តុលាការ​នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​១៤ ធ្នូ

ដោយ អាស៊ីសេរី
2017-12-13

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev


ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ​លោក គី ឫទ្ធី នឹង​បន្ត​នីតិវិធី​សួរចម្លើយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ពី​ដំណើររឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង ៨:៣០ ព្រឹក ស្អែក​នេះ។ ការសួរចម្លើយ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​បន្ទប់​សាកសួរ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី ៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

មេធាវី​មួយរូប​នៃ​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង អះអាង​ថា ក្រុម​មេធាវី​របស់លោក​នឹងចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​សួរចម្លើយ​នេះ។ លោក​បន្តថា ក្រុម​មេធាវី​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ដដែល ដោយសារ​ក្រុម​មេធាវី​យល់ឃើញថា លោក កឹម សុខា មិនបាន​ប្រព្រឹត្តល្មើស​ដូច​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​ឡើយ«សម្រាប់​ក្រុម​មេធាវី យើង​នៅតែ​គិតថា រឿងនេះ​អត់​មាន​បទល្មើស​កើតឡើង​ចំពោះ​លោក កឹម សុខា ទេ ហើយ​ការ​ចោទថា សន្ទិដ្ឋិភាព ឬ​ក៏​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​នោះ រហូត​មក​ដល់​នឹង​ពេលនេះ គ្មាន​បរទេស​ណាមួយ​ដែលថា​មក​ត្រូវរ៉ូវ​ជាមួយនឹង​គាត់ ឬក៏​គាត់​ទៅ​ត្រូវរ៉ូវ​ជាមួយ​បរទេស​មាន​សកម្មភាព ឬក៏​មាន​ផែនការ​អ្វី​ជាមួយគ្នា គឺ​វា​អត់ ក្រៅតែពី​សកម្មភាព​សម្រាប់​គោលការណ៍​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ និង​សិក្ខាសាលា​អំពី​រឿង​គោលនយោបាយ។ វា​មិនមែន​ជា​រឿង​រៀបចំ​ផែនការ​ក្បត់ ឬក៏​ផែនការ​ត្រូវរ៉ូវ​ជាមួយ​បរទេស»

កាល​ពី​ពេល​ថ្មីៗ​នេះ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បាន​ទាត់ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ដីការ​សម្រេច​ឃុំខ្លួន លោក កឹម សុខា ដោយ​តុលាការ​សំអាងថា ការ​សម្រេច​ឃុំខ្លួន​នេះ គឺជា​រឿង​ត្រឹមត្រូវ​តាមច្បាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​តំណាង​អយ្យការ​នៃ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ “​សន្ទិដ្ឋិភាពជា​មួយ​បរទេស​” តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ បើ​តុល​ការរក​ឃើញថា លោក​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការចោទប្រកាន់​មែន​នោះ។

ទាក់ទង​នឹង​សំណុំរឿង​លោក កឹម សុខា នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន និង​មន្ត្រីក្រោមឱវាទ​របស់លោក បាន​នាំ​គ្នាចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ក្នុង​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​បដិវត្តន៍​ពណ៌ ក៏ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវបាន​ច្រានចោល​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​ស្ថានទូត​អាមេរិក​ចាត់ទុកថា វា​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles