សមាជិក​សភា​អាមេរិក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រៀបចំ​គម្រោង​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

ដោយ តាំង សារ៉ាដា
2017-12-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក​ ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) ថ្លែង​ប្រាប់​អាស៊ីសេរី​ នៅ​វិមាន​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ Photo: RFA
តំណាងរាស្ត្រ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា លោក​ ដេណា រ៉ូរ៉ាបាកគើ (Dana Rohrabacher) ថ្លែង​ប្រាប់​អាស៊ីសេរី​ នៅ​វិមាន​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ Photo: RFA


តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ផ្ដល់​អនុសាសន៍​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រៀម​ខ្លួន​រៀបចំ​ជណ្ដើរ​មួយ​សម្រាប់​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​សម្រួល ដោយ​គ្មាន​អំពើ​ហិង្សា គ្មាន​ការ​បង្ហូរ​ឈាម និង​គ្មាន​ការ​ផ្ដន្ទាទោស។ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ហៅ​អនុសាសន៍​នេះ​ថា ជា​នយោបាយ​ទុច្ចរិត​លើ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក ដេណា រ៉ូរ៉ាបាកគើ (Dan Rohrabacher) លើក​ឡើង​ថា មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ដែល​ជា​អ្នក​សម្រេច​ជោគ​វាសនា​ប្រទេស​ដោយ​ខ្លួន​ឯង ហើយ​ថា គ្មាន​ប្រទេស​ណា​មួយ​អាច​ដាក់​សន្តិភាព​លើ​ជើង​ពាន​ប្រគល់​អោយ​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ឡើយ ដូច្នេះ​ពលរដ្ឋ​ត្រូវ​តែ​ក្រោក​ឈរ​ទាមទារ​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក រូប​នេះ​បាន​ផ្ដល់​អនុសាសន៍​ដល់​ពលរដ្ឋ​ខ្មែរ​គួរ​រៀបចំ​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី ហើយ​ធានា​ពី​សុវត្ថិភាព​របស់​លោក​ក្រោយ​ពេល​អស់​អំណាច៖ «ពលរដ្ឋ​អាច​ផ្ដល់​លទ្ធភាព​អោយ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច ហើយ​ចេញ​អោយ​ឆ្ងាយ​ពី​ទីក្រុង ទុក​លុយ​ដែល​លោក​មាន​ហ្នឹង​ចុះ ពលរដ្ឋ​នឹង​មិន​រក​រឿង​អ្នក​ឯង​ទេ ប៉ុន្តែ​ត្រូវ​ចេញ​អោយ​ឆ្ងាយ​ពី​ការ​គ្រប់គ្រង​អំណាច ឬ​មួយ​បើ​មិន​ចេញ​ពី​អំណាច នោះ​លោក​នឹង​ត្រូវ​ជាប់​គុក ឬ​មួយ​ត្រូវ​គេ​សម្លាប់​ចោល។ តើ​ចំណុច​ពីរ​នេះ លោក ហ៊ុន សែន ត្រូវ​ជ្រើស​រើស​យក​មួយ​ណា? តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​អំពី​ការ​ផ្ដល់​ជម្រើស​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​នាំ​ខ្លួន​យក​មក​កាត់​ទោស​នោះ?»

ការ​ថ្លែង​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​រូប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​សួរដេញដោល​មួយ​របស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដែល​មាន​វាគ្មិន​ចូលរួម​ដោយ​កូនស្រី​ច្បង​របស់​លោក កឹម សុខា អ្នកស្រី អូលីវា អ៊ីណូស (Olivia Enos) មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​មូលនិធិ​កេរដំណែល​ពិភពលោក និង​លោក ឃែននេត វ័រឡាក់ (Kenneth Wallace) ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)។

លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ជំហរ​ថា លោក​នឹង​បន្ត​ដឹកនាំ​រដ្ឋាភិបាល​យ៉ាង​ហោច​ពីរ​អាណត្តិ​ទៅ​មុខ​ទៀត។ ជាមួយ​គ្នា​នេះ​លោក​ក៏​ធ្លាប់​ប្រកាស​ថា លោក​មិន​ខ្វល់​ពី​ការ​ដាក់​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​នោះ​ទេ ពីព្រោះ​អ្វី​ដែល​សំខាន់​គឺ​អោយ​តែ​ពលរដ្ឋ​នៅ​បន្ត​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៅ​គឺ​ជា​ការ​ស្រេច​ទៅ​ហើយ។

​លោក ដេណា រ៉ូរ៉ាបាកគើ បញ្ជាក់​ថា លោក ហ៊ុន សែន មិន​សម​ជា​មេដឹកនាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ ដោយសារ​លោក​គ្រាន់តែ​ជា​ក្រុម​បង​ធំ​ក្ដោបក្ដាប់​អំណាច​តាម​ហិង្សា និង​ផ្ដាច់ការ​ប៉ុណ្ណោះ។ ​

លោក ដេណា រ៉ូរ៉ាបាកគើ ក៏បាន​រំលឹក​អនុស្សាវរីយ៍​កាល​ពី​គ្រា​មួយ​ដែល​លោក​ធ្លាប់​បបួល​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច ហើយ​លោក​ក៏​ឈប់​ធ្វើ​ជា​តំណាងរាស្ត្រ​អាមេរិកាំង​ត​ទៅ​ទៀត​ដែរ៖ «ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​ ២០​ឆ្នាំ​មុន ខ្ញុំ​បាន​អង្គុយ​ទល់​មុខ​លោក ហ៊ុន សែន ហើយ​ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​លោក ហ៊ុន សែន ថា ពួក​យើង​កាន់​តែ​ចាស់ៗ​ហើយ ហើយ​ដល់​ពេល​ដែល​យើង​ត្រូវ​សម្រាក​ពី​ការងារ​ដើម្បី​រស់​នៅ​ឲ្យ​សប្បាយ​ក្នុង​ជីវិត​នេះ។ តោះ​ឥឡូវ​យើង​ភ្នាល់​គ្នា បើ​លោក​ហ៊ាន​ចុះ​ចេញ​ពី​អំណាច ខ្ញុំ​ក៏​ហ៊ាន​ចូល​និវត្តន៍​ឈប់​ធ្វើ​ជា​តំណាងរាស្ត្រ​ដែរ។ ដោយសារ​តែ​លោក ហ៊ុន សែន គាត់​មិន​ព្រម​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​នៅ​តែ​ធ្វើ​តំណាងរាស្ត្រ​អ៊ីចឹង​ដដែល​ទៅ»

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ដេណា រ៉ូរ៉ាបាកគើ អំពី​ការ​បបួល​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​យ៉ាង​ខ្លាំង។

​លោក សុខ ឥសាន ហៅ​ការ​បបួល​របស់​សមាជិក​សភា​អាមេរិកាំង រូប​នេះ​ថា​ធ្វើ​ឡើង​ក្នុង​ហេតុផល​សមគំនិត​ជាមួយ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ដើម្បី​វាយប្រហារ​មក​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា លោក ដេណា រ៉ូរ៉ាបាកគើ គាត់​មិន​ដែល​ចាត់​ទុក​សម្ដេច ហ៊ុន សែន ជា​អ្នក​ប្រកួតប្រជែង​ខាង​ផ្នែក​នយោបាយ​ទេ គាត់​ចាត់​ទុក​ជា​ខ្មាំង​សត្រូវ​តាំង​ពី​ដើម​មក​ដោយ​គាត់​មាន​និន្នាការ​នយោបាយ​ទៅ​រក​ទណ្ឌិត សម រង្ស៊ី»

​នៅ​ពេល​មាន​ជីវិត អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១៦ ថា ជំងឺ​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន គឺ​ជា​ជំងឺ​ឆ្លង​ពី​មេ​ដឹក​នាំ​មុនៗ ពី​ជំនាន់​ទៅ​មួយ​ជំនាន់​ដោយ​គ្មាន​ការ​ព្យាបាល​នោះ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ឆ្លាត លោក​គួរ​រៀបចំ​ជណ្ដើរ​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី​ប្រសើរ​ជា​ជាង​ការ​ទាញ​ទម្លាក់៖ «ក្រាញ​អំណាច​នេះ​គឺ​ជា​ជំងឺ​អាក្រក់​បំផុត​សម្រាប់​សង្គម​ខ្មែរ​យើង វា​គួរ​តែ​ព្យាបាល​អោយ​ជា ហើយ​ក្មេង​ជំនាន់​ក្រោយ​គួរ​ស្រលាញ់​នូវ​កេរ្តិ៍ឈ្មោះ​ប្រសើរ​ជាង»

​លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ព្រមាន​លោក ហ៊ុន សែន ថា ប្រសិនបើ​លោក​មិន​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ផ្ទេរ​អំណាច​មួយ​ដោយ​សន្តិវិធី​ទេ នោះ​ពេល​លោក​អស់​អំណាច​ទៅ​ដោយ​ប្រការ​ណា​មួយ កុំ​ថា​ឡើយ​ក្រុម​គ្រួសារ​របស់​លោក សូម្បីតែ​ផ្នូរ​កប់​សព​របស់​លោក​ក៏​គ្មាន​សុវត្ថិភាព​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles