លោក ប៉ុល សារឿន ចាត់​តាំង​មេធាវី​​ប្ដឹង​អតីត​មេបក្ស​ប្រឆាំង សម រង្ស៊ី

លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ពេល​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត ផាន រចនា



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​កាលពី​ម្សិលមិញ​បាន​សម្រេច​ចាត់​តាំង​មេធាវី​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ទៅ​នឹង​លោក សម រង្ស៊ី ​អតីត​មេបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​បាន​បង្ហោះ​សារ​នយោបាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដោយ​អះអាង​ពី​ហេតុផល​ដែល​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារ​បក្ស​កាន់​អំណាច​ខ្លាច​បែកបាក់​ផ្ទៃក្នុង និង​បាន​ថ្លែង​សូម​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល​ឈប់​ស្ដាប់​បញ្ជា​មេដឹកនាំ​របស់​ពួកគេ​។

ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​ក្រសួង​ការពារ​ជាតិ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ដកស្រង់​កិច្ចពិភាក្សា​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ហើយ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ ២០១៧ ​បាន​ថ្លែង​ថា​៖ «​មូលហេតុ​ចម្បង​ដែល ហ៊ុន សែន ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដោយសារ​តែ​គាត់​ភ័យខ្លាច​ពី​ការ​បែកបាក់​ផ្ទៃក្នុង​ដោយ​ចៀស​មិន​ផុត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​»​។

កាលពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ ឆ្នាំ​ ២០១៧ បាន​ដកស្រង់​កិច្ចពិភាក្សា​ដដែល​នេះ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ដដែល​ដោយ​បាន​ថ្លែង​ថា​៖ «​ឲ្យ​សូម​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល​កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​»​។

លោក​ផ្កាយ​មាស​ ៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា​មេធាវី​កងយោធពល​ខេមរភូមិន្ទ​បាន​រៀបចំ​​ឯកសារ​រួចរាល់​ហើយ និង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ​នេះ ​ឬ​ថ្ងៃ​ទី​ ៧ ខែ​ធ្នូ​នេះ ដើម្បី​ឲ្យ​តុលាការ​កាត់ទោស លោក រង្ស៊ី ទៅ​តាម​ច្បាប់​ជា​អំពើ​ល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា​។

យោង​តាម​ញត្តិ​ថ្កោលទោស​របស់​អគ្គបញ្ជាការដ្ឋាន​ដែល​ចែក​ដល់​អ្នក​កាសែត​បាន​ថ្លែង​ថា​៖ «​យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​នាយទាហាន នាយ​ទាហាន​រង និង​ពលទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ពិតជា​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត​ចំពោះ​ទង្វើ​បែប​នេះ​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​កងយោធពល​ខេមរភូមិន្ទ និង​ជា​ការ​បំផ្លាញ​កិច្ច​ការពារ​ជាតិ​។ យើង​ខ្ញុំ​ទាំងអស់​គ្នា​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​»​។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​តំណាង​កម្មករ កម្មការិនី​ជាង​មួយ​ម៉ឺន​នាក់​មកពី​រោងចក្រ​នានា​ក្នុង​តំបន់ អូឌឹម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ថា​៖ «​ខ្ញុំ​ដឹង​ថា ថ្ងៃ​នេះ​អគ្គបញ្ជាការ​កងទ័ព​កងយោធពល​ខេមរភូមិន្ទ​រួម​នឹង​នាយ​ទាហាន​ដទៃ​ទៀត​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ ពីព្រោះ​នេះ​ជា​បទល្មើស​ក្បត់ជាតិ និង​ញុះញង់​ឲ្យ​​កងទ័ព​មិន​គោរព​បទបញ្ជា​»​។

ពលទាហាន​កងពល​តូច​លេខ​ ៧០ ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ រូបថត ហ្វេសប៊ុក

លោក​បន្ត​ថា​៖ «​មាន​ការ​ប្រកាស​សង្គ្រាម​ពី​ជន​ក្បត់ជាតិ​ដែល​ជា​ការ​ក្បត់​ជាតិ​តជំនាន់ ឪពុក​ក៏​ក្បត់ជាតិ​ដែល​សម្ដេច​ព្រះបិតា​ជាតិ​របស់​យើង ព្រះអង្គ​ទ្រាំ​មិន​បាន​ហើយ​ទី​ចុង​បំផុត​ជន​ក្បត់ជាតិ​នេះ​ក៏​ត្រូវ​ស្លាប់​តៃហោង ឥឡូវ​មក​ដល់​កូន ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​រឿង​ក្បត់ជាតិ​នេះ​ត​ទៀត​»​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​សូម​ផ្តាំ​ទៅ (​សម រង្ស៊ី ឲ្យ​ចូល​) ​មក​អញ្ជើញ​មក​ហើយ​បញ្ចេញ​ទ័ព​ឲ្យ​អស់​មក ហើយ​ទ័ព​កន្លែង​ណា​ខ្លះ​ដែល​បាក់​បញ្ចេញ​មក​ហើយ​ប្រសិន​មាន​ជំនួយ​បរទេស​សូម​បញ្ចេញ​មក​ឲ្យ​អស់​មក​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ដែរ​ថា​ដរាប​ណា​មាន​វត្តមាន​លោក​ ហ៊ុន សែន នៅ​ទី​នេះ​កុំ​បារម្ភ​ពី​សង្គ្រាម​កើតឡើង​ឲ្យ​សោះ​ហើយ​ថា​រូប​លោក​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធានា​អំពី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ហើយ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ទោះបី​ជា​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​បោះឆ្នោត​អត់​អាក្រុម​ហ្នឹង​ឬ​អត់​អាបក្ស​មួយ​ហ្នឹង​វា​មាន​បក្ស​ផ្សេង​ចូល​ប្រកួត​ទៀត​រឿង​វា​ដូច្នេះ​មើល​ព្រៃ​ទាំង​មូល​មិនមែន​មើល​ឈើ​មួយ​ដើម​ទេ​ (​ហើយ​) សម្រាប់​ប្រទេស​ជាតិ​ (​ក៏​ដូច​គ្នា​ផង​ដែរ​)»​។

លោក សម រង្ស៊ី កាលពី​ម្សិលមិញ​បាន​ឆ្លើយ​សារ​តាម​អ៊ីមែល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ និង​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ ហ៊ុន សែន ​ប្តឹង​ខ្ញុំ​ពី​បទ​ «​ក្បត់ជាតិ​»​។ ពាក្យ​បណ្តឹង​ណា​មួយ​ដែល​ប្តឹង​ដោយ​ ហ៊ុន សែន ​ចំពោះ​រឿង​នេះ​វា​នឹង​ធ្វើឱ្យ​គាត់​មើល​ទៅ​កាន់​តែ​ផ្តាច់ការ និង​ល្ងីល្ងើ​ថែម​ទៀត​»​។

លោក រង្ស៊ី បន្ត​ថា​៖ «​នេះ​គឺជា​ការ​អំពាវនាវ​របស់​ខ្ញុំ​ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើ​ឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំ សូម​កងកម្លាំង​ប្រដាប់អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​»​។

លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Naressuan University ក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា​ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី បាន​បង្ហាញ​ថា​គាត់​មាន​ឆន្ទៈ​ចង់​ក្លាយ​ជា​អ្នក​រិះគន់​ខ្លាំង​ទៅ​លើ​លោក ហ៊ុន សែន ជាពិសេស​ពី​បរទេស​។ វា​មាន​ការពិត​ខ្លះ​នៅ​ក្នុង​អ្វី​ដែល​លោក​ សម រង្ស៊ី បាន​និយាយ​។ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ កងទ័ព​ត្រូវ​គោរព​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ដែល​ជាប់​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​។

លោក Paul ថ្លែង​ថា​៖ «​ច្បាស់​ណាស់​ប្រសិន​បើ​លោក​ ហ៊ុន សែន ​មិន​អនុញ្ញាត​ឱ្យ​មាន​គណបក្ស​ប្រឆាំង​ដ៏គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណា​មួយ​មាន​វត្តមាន​បាន​នោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ក្លាយ​ជា​រឿង​លេង​សើច​មួយ​។ ហេតុ​អ្វី​បាន​ជា​ពលទាហាន​គួរ​ស្តាប់​តាម​នាយករដ្ឋមន្ត្រី​ដែល​បាន​គ្រប់គ្រង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​? ​លោក​ សម រង្ស៊ី ហាក់​ដូចជា​កំពុង​ជំរុញ​ឱ្យ​ពលទាហាន​កុំ​គោរព​តាម​បញ្ជា​នៃ​របប​ផ្តាច់ការ​របស់​លោក​ ហ៊ុន សែន​ ដែល​កំពុង​កើនឡើង​នេះ​។ ហើយ​ការ​ឆ្លើយតប​របស់​លោក​ ហ៊ុន សែន ​ហាក់​បាន​បង្ហាញ​ពី​ការ​អស់​សង្ឃឹម និង​អសន្តិសុខ​នៅ​ក្នុង​ន័យ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​អាច​នឹង​ពឹង​ផ្អែក​ទៅ​លើ​ការ​ចោទប្រកាន់​លោក​ សម រង្ស៊ី ពី​បទ​ក្បត់ជាតិ​ដូច​លោក​ កឹម សុខា ​ដែរ​»​។ «ការ​ចោទប្រកាន់​លោក​ សម រង្ស៊ី​ពី​បទ​ក្បត់ជាតិ​គឺជា​មធ្យោបាយ​មួយ​របស់​លោក​ ហ៊ុន សែន ដើម្បី​បង្ហាញ​ដល់​កងទ័ព​ថា​លោក​ សម រង្ស៊ី ជា​មនុស្ស​មិន​អាច​ជឿជាក់​បាន​ទេ​ពីព្រោះ​គាត់​ជា​សត្រូវ​របស់​រដ្ឋ»​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​រឿងរ៉ាវ​ចោទប្រកាន់​លោក​ សម រង្ស៊ី ពី​បទ​ក្បត់ជាតិ​នេះ​គឺ​លោក​ សម រង្ស៊ី ​អាច​​អះអាង​ថា​កងទ័ព​មិន​ត្រូវ​គោរព​តាម​លោក​ ហ៊ុន សែន ទេ​ពីព្រោះ​លោក​​នាយករដ្ឋមន្ត្រី​បាន​ក្បត់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ តុលាការ​​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​លើ​លោក សម រង្ស៊ី ដែល​កំពុង​រត់គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ឱ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម​ដោយ​ជាប់​ចោទ​ចំនួន​ ៣ ​បទល្មើស​គឺ​បទ​សម​គំនិត​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មិន​មាន​ពិន័យ​ជា​ប្រាក់​នោះ​ទេ​។

កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ត្រូវ​បង់​ប្រាក់​ពិន័យ​ចំនួន ១៦០ លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន ប្រធាន​​រដ្ឋសភា​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​ដែល​កំពុង​និរទេស​ខ្លួន​រូប​នេះ​បង់​ប្រាក់​ពិន័យ ១០ លាន​រៀល​ចូល​ថវិការដ្ឋ និង ១៥០ លាន​រៀល​ទៅ​លោក ហេង សំរិន ​។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​ប្តឹង​ទារ​ជំងឺ​ចិត្ត ៣០០ លាន​រៀល​របស់​លោក ហេង សំរិន​។

កាលពី​ខែ​មីនា​ឆ្នាំ ២០១៧ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ ១ ឆ្នាំ ៨ ខែ និង​បង្គាប់​ឲ្យ​សង​សំណង ១០០ រៀល​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ព្រម​ទាំង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ ១០ លាន​រៀល​ចូល​ថវិការដ្ឋ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​រដ្ឋ​អំណាច​ថា​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី ហើយ​តម្រូវ​ឲ្យ​ឈ្មោះ សម រង្ស៊ី បង់​សំណង ១០០ រៀល​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ NS


Contact authors: ម៉ិច ដារ៉ា and Andrew Nachemson

What Next?

Recent Articles

2 Responses to "លោក ប៉ុល សារឿន ចាត់​តាំង​មេធាវី​​ប្ដឹង​អតីត​មេបក្ស​ប្រឆាំង សម រង្ស៊ី"

  1. Anonymous says:

    Is he pol pot brother??????

  2. people says:

    Yes’ he the worse man’ because in pol-pot no money but this time he suck all money from state and act like to die before veitcong mafia dictator’

Leave a Reply

Submit Comment