មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន

ដោយ ហេង សកល
2017-12-06
RFA

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA


មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប នឹង​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​លោក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ។

​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ ក្រោយ​ពេល​លោក​បាន​ទៅ​ពន្ធនាគារ​ជួប​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដើម្បី​ជម្រាប​ព័ត៌មាន​អំពី​ដីកា​ចៅក្រម​សម្រេច​បន្ត​ឃុំ​ខ្លួន​ទៅ​កូន​ក្តី​របស់​លោក។

​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់​លោក​មេធាវី កែវ វ៉ាន់នី ដោយ​តុលាការ​លើក​មូលហេតុ​ខ្លាច​អ្នក​ទាំង​ពីរ​ចេញ​មក​ក្រៅ​ឃុំ ហើយ​បំផ្លាញ​ភស្តុតាង​ផ្សេងៗ។ ប៉ុន្តែ​លោក កែវ វ៉ាន់នី មិន​អាច​ទទួល​យក​បាន​ឡើយ ដោយ​ហេតុ​ថា កូនក្ដី​លោក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ទេ ហេតុ​នេះ​គ្មាន​ភស្តុតាង​ឯ​ណា​ត្រូវ​បំផ្លាញ​នោះ​ទេ ហើយ​កូន​ក្តី​របស់​លោក​ទាំង​ពីរ​មាន​ទីលំនៅ​ច្បាស់លាស់​ថែម​ទៀត។

​លោក​អះអាង​ថា លោក អ៊ួន ឈិន បាន​ប្រាប់​លោក​ថា លោក​មាន​បញ្ហា​សុខភាព ដោយសារ​ជំងឺ​ផ្នែក​ជា​ប្រចាំ​ពិបាក​ព្យាបាល ហើយ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ​របស់​លោក​យក​ថ្នាំ​ឱ្យ​លោក​ប្រើប្រាស់​ឡើយ។ ចំណែក​លោក យាង សុធារិន្ទ មាន​សុខភាព​ល្អ​ធម្មតា​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment