អាមេរិក​ព្រមាន​ថា វិធានការ​បន្ថែម​អាច​នឹង​កើត​មាន​ចំពោះ​កម្ពុជា ​នា​ពេល​ខាង​មុខ

លោក W. Patrick Murphy នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក W. Patrick Murphy បាន​ថ្លែង​ជា​លក្ខណៈ​ការទូត ប៉ុន្តែ​រឹងមាំ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អំឡុង​កិច្ចពិភាក្សា​សារព័ត៌មាន​តុ​មូល​កាលពី​ម្សិលមិញ​ដោយ​ព្រមាន​ថា វិធានការ​បន្ថែម​អាច​នឹង​កើត​មាន​នាពេល​ខាង​មុខ ហើយ​ប្តូរ​ការ​ផ្តោត​ពី​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជា​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​វិញ​។

កាលពី​ខែ​កញ្ញា​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់​ជាតិ​» ខណៈ​អាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​រិះគន់​ថា​វា​ជា​រឿង​នយោបាយ​។ បើ​ទោះបី​ជា​មាន​ការ​រិះគន់​គណបក្ស​របស់​លោក កឹម សុខា ត្រូវ​បាន​រំលាយ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​មក​។

ទន្ទឹម​នេះ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល ក្នុង​អំឡុង​ពេល​ដំណាល​គ្នា​ផង​ដែរ​ដោយ​រដ្ឋាភិបាល​បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ដែល​ជា​អង្គការ​ទទួល​បាន​មូលនិធិ​ពី​សហរដ្ឋ​អាមេរិក និង​បាន​បិទ​កាសែត​ឌឹខេមបូឌាដេលី​។

សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ជា​ដដែលៗ​ចំពោះ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នេះ​ហើយ​បាន​ចាត់​វិធានការ​រឹងមាំ បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​កាត់​ថវិកា​បោះឆ្នោត និង​ប្រកាស​ថា​នឹង​ដាក់​ការ​ហាមប្រាម​ទិដ្ឋាការ​ទៅ​លើ​មន្ត្រី​កំពូលៗ​កម្ពុជា និង​គ្រួសារ​របស់​ពួកគេ​។

លោក Murphy ដែល​ជា​ឧបការីរង​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​បើក​ការ​ថ្លែង​ដោយ​អះអាង​ថា​លោក​មក​ប្រទេស​កម្ពុជា​ពី​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​នាម​ជា​ «​មិត្តភក្តិ​របស់​កម្ពុជា​»​។ លោក​បាន​សរសើរ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧ ថា​ជា​ «​ដំណើរការ​វិជ្ជមាន​ក្នុង​ការ​ពង្រឹង​ប្រជាធិបតេយ្យ​» និង​បាន​ថ្លែង​ថា​លទ្ធផល​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​ថ្លែង​បន្ត​ដោយ​សំដៅ​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ៣ លាន​ក្នុង​ឆ្នាំ ២០១៣ ថា​៖ «​ជំហាន​ ២-៣ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​បាន​បំបិទ​សិទ្ធិ​របស់​មនុស្ស​ជាច្រើន​»​។

លោក Murphy បាន​ហៅ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ថា​មាន​ «​គុណវិបត្តិ​»​។ ដោយ​បាន​កត់សម្គាល់​ថា​សហរដ្ឋ​អាមេរិក​បាន​ «​វិនិយោគ​នៅ​ក្នុង​ភាព​ជោគជ័យ​» ​របស់​កម្ពុជា​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ​នោះ​លោក Murphy សង្ឃឹម​ថា ស្ថានភាព​នេះ​នៅ​តែ​អាច​ប្រសើរ​ឡើង​វិញ​បាន​។

លោក​បាន​ថ្លែង​ថា​៖ «​ជំនួយ​របស់​យើង​គឺ​មាន​គោលបំណង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​»​។ «​អ្វី​ដែល​យើង​កំពុង​លើក​ទឹក​ចិត្ត​ផ្តល់​យោបល់​គឺ​ថា​ជំហាន​ទាំងអស់​ដែល​បាន​កើត​មាន​ឡើង​នៅ​ទី​នេះ​…​គួរ​ត្រូវ​បាន​ត្រឡប់​ក្រោយ​»​។

ទន្ទឹម​នេះ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​លោក​បាន​ថ្លែង​ថា «​យើង​មាន​មធ្យោបាយ និង​ឧបករណ៍​ជាច្រើន​ដែល​យើង​អាច​ពិចារណា​»​។ លោក​បាន​ព្រលយ​ផង​ដែរ​ថា​អាមេរិក​នឹង​មិន​អាច​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ដែល​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​ទេ​។

លោក Murphy ពិត​ជា​បាន​ថ្លែង​ថា​អាមេរិក​អាច​ «​ធ្វើការ​វាយតម្លៃ​ឡើង​វិញ​»​ចំពោះ​ស្ថានភាព​នេះ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសាសន៍​របស់​អាមេរិក​។

លោក​បាន​ថ្លែង​ថា​៖ «​ជំហាន​ដែល​យើង​បាន​ធ្វើ​ឡើង​គឺ​អាច​ត្រឡប់​ក្រោយ​បាន​»​។

នៅ​ពេល​សួរ​ថា តើ​អាមេរិក​នឹង​អាច​កែលម្អ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មួយ​ដែល​ចោទប្រកាន់​ខ្លួន​ថា​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​យ៉ាង​ដូចម្តេច លោក Murphy ផ្ទុយ​ទៅ​វិញ​បាន​សង្កត់​ធ្ងន់​អំពី​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​។

លោក​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​ដល់​ការ​រួម​ចំណែក​របស់​អាមេរិក​នៅ​ក្នុង​ការ​ដោះមីន និង​វិស័យ​កសិកម្ម និង​វិស័យ​ដទៃៗ​ទៀត​ថា​៖ «​យើង​មាន​ទំនាក់​ទំនង​ល្អ​ណាស់​ជាមួយ​ប្រជាជន​កម្ពុជា​… ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​កាលពី​អតីតកាល​»​។

លោក​បន្ថែម​ថា​៖ «​ទំនាក់​ទំនង​ចំពោះ​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​យើង​ទាំង​ ២ គឺ​រឹងមាំ​ណាស់​»​។ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា​ជា​ «​ទ្រឹស្តី​ឃុបឃិត​ប្រឌិត​ឡើង​» និង​ជា​ «​ការ​ចោទប្រកាន់​មិន​ពិត​» លោក Murphy បាន​ថ្លែង​ថា​វោហារស័ព្ទ​ប្រឆាំង​អាមេរិក​របស់​រដ្ឋាភិបាល​ «​បាន​ទាញ​សហរដ្ឋអាមេរិក​ចូល​ទៅ​ក្នុង​ដំណើរការ​នេះ​នៅ​ក្នុង​ផ្លូវ​មួយ​ដែល​យើង​មាន​ការ​ភ្ញាក់ផ្អើល និង​មិន​ចង់​បាន​»​។

ទ្រឹស្តី​ឃុបឃិត​ទាំង​នោះ​បាន​បន្ត​មាន​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​សារព័ត៌មាន Fresh News និង​កាសែត Khmer Times បាន​ចុះ​ផ្សាយ​លិខិត​អនាមិក​ជូន​ចំពោះ​ការីនិពន្ធ​ដោយ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក ចន ម៉ាកខេន (John McCain) និង លោក ថិត គ្រូស​ (Ted Cruz) ​ថា​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។

លិខិត​របស់​ជនអនាមិក​ចៅចាក់ស្មុគ​បាន​លើក​ឡើង​ថា​៖ «​អ្នក​បាន​និង​កំពុង​ផ្តល់​ការ​គាំទ្រ​សម្ងាត់​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ទៅ​គណបក្ស​ប្រឆាំង និង​បាន​ប្រើប្រាស់​ពួកគេ​ជា​អាយ៉ង​របស់​ខ្លួន ដើម្បី​អនុវត្ត​ផែនការ​ផ្លាស់ប្តូរ​មេដឹកនាំ​តាមរយៈ​បដិវត្តន៍​ជា​ជាង​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ​»​។

ចៅចាក់ស្មុគ គឺជា​អ្នក​រួម​ចំណែក​ញឹកញាប់​ទៅ​សារព័ត៌មាន Fresh News ដែល​ជា​សារព័ត៌មាន​ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ជា​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បើ​ទោះបី​ជា​ខ្លួន​អះអាង​ថា​ឯករាជ្យ​ក៏ដោយ​។

ចៅចាក់ស្មុគ កាលពី​ពេល​មុន​បាន​ចោទប្រកាន់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ​ថា​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​ពី​មុន​ពេល​ការ​បណ្តេញ​អង្គការ​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា​។

លិខិត​នេះ​បាន​បន្ត​ថា​៖ «​ក្តី​ស្រឡាញ់​ដែល​អ្នក​កំពុង​បង្ហាញ​យើង​គឺ​សាហាវ​។ អ្នក​ប្រើប្រាស់​ពាក្យ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​លេស​ដើម្បី​លាក់បាំង​ភាព​ព្រៃផ្សៃ​របស់​អ្នក​ និង​អនុវត្ត​វា ដើម្បី​អត្ថប្រយោជន៍​ជាតិ​របស់​អ្នក​»​។

ប៉ុន្តែ​លោក Murphy បាន​កត់​សម្គាល់​ថា​អាមេរិក​បាន​រួម​ចំណែក​ជាង​មួយ​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ដល់​កម្ពុជា​ក្នុង​រយៈកាល​ឆ្នាំ​កន្លង​មក​។

លោក​បាន​ថ្លែង​ថា​៖ «​អត្ថប្រយោជន៍​របស់​យើង​គឺ​តម្លាភាព​ណាស់ និង​វិជ្ជមាន​ណាស់​។ យើង​សង្ឃឹម​ថា​នឹង​មាន​ភាព​ល្អ​បំផុត​សម្រាប់​កម្ពុជា​»​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​មាន​សញ្ញា​ «​ជាច្រើន​ណាស់​» ​ដែល​ភ្ជាប់​អាមេរិក​ទៅ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​កម្ពុជា​យើង​ធ្វើ​អ្វី​ក៏ដោយ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​យើង​»​។

នៅ​ពេល​សួរ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​អាមេរិក​លោក ស៊ីផាន បាន​ថ្លែង​ថា​សេចក្តី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ដោយ​តុលាការ​កំពូល​មិនមែន​រដ្ឋាភិបាល​ទេ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​មិន​អាច​ធ្វើ​ការងារ​ប្រឆាំង​នឹង​តុលាការ​របស់​យើង​បាន​ទេ​»​។ បើ​ទោះបី​ជា​អះអាង​ថា​លោក​ជឿ​ថា​មន្ត្រី​អាមេរិក​មួយ​ចំនួន​ពាក់ព័ន្ធ​នៅ​ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ចោទប្រកាន់​លោក ស៊ីផាន បាន​ថ្លែង​ថា​យើង​មិន​ចង់​ចាត់ទុក​អាមេរិក​ជា​ «​សត្រូវ​» ​នោះ​ទេ​។

ត្រឡប់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​សាក្សី​រួម​មាន​ដូចជា​កូនស្រី​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បាន​ដាក់​ភ័ស្តុតាង​អំពី​ការ​បន្ត​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​។

កញ្ញា កឹម មនោវិទ្យា​បាន​សរសើរ​ការ​ឆ្លើយតប​របស់​អាមេរិករ​ហូត​មក​ដល់​ពេល​នេះ និង​បាន​ជំរុញ​ឲ្យ​មាន​វិធានការ​បន្ថែម​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើឲ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កញ្ញា​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ព្យួរ​ «​ជំនួយ​ណា​មួយ​ ឬ​ជំនួយ​ទាំងអស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​ជំនួយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​» ខណៈ​ «​កំពុង​បន្ត​កម្មវិធី​ជំនួយ​ប្រជាធិបតេយ្យ​សម្រាប់​សង្គម​ស៊ីវិល ជាពិសេស​កម្មវិធី​ជំនួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​បោះឆ្នោត​»​។

កញ្ញា មនោវិទ្យា បាន​សុំ​ឲ្យ​អាមេរិក​ពិនិត្យ​ឡើង​វិញ​ចំពោះ​ «​កម្មវិធី​អនុគ្រោះ​ពន្ធ​ចំពោះ​កម្ពុជា​»៕ PS


Contact author: Andrew Nachemson

What Next?

Recent Articles

One Response to "អាមេរិក​ព្រមាន​ថា វិធានការ​បន្ថែម​អាច​នឹង​កើត​មាន​ចំពោះ​កម្ពុជា ​នា​ពេល​ខាង​មុខ"

  1. people says:

    Cambodia need help from U S or international because her people been hurt so long since 1975 and still hurt because the leader is former veitcong mafia dictator and his groups are the same killers who killed khmer people 3 million .This government is run by the killers and they just change the name but same killer with their master are the same and the master killers are communist china and communist veitname who killed khmer people 3 million and used their dogs to killed now new dogs and the same boss.Cambodian people cry out for international to stay here for 50-100 years to secure this country and her people .GOD bless all cambodian people’