សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បិទ​បញ្ចប់​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី២២

ហេង សកល
2017-12-13
RFA

ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo KKKHRDA
ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​នៃ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo KKKHRDA


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​បិទ​បញ្ចប់​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែ​ធ្នូ្ន កន្លង​ទៅ​នេះ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា​(Florida) សហរដ្ឋអាមេរិក​(USA)​។ មហាសន្និបាត​នេះ មាន​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជិត​៣០០​នាក់ បាន​ចូលរួម។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ មកពី​សហរដ្ឋអាមេរិក បាំ​រាំង អូស្ត្រាលី កាណាដា ប្រទេស​កម្ពុជា និង​​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ព្រមទាំង​អ្នកតំណាង​អង្គការ​ធំៗ​មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​សេចក្ដីថ្លែងការណ៍​ផង​ដែរ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​បាន​បូកសរុប​សមិទ្ធផល​ដែល​បានធ្វើ​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ ដោយ​ក្នុង​នោះ ទីមួយ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ទី​ពីរ ពង្រីក​ការ​ទំនាក់ទំនង​ក្រៅ​ប្រទេស​បន្ថែម​ទៀត។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​ដឹង​ថា មហាសន្និបាត បាន​កែប្រែ​ច្បាប់​លក្ខន្តិកៈ​សហព័ន្ធ​មួយ​ចំនួន កែប្រែ​បទ​បទបញ្ជាផ្ទៃក្នុង​សហព័ន្ធ​មួយ​ចំនួន ព្រមទាំង​កំណត់​យ៉ាង​ម៉ឺងម៉ាត់​ថា អ្នកណា​ក៏ដោយ ប្រសិនបើ​ធ្វើ​ខុស​នឹង​លក្ខន្តិកៈ ឬ​បទបញ្ជា​ផ្ទៃ​របស់​សហព័ន្ធ ត្រូវតែ​ចុះចេញ​ពី​ដំណែង​ភ្លាម។ «»

លោក​ឱ្យ​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៧​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​សមិទ្ធផល​ជាច្រើន រួមមាន បញ្ជូន​គណៈប្រតិភូ​ទៅ​ប្រជុំ​មហាសន្និបាត​របស់​អង្គការ យូ​អ៊ិន​ភី​អូ (UNPO) នៅ​ប្រទេស​បែលហ្សិក (Belgium) ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​អូស្ត្រាលី​(Austria) អាមេរិក សមាជិក​ព្រឹទ្ធសភា​ប្រទេស​បារាំង និង​សភា​អ៊ឺរ៉ុប ដើម្បីឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​ទៅដល់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ឈប់​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ផែនការ​សម្រាប់​ឆ្នាំ​២០១៨​ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កាណាដា ជប៉ុន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ព្រមទាំង​គ្រោង​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៦៩ នៅ​ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង ដើម្បី​ឱ្យ​រដ្ឋាភិបាល​បារាំង​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម។ «»

លោក​ឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​គ្រោង​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ដើម្បី​ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​នៅ​ពេល​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles