សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ខ្លះ​បាក់​ទឹក​ចិត្ត​លែង​ខ្វាយខ្វល់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ ម៉ៅ សុធានី
2017-12-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


សង្គម​ស៊ីវិល​ធ្វើការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា អះអាង​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មក​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ មាន​ចំនួន​តិចតួច​បំផុត។ សង្គម​ស៊ីវិល​បារម្ភ​ថា ពលរដ្ឋ​ខ្លះ​បាក់​ទឹកចិត្ត​លែង​ខ្វាយខ្វល់​នឹង​ការ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ដែល​ច្រើន​បំផុត​មាន​តែ ៤ ទៅ ៥​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ឃុំ​សង្កាត់​ខ្លះ​ទៀត​មាន​ពលរដ្ឋ​តែ​ម្នាក់ ឬ ២​នាក់ ឬ​កន្លែង​ខ្លះ​ស្ទើរ​តែ​គ្មាន​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​តែម្ដង៖ «»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​ថា គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​សម្រាប់​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋ​សភា អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨។ គ.ជ.ប បាន​ទុក​ពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៤ ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ ដែល​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក៏​អាច​មើល​ឈ្មោះ​នៅ​តាម​គេហទំព័រ​ឈ្មោះ Voterlist.org.kh បាន​ដែរ ជំនួស​ឲ្យ​ការ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់។ ប្រធាន​អង្គការ​និចហ្វិក លោក សម គន្ធាមី យល់​ថា ការ​បង្កើត​ឲ្យ​ពលរដ្ឋ​អាច​មើល​បាន​តាម​គេហទំព័រ​នេះ ក៏​អាច​ជា​មធ្យោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​តាម​ឃុំ​សង្កាត់ ថយ​ចុះ​ដែរ។ លោក សម គន្ធាមី បន្ត​ថា ក្រៅ​ពី​អ្នក​បាក់​ទឹកចិត្ត​លែង​ខ្វាយខ្វល់​នឹង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពលរដ្ឋ​ខ្លះ​ទៀត មិន​បាន​ដឹង​ទាល់តែសោះ​អំពី​ព័ត៌មាន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា គ.ជ.ប បាន​បង្ហាញ​របាយការណ៍​បឋម​មួយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មាន​ជាង ៥​សែន ២​ម៉ឺន ៤​ពាន់​នាក់ គិត​ជា​ភាគរយ​បាន​ជាង ៣២% ដែល គ.ជ.ប ព្យាករ​កន្លង​មក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ប្រមាណ ១,៦​លាន​នាក់។ កត្តា​ដែល​ពលរដ្ឋ​ជាង ៦៨% ស្មើ​នឹង​ជាង ១​លាន​នាក់ បាត់បង់​សិទ្ធិ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​សន្និដ្ឋាន​ថា ដោយសារ​ភាគ​ច្រើន​គឺ​ពលករ​ចំណាក​ស្រុក​មិន​បាន​វិល​មក​ចុះ​ឈ្មោះ​នៅ​ស្រប​ពេល​នយោបាយ​កម្ពុជា កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ។

អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ប្រាប់​អាស៊ីសេរី ថា គ.ជ.ប មិន​មាន​ទិន្នន័យ​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ភាគរយ​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ធ្នូ មក​នោះ​ទេ ប៉ុន្តែ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ៣​ថ្ងៃ​មក​នេះ គឺ​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ដោយសារ គ.ជ.ប មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​គណបក្ស​នយោបាយ​នោះ​ទេ។ លោក សោម សូរីដា អះអាង​ថា កង្វល់​របស់​ពលរដ្ឋ ឬ​សង្គម​ស៊ីវិល ដែល​យល់​ថា ពលរដ្ឋ​មាន​ចំនួន​តិចតួច​បំផុត​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត មិន​មែន​ជា​កិច្ចការ​របស់ គ..ជប នោះ​ទេ។ លោក​ថា គ.ជ.ប ការ​ចូលរួម ឬ​មិន​ចូល​រួម​របស់​ពលរដ្ឋ​​គឺ​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឯ គ.ជ.ប គឺ​ជា​ស្ថាប័ន​ឯករាជ្យ ធ្វើ​កិច្ចការ​ដែល​ច្បាប់​បាន​ចែង​តែប៉ុណ្ណោះ៖ «»។

​តែ​យ៉ាង​ណា អគ្គលេខាធិការ​រង គ.ជ.ប រូប​នេះ អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ។

អ្នក​លក់ដូរ​នៅ​ក្រុង​ភ្នំពេញ ម្នាក់ កញ្ញា ខាត់ ឆវី ឲ្យ​ដឹង​ថា កញ្ញា​មិន​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ដោយ​រង់ចាំ​ថ្ងៃ​បោះឆ្នោត​ទើប​សម្រេច​ចិត្ត​ទៅ​ស្រុក​កំណើត​ដើម្បី​បោះ​ឆ្នោត។ ប៉ុន្តែ​កញ្ញា​អះអាង​ថា កញ្ញា​នៅ​តែ​រង់ចាំ​អ៊ុត​មើល​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រសិនបើ​ដល់​ថ្ងៃ​បោះឆ្នោត គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​នោះ​ទេ កញ្ញា​នឹង​មិន​ទៅ​បោះឆ្នោត​ដាច់​ខាត៖ «»។

​សង្គម​ស៊ីវិល​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​បារម្ភ​ថា ប្រសិនបើ​ហួស​ថ្ងៃ​កំណត់​របស់ គ.ជ.ប បិទ​ផ្សាយ​បញ្ជី​ឈ្មោះ និង​អនុញ្ញាត​ឲ្យ​ប្ដឹង​ពលរដ្ឋ​ដែល​ខុស​ឈ្មោះ ខុស​ទិន្នន័យ និង​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​នឹង​គ្មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles