សម្តេច​សង្ឃ ទេព វង្ស អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន

ព្រះសង្ឃ​ចូលរួម​នៅ​ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​នៅ​សាលសន្និសីទ​ចតុមុខ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ស្រង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព្រះតេជគុណ ទេព វង្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សម្ដេច​សង្ឃ​នៅ​កម្ពុជា​ពី​ម្សិលមិញ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) បន្ទាប់ពី​ព្រះអង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពី​ឆ្នាំ​ ២០១៤ ​កុំ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការ​​បោះឆ្នោត ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ការ​ហាមឃាត់ និង​ចង់​ឲ្យ​មាន​ច្បាប់​នេះ​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​ ២៦ ដែល​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង ៥០០ ​អង្គ និង​នាក់​នៅ​សាល​មហោស្រព​ចតុមុខ​ដើម្បី​បូក​សរុប និង​វាយតម្លៃ​លើ​សកម្មភាព​ និង​លទ្ធផល​ការងារ​នៃ​ការ​អនុវត្ត​សង្ឃ​ប្រកាស​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ​ទៅ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្ត​ទៀត​។

ព្រះតេជគុណ​ ទេព វង្ស បញ្ជាក់​ថា​៖ «​មាន​ ៧ ​មករា​មាន​ព្រហ្មវិហារធម៌​បាន​រស់រាន​មាន​ជីវិត​មាន​សាមគ្គីភាព និង​មាន​ក្ដីសុខ​ចម្រើន បើ​យើង​ហ៊ាន​តែ​បែកបាក់​សាមគ្គី​គឺ​ងាប់​ជា​មិន​ខាន​ទេ​។ សាមគ្គី​ ២ ធ្នូ​មក​ដល់ ៧ ​មករា​គឺ​បាន​កើត​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា​។ ដូច្នេះ​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តម្លៃ​ថ្លៃថ្នូរ​ខ្លាំង​ណាស់​ជា​អាយុ​ជីវិត​ប្រជាជាតិ​របស់​យើង រួច​ពី​នោះ​គណបក្ស​ប្រជាជន​បាន​អភិវឌ្ឍ​ធនធាន​មនុស្ស ធនធាន​ធម្មជាតិ និង​បរិស្ថាន​ផង​ដែរ​»​។

ព្រះតេជគុណ ទេព វង្ស បាន​បន្ត​ថា​ការ​រស់រាន​មាន​ជីវិត​នេះ​ត្រូវ​តែ​ពិចារណា​ពី​ចំណុច​ល្អ​ជាច្រើន​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។

ព្រះអង្គ​បន្ត​ថា​៖ «​យើង​គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​គូស​លើ​សន្លឹកឆ្នោត​គាំទ្រ​បក្ស​មួយ​នោះ​ដូច​យើង​បាន​ដឹង​ហើយ​ថា ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ​រហូត​ដល់​ ៥ ​អាណត្តិ​នេះ​បក្ស​មួយ​នោះ​មិន​ដែល​បាន​ជាប់​ឆ្នោត​ទេ​ហើយ​ក៏​មិន​បាច់​ខំ​តទៅ​ទៀត​ដែរ ព្រោះ​គេ​រៀបចំ​ទុក​រួច​ហើយ​អ្នក​ណា​ឈ្នះ អ្នក​ចាញ់​គេ​រៀបចំ​ទុក​រួច​ហើយ​»​។

លោក​ ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ថ្លែង​ថា​វិស័យ​សាសនា​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ព្រោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ការ​កើនឡើង​នូវ​វត្តអារាម វិហារ និង​ព្រះសង្ឃ​ផង​ដែរ​។ ក្រៅពី​នេះ​សាសនា​ផ្សេងៗ​ក៏​ដូច​គ្នា​ដែរ​ដោយ​មាន​អ្នក​ចូលរួម​គោរព​ច្រើន​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​សាសនា​នីមួយៗ​។

សម្តេច​ព្រះសង្ឃរាជ​ ទេព វង្ស នៅ​ក្នុង​ពិធី​ពី​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន

លោក​បញ្ជាក់​ថា​៖ «​អ្វីៗ​ទាំងអស់​នេះ​កើត​ចេញ​ពី​ស្នាដៃ​បក្ស​ប្រជាជន​កម្ពុជា​។ ចំពោះ​ផលប៉ះពាល់​ជា​អវិជ្ជមាន​មួយ​ចំនួន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​នឹង​ប្រឹងប្រែង​បន្ត​ទៀត​។ ក្នុង​នោះ​អ្នក​ដែល​តែងតែ​បង្ខូច​សាសនា យើង​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ព្រហ្មទណ្ឌ​ និង​ច្បាប់​វិន័យ​របស់​ព្រះសង្ឃ​ដែល​មាន​ស្រាប់​»​។

ព្រះតេជគុណ ឃី សុណ្ណរតនា និមន្ត​ពី​វត្ត​មួយ​នៅ​ខេត្ត​សៀមរាប​មាន​ថេរ​ដីកា​ថា​ប្រទេស​មាន​សន្តិភាព​អ្វីៗ​គ្រប់​យ៉ាង​នឹង​មាន​ការ​អភិវឌ្ឍ​ទៅ​តាម​ដំណើរ​របស់​វា ប៉ុន្ដែ​វា​ជា​ធម្មតា​សង្គម​នីមួយៗ​តែងតែ​មាន​បញ្ហា​។

ព្រះអង្គ​បញ្ជាក់​ថា​៖ «​បញ្ហា​ទាំង​នោះ​មាន​តិច​ ឬ​ច្រើន​វា​អាស្រ័យ​លើ​មនុស្ស​នៅ​ក្នុង​សង្គម​ភាគច្រើន​ជា​មនុស្ស​បែប​ណា​ដូចជា​នៅ​ក្នុង​ព្រះពុទ្ធសាសនា​នេះ​ក៏​មាន​បញ្ហា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​ដែរ​ព្រោះ​តែងតែ​មាន​មនុស្ស​មួយ​ចំនួន​តូច​បង្ក​ការ​លំបាក​ក្នុង​ស្ថាប័ន​នេះ​។ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​ព្យាយាម​ដោះស្រាយ​តាម​ច្បាប់​វិន័យ​ព្រះសង្ឃ និង​ច្បាប់​របស់​ប្រទេស​»​។

ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​ ២៦ ​នេះ​គណៈសង្ឃ​នាយក​បាន​ចេញ​សេចក្ដី​សម្រេច​ប្រគល់​ភារកិច្ច​ដល់​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ចំនួន​ ៦ ​អង្គ​ដើម្បី​សម្រប​សម្រួល​ការ​ដោះស្រាយ​បញ្ហា​វិវាទ​សង្ឃ​ទាំង​រាជធានី និង​ខេត្ត​ ២៥ ​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​សរុប ១៥១៣៣ ​នាក់​មកពី​រោងចក្រ​ចំនួន​ ១៣ ស្ថិត​នៅ​តំបន់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​ធ្នូ​ដោយ​បាន​បញ្ចុះបញ្ចូល​ឲ្យ​កម្មករ កម្មការិនី និង​ឪពុកម្ដាយ​របស់​ពួកគេ​ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​លោក​អាច​ដឹកនាំ​ប្រទេស​បាន​រយៈពេល​ ១០ ​ឆ្នាំ​ទៅ​ខាង​មុខ​ទៀត​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​សង្ឃឹម​ថា​ក្មួយៗ​ផ្ទាល់​បូក​នឹង​ឪពុកម្តាយ និង​ក្រុម​គ្រួសារ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ពូ​នឹង​ដឹកនាំ​បន្ត​ទៀត​។ យើង​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​តាំងពី​គ្រា​លំបាក​បំផុត​តែ​ពេល​នេះ​ជា​ពេលវេលា​ដែល​យើង​ក្តាប់​ឱកាស​ឲ្យ​បាន​ដើម្បី​បន្ត​ជំហាន​ទៅ​មុខ​។ លទ្ធិប្រជាធិបតេយ្យ​នឹង​មិន​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​អ្នក​ណា​ទេ បើ​គ្មាន​ការ​ចូលរួម​របស់​អ្នក​ការ​បោះឆ្នោត​ក៏​ត្រូវ​តែ​ធ្វើ​ដែរ​។ ពូ​នឹង​ដឹកនាំ​ប្រទេស​យ៉ាង​តិច​ ១០ ​ឆ្នាំ​ទៀត​»​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​យល់​ឃើញ​ថា​ដោយសារ​ព្រះអង្គ​ជ្រកកោន​ជាមួយ​រដ្ឋាភិបាល ទើប​ព្រះអង្គ​លើក​ជើង​តាម​គេ​តាម​ឯង​។ តំណែង​ដែល​ព្រះអង្គ​បាន​នេះ​ក៏​ដោយសារ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​នេះ​ដែរ​។

លោក​ថា​៖ «​រឿង​នេះ​យើង​ក៏​មើល​ទៅ​លើ​ច្បាប់​ដែរ​ថា​តាម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​សាសនា​ជា​របស់​រដ្ឋ​។ អ៊ីចឹង​ចង់​​ ឬ​មិន​ចង់​ព្រះអង្គ​មាន​ទំនោរ​ទៅ​ខាង​ហ្នឹង​ស្រាប់​ហើយ ប៉ុន្តែ​រឿង​ធម៌​វិន័យ​យ៉ាង​ណា​នោះ​ទុក​ឲ្យ​ព្រះសង្ឃ​ជា​អ្នក​ចាត់ចែង​»៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles

2 Responses to "សម្តេច​សង្ឃ ទេព វង្ស អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន"

  1. PHKA says:

    TEP VONG is a VIET CONG yuon spy in CCP

  2. jack says:

    ធ្វើដល់ស្ដេចសង្ឈហើយមេចទៅឡប់ឡប់ចឹង​ អត់មើលសព្វថ្ងៃនឹងទេអី​​ ថាវាមេចខ្លះ