ក្រសួងកំពុងពិនិត្យត្រៀមបិទអង្គភាពព័ត៌មានជិត​៣០០ស្ថាប័ន​

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧​ | ម៉ោង 10:00 PM
http://vodhotnews.com

សង្គម

អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ


មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​បានឲ្យដឹងថា មន្ត្រីជំនាញកំពុងតែពិនិត្យលើឈ្មោះអង្គភាពព័ត៌មាន​ជិត​៣០០ស្ថាប័ន​ ដើម្បីស្នើទៅរដ្ឋមន្ត្រីលុបឈ្មោះស្ថាប័នទាំងនោះដោយសារសុំអាជ្ញាប័ណ្ណហើយមិនបានធ្វើសកម្មភាព ឬមិនបានសុំបន្តអាជ្ញាប័ណ្ណពេលផុតកំណត់។​

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សន្តិភាព និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា» ថ្ងៃទី១៥ ធ្នូនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថា​ លោកបានបញ្ជូនឈ្មោះកាសែត និងទស្សនាវដ្តីចំនួន២៧៥អង្គភាព ទៅរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រេចលុបចេញពីបញ្ជី៖ «ធាតុពិតឈ្មោះអ្នកដែលត្រូវលុប គឺមានអស់ហើយ ដោយសារគាត់មិនដែលចេញផ្សាយ អាជ្ញារប័ណ្ណរបស់គាត់រយៈពីរឆ្នាំហើយ គាត់មិនដែលមកបន្ត..»។

លោកបន្ថែមថា លោកក៏ពិចារណាចំពោះសារព័ត៌ដែលកំពុងធ្វើការផ្សព្វផ្សាយតែមិនបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដោយថា កំពុងធ្វើសកម្មភាពខុស។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យមិនចាំបាច់​បិទប្រព័ន្ធផ្សព្វផ្សាយទេ គឺថាបើស្ថាប័នទាំងនោះ​មិនបម្រើផលប្រយោជន៍សាធារណៈនោះនឹងលែងមានការគាំទ្រពីមហាជន៖ «យើងតែងតែទុកឲ្យសាធារណជនជាអ្នកសម្រេចចិត្ត ថាតើគេគាំទ្រអង្គភាពសារព័ត៌មានណាមួយ? តើអង្គភាពសារព័ត៌មានណាមួយដែលអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ? អញ្ចឹងចង់មិនចង់ ទោះបីក្រសួងបិទឬមិនបិទ អង្គភាពសារព័ត៌មានដែលមិនបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបានផលិតព័ត៌មានដែលមានគុណភាពជូនសាធារណជនទេនោះ នឹងត្រូវបិទដោយខ្លួនឯង»។

ប៉ុន្តែលោក មឿន ឈានណារិទ្ធិ បញ្ជាក់ថា បើស្ថាប័នណាដែលយកឈ្មោះជាអ្នកសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ខុសច្បាប់ និងខុសវិជ្ជាជីវៈព័ត៌មាន​នោះ ក្រសួងត្រូវតែចាត់វិធានការផ្លូវច្បាប់។​ ​

របាយការណ៍ក្រសួងព័ត៌មានឲ្យដឹងថា ស្ថាប័នសារព័ត៌មានចំនួន៥៣០អង្គភាពបានចុះបញ្ជី ក្នុងនោះកាសែតនិងទស្សនាវដ្តីបរទេសមានចំនួនជាង៤០៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

What Next?

Recent Articles