​ការ​ចាំបាច់​មួយ ​ដើម្បី​ជួយ​កម្ពុជា​មិន​ឲ្យ​ជួប​ជោគវាសនា​ដូច​ប្រទេស​ស្រីលង្កា។​

«Diversify ​កម្ចីហ្នឹង​ គឺ​ជា​ រឿង​ចំាបាច់​ណាស់​ ហើយ​ជាពិសេស​កម្ចី​មក​ពីលោក​ខាង​លិច​។​ បើ​អាច​ថា​ គេ​នៅ​ពិចារណា​ ទី​មួយ​បើ​យើង​គោរព​សិទ្ធិមនុស្ស​ និង​បើ​យើង​ គិតពី​ប្រសិទ្ធភាព​ គិត​ពី​និរន្តរភាព​នៃ​ការ​កសាង​អីចឹង​ទៅ​ណ៎ា​!​ ការ​អភិវឌ្ឍ​អី​ អា​ហ្នឹង​ខ្ញុំ​ថា​ ចំណុច​ល្អ​ហើយ​បាទ! យើង​គួរ​មាន​ extract [ទាញយក]ហ្នឹង​ យើង​ទាញ​ប្រយោជន៍​ពី​ហ្នឹង​ឲ្យបាន​ច្រើន​បាទ​ ដើម្បី​បន្ថយ​ហានិភ័យ​ទៅ​ឲ្យ​ប្រទេស​ដែល​យើង​ផ្តោត​តែ​ទៅ​លើ​ប្រទេស​មួយ​ផង​ ដើម្បី​រៀន​សូត្រ​ពី​អ្វី​ដែល​ជា​តម្រូវ​ការ​ទាម​ទារ​របស់​ម្ចាស់​បំណុល​ហ្នឹង​ ដែល​គេ​ទាមទារ​ឲ្យ​យើង​ធ្វើ​ការ​ប្រកបដោយ​ប្រសិទ្ធ​ភាព​អីចឹង​បាទ»។​

ប្រទេស​ស្រីលង្កា​ជំពាក់​បំណុល​ចិន​ចំនួន ​៨.០០០​ លាន​ដុល្លារ​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​ជំពាក់​បំណុល​ទេ្វ​ភាគី​ចំនួន ​៤.៣៦៩​លាន​ដុល្លារ​ក្នុង​នេះ​គឺ ​បំណុល​ចិន​មាន​ចំនួន​ ៧០ភាគរយ​។ កម្ពុជា​មាន​បំណុល​សាធារណៈ​ទ្វេភាគី ​និង​ពហុភាគី​សរុប​ចំនួន ​៦.៤៥៧​លាន​ដុល្លារ។ ​ នេះ​បើ​តា​ម​តួ​លេខឆ្នាំ​២០១៧​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។

កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​ស្រី​លង្កា​បាន​ចុះ​កិច្ច​ព្រមព្រៀង​តម្លៃ ​១,១​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ ​ដើម្បី​លក់​ភាគ​ហ៊ុន​មួយ​ភាគ​ធំ​នៃកំពង់​ផែ​ទឹកជ្រៅដ៏​ចម្រូង​ចម្រាស​មួយ​ ​ដើម្បី​កាត់ បន្ថយ​បំណុល។​ ​រដ្ឋាភិបាល​នេះ​បាន​បន្តថា ​ខ្លួន​ក៏​បាន​ដោះស្រាយ​ក្តី​បារម្ភ​ ​ដែល​ថា ​ចិន​អាចប្រើ ប្រាស់​កំពង់​ផែ​នោះ​សម្រាប់​បុព្វហេតុ​យោធា​។

ទោះ​បី​ជា​យ៉ាងណាក៏ដោយ​ លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មិន​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​នឹង​ចរន្ត​នៃ​ការ​រិះគន់​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នោះ​ឡើយ​ ដោយ​ហេតុ​ថា​ ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ផែន​ការ​ប្រាកដ​ប្រជា​ ​ក្នុង​កិច្ច​បំប៉ន​ ​និង​ពង្រីក​សុខមាលភាព​សេដ្ឋកិច្ច​ ដែល​ជា​ឆ្អឹង​ខ្នង​សំខាន់​បម្រើ​ដល់​កិច្ច​អភិវឌ្ឍ​នា​នា។​

​«ខ្ញុំ​យល់​ថា​ ការ​ព្រួយ​បារម្ភ​ របស់​អ្នក​ព្រួយ​បារម្ភ​ អា​ហ្នឹង​គឺ ​សិទ្ធិ​របស់​គាត់​ ក្នុង​ការ​ព្រួយ​បារម្ភ‍​ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​ លោក​បាន​ប្រកាន់​ជំហរ​ ជាក់​លាក់​នៅ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​មាន​ការ​រីក​ចម្រើន​ ហើយ​យើង​ខ្ចី​បុល​ពី​បរទេស​ គឺ យើង​ធានា​បាន​នូវ​លទ្ធភាព​ក្នុង​ការ​សង​របស់​យើង​ ពីព្រោះ​យើង​ឥឡូវ​នេះ​គឺ​ថា​ ដែល​អ្នក​ខ្លះ​គេ​ថា​ បំណុល​ច្រើន​ ឬមួយ​យ៉ាង​ម៉េច​?​ ខ្ញុំ​យល់​ថា​ មិន​ច្រើន​ទេ​ ពីព្រោះ​ឥឡូវ​កម្រិត​បំណុល​ដែល​ថា​ច្រើន​ហ្នឹង​ វា​ត្រឹម​តែ​ ២៨​ភាគរយ​ នៃ​ GDP ​តែ​ប៉ុណ្ណោះ​ តែ​ប្រទេស​ខ្លះ​ហ្នឹង​ ជំពាក់​គេ​រហូត​ដល់​ ២០០​ភាគរយ​នៃ​ GDPផង​ ក៏​មិន​ឮ​ថា​ អស់​លោក​ហ្នឹង​ ព្រួយ​បារម្ភ​ថា​ ច្រើន​ឬ​តិច​ទេ​»។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​ ​២០១៣​ រដ្ឋាភិបាល​ខ្មែរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ខិត​ខំ​បង្កើន​កំណែ​ទម្រង់​ជា​ច្រើន​បន្ថែម​ទៀត​ក្នុង​វិស័យ​សង្គម​កិច្ច​ និង​សេដ្ឋកិច្ច​ ​ដោយ​បាន​គិតគូរ​កាន់​តែ​ខ្លាំង​ឡើង​លើ​ជីវិត​រស់​នៅ​របស់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ និង​ពលករ​នៅ​តាម​សហគ្រាស​ ​និង​រោងចក្រ​ទាំងឡាយ​ពាសពេញ​ប្រទេស។​ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិរភាព​នៃ​កំណែទម្រង់​នេះ​ អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា​ រដ្ឋាភិបាល​បាន​ខិត​ខំ​ទាញ​អ្នក​វិនិយោគ​មក​បោះ​ទុន​ក្នុង​ប្រទេស​ ហើយ​ក៏​បង្កើន​ខ្ទង់ចំណាយ​ និង​ចំណូល​ពី​មួយ​ឆ្នំា​ទៅ​ឆ្នាំ។​ ​ជា​មួយ​គ្នា​នោះ​ បំណុល​សាធារណៈ​កម្ពុជា​ ក៏​បន្ត​កើន​ឡើង​ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ផង​ដែរ។​

តួយ៉ាង​ ក្នុង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦​ ​រដ្ឋាភិបាល​ បាន​ដំឡើង​ការ​ខ្ចី​ពី​កម្រិត ​៨៤០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០១៥​ ទៅ​ដល់៩៨០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៦​។​ បើ​ធ្វើ​ការ​ប្រៀបធៀប​កម្រិត​នៃ​បំណុល​ពី​ឆ្នាំ​ ២០១៦​ ​ ទៅដល់​ឆ្នាំ​ ២០១៨​ ការ​ខ្ចីបុល​នឹង​កើន​ឡើង​ដល់​ប្រមាណ ៤២​ ភាគរយ​។

ក៏ប៉ុន្តែ​ លោកស្រី​ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​នៃ​បក្ស​កាន់​អំណាច មិន​បាន​លើក​ពី​កង្វល់​ ​ឬក៏​ក្តី​រំពឹង​ទុក​អំពី​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះការ​រីក​ធំ​នៃ​ប្រាក់​កម្ចី​នោះ​ឡើយ​នៅ​ក្នុង​កិច្ចប្រជុំ​អំពី​ផែន​ការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០១៨​ នៅ​សភា​ ដែល​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​។

ជំនួស​ឲ្យ​ការ​មិន​បារម្ភ​ពី​ការ​រីក​សាយធំនៃ​ប្រាក់​បំណុល​សាធារណៈ​នេះ​ តំណាងរាស្ត្រ​រូប​នោះ បាន​លើក​ពី​ក្តី​មោទនភាព ​ទាក់​ទិន​ទិដ្ឋភាព​អភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​នេះ។

លោកស្រី​ឡោក ខេង​បាន​លើកឡើង​ថា៖

«​តើ​សម័យ​ណា​ ដែល​យើង​ទទួល​បាន​អគារ​ខ្ពស់​ៗ​យ៉ាង​ច្រើន​ ហើយ​ក្នុង​អគារ​ខ្ពស់​ៗ​នីមួយ​ៗ​ មាន​ការ​វិនិយោគ​ទុន​ រាប់​លាន​ រាប់​កោដិ​?។​ ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​នាងខ្ញុំ​ មាន​មោទនភាព​ជាទីបំផុត​»៕

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល ​​និង​អ្នកតំណាងរាស្ត្រ​បក្ស​កាន់​អំណាច​មិន​បារម្ភ​នឹង​ការកើន​បំណុល​បរទេស"

  1. Phanna says:

    ចុះវាចេះខ្វល់អី​ បើពួកវានិងម៉ែវាមិនមែនជាអ្នកសងផងហ្នឹង

  2. Sam says:

    លុយអស់លោកចាយមិនអស់​​ រឿងអី្វពួកអស់លោកជំទាវត្រូវខ្វល់បារម្ហនោះ ស្រួលមិនស្រួលវិចបង្វិចរត់មកចាយលុយនៅស្រុកេគយ៉ាងសប្បាយ។