មេធាវីការពារក្ដី លោក កឹម សុខា ថាចៅក្រមសួរកូនក្តីលោក ​​ប៉ះពាល់ជីវិតឯកជនក្រៅសំណុំរឿង

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)


មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ចៅក្រមបានសួរលោក កឹម សុខា ជាង៥០ សំណួរ ដែលភាគច្រើនជាសំណួរដាក់បន្ទុក និងប៉ះពាល់ដល់ជីវិតឯកជនរបស់លោក កឹម សុខា មិនពាក់ព័ន្ធ​រឿងក្តី​។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្សិលមិញនេះ រាល់សំណួរដែលចៅក្រមសួរកូនក្ដីរបស់លោក ភាគច្រើនជាសំណួរដាក់បន្ទុក និងប៉ះពាល់ដល់ជីវិតឯកជន​របស់ក្រុមគ្រួសារ​​កូនក្ដីលោក។ លោកយល់ថា សំណួរដែលចៅក្រមសួរប៉ះពាល់ដល់ជីវិតឯកជនរបស់ក្រុមគ្រួសារកូនក្ដីថា មិនសមរម្យឡើយ។

លោកថា «ចំណុចនេះ ខ្ញុំមិនដឹងថា ចៅក្រមស៊ើបសួរគាត់យល់យ៉ាងណាទេ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ឃើញថា ការសាកសួរហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជីវិតឯកជនរបស់បុគ្គលម្នាក់ៗ មិនគួរគម្បីសួរទេ ព្រោះវាអត់មានពាក់ព័ន្ធនឹងរឿងហេតុ​។ ពាក់ព័ន្ធនឹងរឿងជីវិតឯកជន នឹងរឿងកូនស្រីគាត់ គឺកូនស្រីពៅគាត់ ដែលមានសំណួរសួរថា ​តើរៀបការពេលណា​? តាមពិតវាមិនពាក់ព័ន្ធអីសោះតែម្ដង»។

នៅ​ថ្ងៃ​ទី​២១និង​ទី​២២ ខែ​ធ្នូ ខាង​មុខ​នេះ ចៅក្រមស៊ើបសួរ​នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក កឹម សុខា បន្ត​ទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បួងឃ្មុំ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព សុំមិនធ្វើការអត្ថាប្បាយចំពោះរឿងនេះ ដោយលោកថា វាជារឿងបចេ្ចកទេសរបស់តុលាការ ដោយលោកឲ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោកថា «​ខ្ញុំអត់ធ្វើការវិភាគសម្ដីរបស់មេធាវីទេ ខ្ញុំមិនអាចបញ្ចេញខមិនអីទៅលើហ្នឹងទេ ​សូមឲ្យសួរទៅខាងផ្ទៀងផ្ទាត់ថា ការដែលគាត់មានប្រសាសន៍ជាមួយនឹងអ្វីដែលខាងតុលាការធ្វើហ្នឹងយ៉ាងម៉េច។ សូមឲ្យផ្ទៀងផ្ទាត់ទៅខាងតុលាការអ្នកនាំពាក្យតុលាការ​»។

ទាក់ទងរឿងនេះ វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី និង​ អ៊ី រិន្ទ​ បានទេ ដោយទូរសព្ទចូល គ្មានអ្នកទទួល។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបនៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

ក្រោយចាប់ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិបានថ្កោកទោសរដ្ឋាភិបាលកម្ពុជា។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកផ្អាកផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ចំណែកសហភាពអឺរ៉ុបក៏បានសម្រេចផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប ក្រៅពីនេះ សហភាពអឺរ៉ុបក៏បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា និង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​កម្ពុជា សម្រាប់​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ផងដែរ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles