គណៈកម្មាធិការ​សភា​អាមេរិក​ស្នើ​សុំ​បញ្ជី​ឈ្មោះ​មន្ត្រី​និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​​ដាក់​ទណ្ឌកម្ម

ដោយ មួង ណារ៉េត
2017-12-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក​ ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) ផ្ដល់​បទសម្ភាសន៍​ដល់​​អាស៊ីសេរី​ នៅ​វិមាន​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ Photo: RFA
តំណាងរាស្ត្រ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក​ ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) ផ្ដល់​បទសម្ភាសន៍​ដល់​​អាស៊ីសេរី​ នៅ​វិមាន​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ Photo: RFA


អនុ​គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក​សុំ​បញ្ជី​ឈ្មោះ​មន្ត្រី​កម្ពុជា​ ដើម្បី​ដាក់​ទណ្ឌកម្ម


គណៈកម្មាធិការ​រដ្ឋសភា​អាមេរិក ស្នើ​សុំ​បញ្ជី​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ដាក់​ទណ្ឌកម្ម​ផ្នែក​ការទូត និង​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម។

​បន្ទាប់ពី​សវនាការ​អស់​រយៈពេល​ជិត​ពីរ​ម៉ោង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី​ស្ដាប់​សក្ខីកម្ម​សាក្សី​សំខាន់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ អនុ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​អាមេរិក បាន​សម្រេច​ពិនិត្យ​មើល​ទណ្ឌកម្ម​បន្ថែម​ទៀត​ដើម្បី​ដាក់​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ណា​ស្តារ​ស្ថានការណ៍​ដុនដាប​បច្ចុប្បន្ន​នៅ​កម្ពុជា ឡើង​វិញ។

ដើម្បី​កំណត់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ អនុ​គណៈកម្មាធិការ​រដ្ឋ​សភា​នេះ​ស្នើ​ឲ្យ​សាក្សី​ជួយ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

សមាជិកសភា​ពី​ខាង​គណបក្ស​សាធារណៈ និង​ជា​សមាជិក​គណៈកម្មការ​នេះ លោក ដាណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) សង្កត់ធ្ងន់​ថា ទណ្ឌកម្ម​ដែល​មាន​ប្រសិទ្ធភាព​ដូច​ដែល​បាន​អនុវត្ត​កន្លង​មក​លើ​ប្រទេស​ផ្សេង​ទៀត​ដែរ គឺ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំង​អស់​នោះ​ដែល​ទទួល​ផល​ពី​អំពើ​ពុករលួយ​ពី​របប​លោក ហ៊ុន សែន រួម​ទាំង​ការ​បង្កក និង​រឹប​អូស​ទ្រព្យ​សម្បត្តិ ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ផង៖ «បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា បញ្ហា​ធំ​ជា​ច្រើន​កំពុង​កើត​មាន​នៅ​កម្ពុជា រួម​ទាំង​ការ​លួច​ប្លន់​ដីធ្លី​ពលរដ្ឋ​ដោយ​មន្ត្រី​មាន​អំណាច និង​បក្ស​ពួក​លោក ហ៊ុន សែន។ ដូច្នេះ​យើង​ត្រូវ​ការ​បញ្ជី​នេះ។ សូម​រៀបចំ​បញ្ជី​មួយ​ឲ្យ​ជាក់លាក់​ដើម្បី​អាច​ឲ្យ​គណៈកម្មាធិការ​យើង​ពិនិត្យ​មើល​ការ​ធ្វើ​ច្បាប់ និង​ស្នើ​ទៅ​ក្រសួង​ការបរទេស​អាមេរិក បើក​ការ​ស៊ើប​អង្កេត​បុគ្គល និង​ក្រុមហ៊ុន​ទាំង​នេះ។ រឿង​នេះ​យើង​អាច​អនុវត្ត​បាន​ដោយសារតែ​វា​មិនមែន​ពាក់ព័ន្ធ​តែ​ឧក្រិដ្ឋកម្ម​ផ្នែក​ពាណិជ្ជកម្ម​នោះ​ទេ ប៉ុន្តែ​វា​ជា​ឧក្រិដ្ឋកម្ម​ផ្នែក​នយោបាយ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​ផង​ដែរ»

​ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​លោក ដាណា រ៉ូរ៉ាបាកគើ បាន​ស្នើ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky) ត្រូវ​បាន​សភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក អនុម័ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ ច្បាប់​នេះ​មាន​ឥទ្ធិពល​ដាក់​ទណ្ឌកម្ម​បុគ្គល​ណា​ក៏​ដោយ ជាតិ​សាសន៍​ណា​ក៏ដោយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ គឺ​បិទ​ទិដ្ឋាការ​មិន​អោយ​ចូល​សហរដ្ឋអាមេរិក ហើយ​ទី​ពីរ គឺ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​នោះ​ដែល​ដាក់​តម្កល់​នៅ​បរទេស។

​ចំណុច​សំខាន់​បន្ទាប់​ដែល​គណៈកម្មាធិការ​នេះ​នឹង​ពិចារណា​ដែរ គឺ​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា រួម​ទាំង​ផលិតផល​ខាង​វិស័យ​កាត់​ដេរ ជាពិសេស ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​ទុក​ឲ្យ​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​កាន់​តែ​ដុនដាប​ដដែល​បែប​នេះ។

សមាជិកសភា​អាមេរិក មួយ​រូប​ទៀត ដែល​ជា​សមាជិក​គណៈកម្មាធិការ​នេះ​ដែរ គឺ​លោក ប្រ៊ែដ ហ្ស៊ើម៉ែន (Brad Sherman) លើក​ឡើង​ថា ពេល​នេះ​ជា​ពេល​ដ៏​សមស្រប​ដើម្បី​ពិនិត្យ​មើល​ទណ្ឌកម្ម​ផ្នែក​អនុគ្រោះ​ពន្ធ​នេះ។ លោក​សង្ឃឹម​ថា សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន នឹង​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ពិនិត្យ​មើល​ទណ្ឌកម្ម​នេះ៖ «ច្បាប់​សហរដ្ឋអាមេរិក ចែង​ច្បាស់​ថា កាល​ណា​យើង​សម្រេច​បិទ​ការ​នាំចូល​ទំនិញ​ពី​បរទេស​មក​សហរដ្ឋអាមេរិក មាន​ន័យ​ថា ក្រុមហ៊ុន​ដែល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ត្រូវតែ​ផ្តាច់​កិច្ចសន្យា​បញ្ជា​ទិញ​ទាំង​អស់​ភ្លាម។ បន្ទាប់​មក​ទៀត យើង​នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ទាំង​អស់​កុំ​ចុះ​កិច្ចសន្យា​រក​ស៊ី​ជាមួយ​ប្រទេស​កម្ពុជា ទៅ​អនាគត។ ចំណាត់ការ​នេះ​នឹង​មាន​ប្រសិទ្ធភាព»

​អាស៊ីសេរី បាន​សម្ភាស​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា នៅ​ក្រោយ​សវនាការ​ភ្លាម ដោយ​កញ្ញា​លើក​ឡើង​នូវ​វិធានការ​​ចំនួន ៦​ចំណុច ដែល​ចង់​ឲ្យ​សហរដ្ឋអាមេរិក ជួយ​អន្តរាគមន៍។ ចំណុច​ពីរ​សំខាន់​ដែល​កញ្ញា​ស្នើ​ឡើង​ត្រូវ​បាន​គណៈកម្មាធិការ​នេះ​ព្រម​យក​ទៅ​ពិចារណា​ដូច​ខាង​លើ។ ដោយ​ឡែក​ចំណុច​បួន​ផ្សេង​ទៀត រួម​មាន​ការ​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើង​វិញ៖ «ប្រទេស​ហត្ថលេខី​ត្រូវ​ជួបជុំ​គ្នា​ឡើង​វិញ»

​នាយក​អង្គការ NDI ដែល​ជា​សាក្សី​មួយរូប​ដែរ គឺ​លោក ឃីណេត វ៉ូឡាក់ (Kenneth Wollack) បាន​ចាត់​ទុក​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​រដ្ឋ​ប្រហារ​ទី​បី ដែល​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន។ រដ្ឋ​ប្រហារ​ពីរ​ទៀត គឺ​ការ​មិន​ព្រម​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពេល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នៅ​ឆ្នាំ​១៩៩៧ ដែល​បណ្ដេញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​អំណាច។ ចំណែក​ឯ​សាក្សី​ទី​បី គឺ​កញ្ញា Olivia Enos ដែល​អ្នក​វិភាគ​គោលនយោបាយ​អាស៊ី​នៃ​អង្គការ​មូលនិធិ​កេរដំណែល (The Heritage Foundation) បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​នេះ​ដាក់​សម្ពាធ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

​គណៈកម្មាធិការ​សន្យា​ថា នឹង​ចាត់​វិធានការ​សមស្រប និង​ទាន់​ពេល​វេលា​ដោយ​មិន​ឈរ​ឱប​ដៃ​មើល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ទុក្ខ​ដោយ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពី​សំណាក់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ទេ។ ទោះជា​យ៉ាង​នេះ​ក្តី គណៈកម្មាធិការ​យល់​ស្រប​គ្នា​ថា សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​អាច​ជួយ​បាន​ផ្នែក​ការទូត និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ក៏​ពិត​មែន ប៉ុន្តែ សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ដែល​ជា​អ្នក​សម្រេច​ថា​តើ​មេដឹកនាំ និង​ការ​ដឹក​នាំ​បែប​ណា​ដែល​ពួកគាត់​ត្រូវ​ការ​ស្រប​តាម​ឆន្ទៈ​ពិតប្រាកដ ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​សម្លុត​បំភ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "គណៈកម្មាធិការ​សភា​អាមេរិក​ស្នើ​សុំ​បញ្ជី​ឈ្មោះ​មន្ត្រី​និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​​ដាក់​ទណ្ឌកម្ម"

  1. ឡយ says:

    ​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា រួម​ទាំង​ផលិតផល​ខាង​វិស័យ​កាត់​ដេរ អ្នកដែលស្លាប់មុនគេ គឹ ប្រជារាស្រ្តខ្មែរ និងឯង ពួកអស់លោកមន្រ្តី ធំៗ មិនអាចងាប់ដោយអត់ឃ្លានទេ សូមមេត្តាពិនិត្យឡើងវិញផង មុននិងសំរេច បែបនេះ

  2. Reall says:

    ប្រជារាស្រ្តខ្មែរសុខចិត្តវេទនាមួយរយះដើម្បីសេចក្តីសុខដល់កូនចៅជំនាន់ក្រោយដែលរស់នៅដោយគ្មានសេរីភាពប្រឈរមុខនិងការបាត់បង់ដីធ្លីជាប្រចាំគ្មានភាពយុត្តិធម៍គ្មានការទទួលខុសត្រូវពីថ្នាក់ដឹកនាំជាន់ខ្ពស់។មានតែការគំរាមបិទសេរីភាព……..។ល។

  3. people says:

    Please do the action’ please sanction and freeze all companies from this beast regime and don’t talk to theses communist veitcong dogs because they only suck the blood from poor cambodian people and please tell all Allies to stop them to go all democracy countries.This beast regime never respect the international or constitution of the country’ and let them do business with communist china and veitname only because this beast regime only kneel down theses two country only .The exemption of tax is only earning for the factory owner and the corrupted officers of this beast regime ‘it not affect the poor’ and if did affect it must blame to veitcong mafia dictator because he the one made the trouble ‘. GOD bless all cambodian people