លោក ហ៊ុន សែន ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​​លោក​និង​មន្ត្រី​រដ្ឋាភិបាល

ដោយ មួង ណារ៉េត
2017-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ Screenshot
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ Screenshot


លោក ហ៊ុន សែន​ ចំអក​ឱ្យ​បរទេស​ រឿង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​គ្មាន​ប្រាក់​លាក់​ទុក​នៅ​បរទេស​នោះ​ទេ ដូច្នេះ​បើ​បរទេស​ណា​ចង់​បង្កក​ប្រាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​រដ្ឋាភិបាល លោក​លើក​ទឹក​ចិត្ត​បន្ថែម​ឱ្យ​ធ្វើ​រឿង​នេះ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នៅ​ឯ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ឌឺដង​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ឱ្យ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ឱ្យ​បាន​ឆាប់រហ័ស ដោយ​លោក​អះអាង​ថា លោក​និង​មន្ត្រី​របស់​លោក​ភាគ​ច្រើន​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​អះអាង​ថា ទ្រព្យសម្បត្តិ​របស់​លោក​អាច​មើល​ឃើញ​​នៅ​តាម​វត្ត​អារាម សាលារៀន មណ្ឌល​កុមារ​កំព្រា បណ្ណាល័យ ស្រះ​ទឹក អណ្ដូង​ទឹក ស្ពាន និង​ផ្លូវ​ថ្នល់​ជាដើម។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «អ្នក​ខ្លះ​សង្ឃឹម​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​កម្ពុជា នៅ​ក្រៅ​ប្រទេស សូម​អញ្ជើញ​ធ្វើ​ទៅ! ខ្ញុំ​រុញ​ឱ្យ​អ្នក​ឯង​ធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ថា មេដឹកនាំ​កម្ពុជា ណា​ខ្លះ​មាន​លុយ​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​រុញ​ឱ្យ​អ្នក​ឯង​រឹប រឹប​ទៅ! វា​មិន​បាន​ប៉ះ​ក្បាល ហ៊ុន សែន ទេ កុំ​ឆ្ងល់ ហើយ​គូស​ទៅ មនុស្ស​ណា​ខ្លះ​ដែល​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​របស់​អ្នក បាន​តើ! នៅ​ពេល​ដែល​គេ​មិន​ហាម​ឃាត់ សួរ​ថា មន្ត្រី​ទាំង​អស់​នេះ​ត្រូវការ​ទៅ​នៅ​ស្រុក​គេ ឬ​យ៉ាង​ណា?»

​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​សភា​អឺរ៉ុប ​ដែល​ទើប​នឹង​បាន​សម្រេច​អនុម័ត​វិធានការ​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​របស់​លោក ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

​តាមរយៈ​សេចក្ដី​សម្រេច​មួយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ សភា​អឺរ៉ុប​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ នឹង​អាច​បន្ត​ទៅ​ទៀត​បានតែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ​ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​អស់​ផង​ដែរ។ នៅ​មុន​ចេញ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​នេះ សហភាព​អឺរ៉ុប ក៏​ទើបតែ​បាន​ផ្អាក​ជំនួយ​ទាំង​អស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ផង​ដែរ។

​ចំណែក​សហរដ្ឋអាមេរិក ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​មក​កម្ពុជា ដែរ​នោះ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត​ដែរ។ ជំហាន​បន្ទាប់​របស់​សហរដ្ឋអាមេរិក គឺ​ការ​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក ក៏​កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

​បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជា​សាធារណៈ​ថា លោក និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​លាក់​នៅ​បរទេស​ក៏ដោយ តែ​កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល “ហ៊ុន” កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

​ក្នុង​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណងជើង​ថា “ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា” គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល “ហ៊ុន” បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

​ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល “ហ៊ុន” ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

​ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​លោក គឺ​លោក អង្គ វង្សវឌ្ឍានា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក៏​មាន​ពាក់ព័ន្ធ​នឹង​ជំនួញ​រកស៊ី​នៅ​ក្រៅ​ប្រទេស​ដែរ។ តាមរយៈ​ឯកសារ​ប៉ាណាម៉ា (Panama Paper) ដែល​បាន​លេច​ធ្លាយ​កាល​ពី​ឆ្នាំ​២០១៦ លោក អង្គ វង្សវឌ្ឍានា មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) មាន​មូលដ្ឋាន​នៅ ប្រ៊ីដធីស វឺជិន អាយឡេន (British Virgin Islands) ដែល​លោក អង្គ វង្សវឌ្ឍានា ព្យាយាម​លាក់បាំង។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​លោក ហ៊ុន សែន ជា​លក្ខណៈ​បុគ្គល​ក៏​ពិត​មែន ប៉ុន្តែ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​មាន​ភាគហ៊ុន​ជំនួញ​ជា​ច្រើន នឹង​ប៉ះពាល់​យ៉ាង​ដំណំ។ មិន​តែ​ប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ។ ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​​លោក​និង​មន្ត្រី​រដ្ឋាភិបាល"

  1. Khmer says:

    This blood sucker’s families do not care about international sanctions. They are millinairs. The victims are Cambodian people.

  2. sokhon says:

    សនឹងខ្មៅបានដឹងហើយ

  3. ?? says:

    Cambodian should think about who making the whole world shaking . is it from Mr HUN SEN the uneducated man in Cambodian history??????? wait until that sanction come then you can see who will kill who among HUN SEN leadership. my massage to HUN SEN you have been walking naked for long time every one saw your PONGKDOR that is true didn’t you know yourself MR. if you did not know yourself that mean you are not human being. GOD bless Cambodia

  4. PHKA says:

    ពួកអាមីុ អាមាតុ ស្រែកសប្បាយពេលទូក” អធិរាជ”ខ្លួនជិតលិចក្នុងទឹក “ហ៊ុនអើយៗៗៗៗ សែនសប្បាយៗៗៗៗ។