សមាជិក​ក្រុមប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ថា​នឹង​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ឲ្យ​ទាន់​ពេល

ដោយ សន ចាន់រដ្ឋា
2017-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ (Photo: RFA)
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ (Photo: RFA)


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាត់បង់​តំណែង នៅ​ខេត្ត​បាត់ដំបង អះអាង​ថា នឹង​ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​ទៅ​តាម​ការ​កំណត់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជូន​ដំណឹង​មិន​ឱ្យ​ខកខាន​ពេល​វេលា​ទេ។

ការ​អះអាង​នេះ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​លិខិត​ជូន​ដំណឹង​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់​ដែល​បាត់បង់​តំណែង​តាំង​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​រដ្ឋសភា និង​ព្រឹទ្ធសភា ត្រូវ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ក្នុង​រយៈពេល​មួយ​ខែ​ជា​កំហិត បើ​មិន​ដូច្នេះ ពួកគេ​នឹង​ត្រូវ​ជាប់​គុក​រយៈពេល​មួយ​ខែ។

​មន្ត្រី​គណបក្សប្រឆាំង​ខេត្ត​បាត់ដំបង មួយ​ចំនួន​លើក​ឡើង​ថា នីតិវិធី​ឱ្យ​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​ពេល​នេះ ហាក់ជា​រូបភាព​នៃ​ការ​គំរាមកំហែង​មួយ។ បន្ថែម​ពី​នេះ បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ លោក ឌឹម សារឿន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​មុន​ពេល​កំណត់​នេះ គឺ​ជា​ការ​ធ្វើ​ឡើង​ស្រេច​តែ​នឹង​ចិត្ត។ លោក​មាន​ការ​សោកស្ដាយ ប៉ុន្តែ​លោក​នឹង​ចូល​ទៅ​ប្រកាស​ឱ្យ​ទាន់​ពេល​វេលា​ដោយ​មិន​ចង់​ឱ្យ​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណា​មួយ​មក​លើ​ខ្លួន​ឡើយ៖ «អ៊ីចឹង​ភាព​ខុស​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ក្រុមប្រឹក្សា​ខេត្ត រាជធានី ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខុស​គ្នា​ដោយ​អំពើ​អយុត្តិធម៌​មួយ​ចំនួន​មែន​ទែន។ គណបក្ស​ប្រជាជន​កម្ពុជា របស់​គេ ទោះ​បី​ជា​គេ​ផ្លាស់ប្ដូរ​យ៉ាង​ម៉េច​ក៏ដោយ គឺ​ទាល់តែ​ដល់​អាណត្តិ​គេ​កំណត់​ពីរ​ឆ្នាំ»

​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​ដែល​ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត​ក្រោយ​ការ​ចាក​ចេញ​ពី​មុខ​តំណែង។

​ជាង​នេះ​ទៀត កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​បញ្ចប់​ពី​មុខ​តំណែង​ទាំង​នោះ​មិន​បាន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​តាម​កាលកំណត់​ទេ ពួកគេ​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ទៀត​ផង។

​ចំណែក​ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​មិន​ទាន់​ទទួល​បាន​ទម្រង់​បែបបទ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ឡើយ​ទេ ប៉ុន្តែ​កញ្ញា​ថា នឹង​ទៅ​ប្រកាស​ប្រសិនបើ​ទទួល​ទម្រង់​បែបបទ​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់។ កញ្ញា​ថា គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ហើយក៏​មិន​ចង់​ប្រៀបធៀប​នីតិវិធី​ប្រកាស​ទ្រព្យសម្បត្តិ​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​គណបក្ស​កាន់​អំណាច​នោះ​ឡើយ គឺ​ទុក​ឱ្យ​ពលរដ្ឋ​វិនិច្ឆ័យ​ទៅ​ចុះ៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ ដែល​ជា​អតីត ដែល​ជា​ចៅ​សង្កាត់ យើង​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់។ យើង​មិន​ខ្លាច​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ទេ»

​កន្លង​មក សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​អំពី​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង មិន​បាន​បើក​ចំហ​ឱ្យ​សាធារណជន​បាន​ដឹង និង​ធ្វើឡើង​មិន​បាន​ស្មើ​ភាព​គ្នា​ឡើយ។

​ជាក់ស្ដែង​មន្ត្រី​រាជរដ្ឋាភិបាល សែស្រឡាយ​មេដឹកនាំ​ធំៗ មាន​ទ្រព្យ​សម្បត្តិ​ហូរហែ និង​មាន​អ្នក​ខ្លះ​ផ្ញើ​លុយ​នៅ​ធនាគារ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន ក្រោយ​ពេល​ពួកគេ​ចូលកាន់​តំណែង ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំង​នោះ​គ្មាន​នរណា​ដឹង​ថា បាន​ដោយ​របៀប​ណា និង​មាន​ចំនួន​ប៉ុណ្ណា​ពិតប្រាកដ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​មុខងារ​សាធារណៈ​ដោយ​អាណត្តិ ការ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ពេល​ចូល​កាន់​តំណែង និង​បញ្ចប់​ពី​មុខ​តំណែង​របស់​ខ្លួន​គឺ​ជា​រឿង​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​នីតិវិធី​នេះ ធ្វើ​ឡើង​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ដូច​ការ​លើក​ឡើង​របស់​សាធារណជន​មួយ​ចំនួន​ប្រាកដ​មែន៖ «អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង ហើយ​ដើម្បី​ធ្វើការ​រិះគន់ ស្ថាបនា​នេះ ឱ្យ​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​យើង​នេះ មាន​ស្តង់ដារ​តែមួយ»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ទៀត​ថា ដោយសារ​គោលការណ៍​ច្បាប់​ចែង​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ត្រូវ​ធ្វើ​ឡើង​ជា​សម្ងាត់ ដូច្នេះ​មិន​អាច​ប្រកាស​ជា​ចំហ​បាន​ទេ ប៉ុន្តែ​បើ​ច្បាប់​ចែង​ឱ្យ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ធ្វើ​ឡើង​ជា​សាធារណៈ គឺ​រឹត​តែ​ប្រសើរ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សមាជិក​ក្រុមប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ថា​នឹង​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ឲ្យ​ទាន់​ពេល"

  1. people says:

    Ah joy mray orm yin tearn’ what about 700 million of the sand?? why don’t you investigate?? what about hun-sen gave thy sovanntha 1 million?? what kind of this ACU ?? Ah joy mray orm ying teang never investigate cpp corrupted but point to opposition all the time.