អាមេរិក​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​​គ្រួសារ​ពួកគេ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

(រូបភាពពី AFP)


រដ្ឋាភិបាល​អាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំ​ង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​ថា ក្រសួង​នេះ​នឹង​រឹត​បន្តឹង​លើ​ការ​ជាន់​ទឹក​ដី​អាមេរិក សម្រាប់​បុគ្គល​ទាំង​ឡាយ ដែល​អាមេរិក​គិត​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​លើក​ឡើង​បន្ថែម​ថា សមាជិក​ក្រុម​គ្រួសារ​បុគ្គល​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នោះ ក៏​ស្ថិត​នៅ​ក្រោម​ការ​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ផង​ដែរ។

ក្រសួង​ការបរទេស​អាមេរិក បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ការ​ដោះ​លែង​លោក កឹម សុខា និង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើង​វិញ។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៅ​កម្ពុជា និង​ចាត់​វិធានការ​បន្ថែម​ទៀត ខណៈ​ដែល​អាមេរិក​បន្ត​ទំនាក់​ទំនង​ជាមយយ​ប្រជាជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​លើក​ឡើង​ថា រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ចាត់​វិធានការ​បែប​នេះ​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បំផ្លាញ​វឌ្ឍនភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខណៈ​ដែល​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ទៀត​ផង។

ក្រៅ​ពី​ចាត់​វិធានការ​ទៅ​លើ​បក្ស​ប្រឆាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចាត់​វិធានការ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ប្រពន្ធ​ផ្សព្វផ្សាយ ដែល​ជំរុញ​ឲ្យ​ស្ថាប័ន​សិទ្ធិ​មនុស្ស និង​ប្រពន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ ផ្អាក​ដំណើរការ​របស់​ពួកគេ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment