លោក ហ៊ុន សែន រិះគន់​កម្មករ ដែល​តវ៉ា​បិទ​ផ្លូវ​

លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែនថ្លែង​ក្នុង​សុន្ទរកថាមួយ ​ទៅ​កាន់​កម្មករ​ជាង ​១៥០០០​ នាក់​​ ក្នុង​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​​ភ្នំ​ពេញ ​កាលពី​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នៅ​ក្នុង​សុន្ទរកថាមួយ ​ទៅ​កាន់​កម្មករ​ជាង ​១៥០០០​ នាក់​​ ក្នុង​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​​ភ្នំ​ពេញ ​កាលពី​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ​បាន​រិះ​គន់​កម្មករ​​កាត់​ដេរ​ចំពោះ​ការ​បិទ​ផ្លូវ​​ក្នុង​អំឡុង​ការ​តវ៉ា​ និង​បាន​ហៅ​សកម្ម​ភាព​របស់​ពួក​គេ​ថា​«​ខុស​ច្បាប់​»។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​អ្នក​មាន​សិទ្ធិ​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​របស់​អ្នក​​ ចំពោះ​រឿង​នេះ​ឬ​រឿង​នោះ​។ ​…ប៉ុន្តែ​​អ្នក​មិន​គួរ​បង្កើត​​ការ​រាំង​ស្ទះ​ដល់​ប្រជា​ពល​រដ្ឋ​នោះ​ទេ​»។ ​លោក​ក៏​បាន​អំពា​វ​នាវ​ផង​ដែរ​ឲ្យ​កម្មករ​កាត់​ដេរ​​យក​បញ្ហា​របស់​​ពួក​គេ ​​ទៅ​ឲ្យ​អាជ្ញា​ធរ​ដើម្បី​ដោះស្រាយ​ ​និង​បាន​ព្រមាន​​​ពួកគេ​​ មិន​​ឲ្យ​ជឿ​​តាម​ការ​ញុះញង់​​របស់​មនុស្ស​ពី​រ​បីនាក់​។​

លោក​នាយក​រដ្ឋ​មន្រ្តី​​ទំនង​ជា​សំដៅ​ទៅ​បាតុ​កម្ម​មួយ​ នៅ​ផ្លូវ​វេង​ស្រេង​ កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ដែល​មាន​កម្មករ​កាត់​ដេរ​ប្រមាណ​​ ៥០០​ នាក់​មក​ពីរោង​ចក្រ​ Meng Da Footwear ​បាន​នាំ​គ្នា​តវ៉ា​​ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន។​

នាយិកា​រមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​ លោក​ស្រី ចក់ សុភាព ​បានកត់​សម្គាល់​ថា ​ច្បាប់​ចរាចរណ៍​​មិន​អាច​ប្រើ​​ជា​ហេតុ​ផល​ សម្រាប់​​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរី​ភាព​​នៃការ​ប្រមូល​ផ្តុំ​នោះ​ទេ​ ​បើ​​យោងទៅ​តាម​​ស្តង់​ដារ​អង្គការ​សហប្រជា​ជាតិ​​ សម្រាប់​​ការ​គ្រប់​គ្រង​បាតុ​កម្ម

លោក​ស្រី ចក់ សុភាព បាន​ថ្លែង​បន្ត​ថា​៖ «​​ជា​ញឹក​ញាប់​ណា​ស់​​ក្នុង​ប្រទេស​កម្ពុជា​ ​បញ្ហា​ចរាចរណ៍​ ត្រូវ​បាន​លើក​យក​មក​​​ប្រើ​ជា​​ហេតុ​ផល​ សម្រាប់​ការ​​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​​ ​បើ​ទោះ​បី​ជា​​អាច​ទទួល​យក​បាន​ក្រោម​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​»។

លោក មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Central បាន​ថ្លែង​ថា​ កម្មករកាត់​ដេរ​​ ជា​ញឹក​ញាប់​​​​ជ្រើស​រើស​យក​ការចេញ​តវ៉ា​ជា​ជម្រើស​ចុង​ក្រោយ​​​ បន្ទាប់​ពី​​នីតិវិធី​​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់​​​ ត្រូវ​បាន​ប្រើ​រួច​អស់​ហើយ​។

លោក តុលា បាន​ថ្លែង​បន្ត​ថា​៖ «​​ខ្ញុំ​​មិន​ភ្ញាក់​ផ្អើល​​ទេ​ ដែល​ប្រជា​ពល​រដ្ឋ​​បិទ​ផ្លូវ​​​ ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​ដទៃ​​ៗ​ ​ប៉ុន្តែ​យើង​​​មិន​គួរ​មើល​តែ​សកម្ម​ភាព​​​​ចុង​ក្រោយ​នោះ​ទេ​​»។

លោក​​តុលា បញ្ជាក់​ថា​៖«​យើង​គួរ​​មើល​ទៅ​លើ​បុព្វហេតុ​ឫសគល់​ ​និង​​របៀប​ដែល​ក្រប​ខ័​ណ្ឌ​ច្បាប់​​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​​សាមញ្ញ​​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​​​ មាន​ទំនុក​ចិត្ត​​​ថា ​ក្នុង​រយៈ​ពេល​ពីរ​បីថ្ងៃ​ ពួកគេ​នឹងទទួល​បាន​ដំណោះ​ស្រាយ​»៕ PS ​


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

Leave a Reply

Submit Comment