លោក ហ៊ុន សែន ប្រកាស​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បណ្តេញ​ចេញ​ឡើង​វិញ

ដោយ វណ្ណ សុគន្ធា
06/12/2017
RFI

media
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (@Samdech Hun Sen, Cambodian Prime Minister)


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​ប្រកាស​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ហើយ​ត្រូវ​អាមេរិក​បណ្តេញ​ចេញ​ពី​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​បាន​ស្នើ​ផ្អាក​មួយ​រយៈ​នា​ពេល​កន្លង​មក។ ជាមួយ​គ្នា​នេះ លោក​ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ត្រៀម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​ដែល​លោក​គិត​ថា នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​អាមេរិក​ក្រោម​គោល​នយោបាយ​ថ្មី​របស់​លោក​ដូណាល់ ត្រាំ​ផង​ដែរ។ សម្រាប់​លោក​ហ៊ុន សែន នៅ​ពេល​បញ្ចូន​ពួក​គេ​មក​កម្ពុជា​វិញ អាមេរិក​គួរ​គិត​គូរ​ផ្តល់​ជំនួយ​ដល់​ពួក​គេ ដើម្បី​អាច​ឲ្យ​ពួក​គេ​កសាង​ជីវភាព​ថ្មី​បាន។

ការ​ប្រកាស​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ពីរ គឺ​ទី​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន សំដៅ​ឲ្យ​បន្ត​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០០២ ស្ដី​ពី​ការ​ទទួល​ពលរដ្ឋ​កម្ពុជា​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ឲ្យ​ត្រឡប់​មក​ប្រទេស​វិញ។ ការ​បន្ត​អនុវត្ត​នេះ គឺ​បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​ផ្អាក​មួយ​រយៈ​កាល​ពី​ឆ្នាំ​២០១៦។ ក្រោយ​ការ​ស្នើ​ផ្អាក​នេះ អាមេរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ដោយ​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ​ខ្លះ​ដល់​មន្ត្រី​មួយ​ចំនួន​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អាមេរិក។

ចំណែក​ក្នុង​ន័យ​ទី​ពីរ គឺ​លោក​នាយក​រដ្ឋមន្រ្តី​បញ្ហា​ឲ្យ​ត្រៀម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់​នៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ ដែល​លោក​ជឿ​ថា​ រដ្ឋបាល​អាមេរិកាំង​ថ្មី​អាច​នឹង​បញ្ជូន​ពួក​គេ​មក​ប្រទេស​កំណើត​វិញ​នៅ​ពេល​ខាង​មុខ។ ការ​សន្មត់​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ទទួល​បាន​ដំណឹង​នេះ​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ហើយ​មួយ​វិញ​ទៀត លោក​អះអាង​ថា ពេល​នេះ​អាមេរិក​កំពុង​តែ​ដក​ខ្លួន​ចេញ​ពី​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ទៀត។ ត្រង់​ចំណុច​នេះ លោក​នាយក​រដ្ឋមន្រ្តី​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ ត្រូវ​អាមេរិក​បំបរ​បង់​ឲ្យ​រស់​នៅ​លើ​បណ្តា​កោះ​ដូច​ករណី​របស់​ប្រទេស​អូស្រ្តាលី។ ហេតុ​នេះ ដើម្បី​បញ្ជៀស​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​ទទួល​យក​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​តែ​ម្តង។

ជាមួយ​នឹង​ការ​ប្រកាស​ដូច​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការ​បរទេស និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត​ធ្វើ​ការ​ចរចា​ជាមួយ​អាមេរិក​ក្នុង​ករណី​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​វិញ និង​ការ​ផ្គត់​ផ្គង់​ជីវភាព​ពួក​គេ។ លោក​ហ៊ុន សែន ក៏​បាន​ស្នើ​អាមេរិក​ពិចារណា​ផ្តល់​ជំនួយ​ក្នុង​កម្រិត​ណា​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​រស់​នៅ​បាន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ពួក​គេ​ត្រូវ​បញ្ជូន​មក​ក្នុង​ដំណាក់​កាល​ដំបូងៗ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​នេះ រដ្ឋបាល​អាមេរិកាំង​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស និង​បាន​ទទួល​ទោស​រួច​មក​កាន់​ប្រទេស​កម្ពុជា​ចំនួន​ជាង​៦០០​នាក់​ហើយ។ ជាមួយ​ការ​បញ្ចូន​នេះ​ហើយ​គួប​ផ្សំ​នឹង​ដំណឹង​ថា អាមេរិក​ចង់​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រស់​នៅអា​មេរិក​ក្រោយ​ឆ្នាំ​១៩៩៤​ទៀត​នោះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​ផ្តាំ​ទៅ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ប្រថុយ​ប្រថាន​ចង់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ទៀត៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បណ្តេញ​ចេញ​ឡើង​វិញ"

  1. Sam says:

    “លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​ផ្តាំ​ទៅ​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ប្រថុយ​ប្រថាន​ចង់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ទៀត”

    ល្អណាស់ព្រះម្នាស់ថ្លៃ ជឿគាត់ទៅកំុចង់មករស់នៅអាមេរិក​​​ខំ្ញុបា្រប់​អោយហើយ​ វេទនាណាស់​ពិបាករស់នៅ​​ខ្វះខាតជាងស្រុកខែ្មរទៀត
    ទុកអោយខំ្ញុរស់បានហើយ។​

Leave a Reply

Submit Comment