រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប

ដោយ យន់ សាមៀន
2017-12-16
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។ Photo: RFA
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។ Photo: RFA


រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា បដិសេធ​មិន​ទទួល​យក​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុម័ត​ដោយ​​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិតេយ្យ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។

សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​ចិត្ត​ក៏​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ (visa) ចេញ​ចូល​សហភាព​អឺរ៉ុប ចំពោះ​ថ្នាក់ដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​គូកន ហើយ​វិធានការ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នោះ​ដែល​បាន​យក​លុយ​កាក់​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ខ្លួន​មក​លាក់​ទុក​នៅ​ទ្វីប​អឺរ៉ុប។

ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​សភា​អឺរ៉ុប រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ចការ​បោះឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​គុណភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា បន្ត​ថា ប្រសិនបើ​សភា​អឺរ៉ុប ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំ​ចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិតគូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-​កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់។

ចំណែក​ព្រឹទ្ធសភា​កម្ពុជា វិញ​ចោទ​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា មិន​ព្រម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នោះ កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ សភា​និង​ព្រឹទ្ធសភា​កម្ពុជា ក៏​មិន​បាន​ប្ដេជ្ញា​ស្តារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​ទៅ​ធម្មតា​វិញ​នោះ​ដែរ។

ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ធ្វើ​ព្រងើយ​ចំពោះ​សំណើ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អឺរ៉ុប និង​អាមេរិក ចង់​បាន។ លោក ហ៊ុន សែន បែរ​ជា​ទៅ​ដឹកនាំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប"

  1. Sam says:

    CNRP did not accept the decision of Cambodia supreme court and election laws passed by CPP lawmakers.
    Now CPP lawyers did not accept EU lawmakers’ decision. Who is right here?

  2. xxx says:

    ក្មេងរឹងនិយាយលួងលោមល្អៗមិនស្ដាប់ទេ ទាល់តែប្រើរំពាត់ទើបខ្លាចព្រមនៅស្ងៀម